គូសសញ្ញា​ជើង​ក្អែកលើចិញ្ចើមក្មេង​ក្នុងជំនឿខ្មែររបស់អ្ន​កខេត្តសៀមរាប

ថ្ងៃព្រហស្បតិ៍ ទី ២៨ មេសា ២០១៦​
229

ការប្រារព្ធពិធីតាមជំនឿសាសនានៅពេលមានមនុស្សស្លាប់នៅតាមបណ្តាខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាតែងតែមានជាទូទៅ ប៉ុន្តែជំនឿក្នុងការយកធ្យូងមកគូសសញ្ញាជើងក្អែកនៅ លើចិញ្ចើមក្មេងនៅក្នុងភូមិ ពេលឃើញគេហែសពនិងបានឮដំណឹងថាមានអ្នកស្លាប់ ត្រូវបានប្រទះឃើញនៅក្នុងខេត្តសៀមរាបជាច្រើនកន្លែង តែទំនៀមនេះមានការថមថយបន្ដិចជាងសម័យមុន។

ព្រះតេជគុណ ម៉ក់ ប៉ឹង ចៅអធិការវត្តទីមុនីរង្សី ហៅវត្តព្រះអង្គទ្រង់និងជាអនុគណស្រុកពួក មានសង្ឃដីកាថា ការគូសសញ្ញាជើងក្អែកគឺមានទាំងលើផ្លូវនិងលើចិញ្ចើមក្មេងៗ វាជាជំនឿនិងទំនៀមដែលមានតាំងពីដូនតាខ្មែរយូរយារណាស់មកហើយ មិនដឹងស្ថិតក្នុងសម័យកាលណាទេ ហើយជំនឿនេះក៏មិនស្ថិតនៅក្នុងព្រះពុទ្ធសាសនាដែរ។

ព្រះអង្គមានសង្ឃដីកាបន្តទៀតថា មានហេតុផលពីរយ៉ាងសំខាន់នៅក្នុងជំនឿនេះ ទី១គឺ តាំងពីដើមមក ឱ្យតែមានអ្នកណាស្លាប់ ចាស់ៗតែងហាមក្មេងៗមិនឱ្យទៅជិតអើតមើលសពនោះទេ ថែមទាំងគូសជើងក្អែកលើចិញ្ចើមក្មេងៗទាំងនោះដើម្បីឱ្យខ្មោចខ្ពើមរអើម មិនឱ្យមកលងបន្លាចដែលនាំឱ្យក្មេងដេកយំយប់ ផ្អើល ឈឺ ឬស្លាប់ដោយសារតែភ័យលោះព្រលឹង។ ទី២ទាក់ទងនឹងការសង្គ្រោះរូបភូតទាំងបួន ពេលស្លាប់ទៅភូតនោះឯងតែងរឭកនឹកដល់ប្តីប្រពន្ធកូនសាច់ញាតិ អ្នកស្លាប់គិតថាបើអញស្លាប់ទៅ ប្រពន្ធកូនប្ដីសាច់ញាតិនឹងភ្លេចអញហើយ ដូច្នេះគេចង់វិលវិញ ទើបអ្នកនៅរស់តែងធ្វើបុណ្យឧទ្ទិសកុសលឱ្យព្រលឹងអ្នកស្លាប់បានស្ងប់ចិត្ត មិនវិលវល់មករកពួកខ្លួនទៀត។

ហេតុនេះក្រោយពីហែសពរួច អាចារ្យគូសជើងក្អែកលើផ្លូវជាការឧបកិច្ចចំពោះអ្នកស្លាប់ ដើម្បីឱ្យព្រលឹងសពវង្វេងរកផ្លូវមកផ្ទះមិនឃើញ កុំឱ្យនៅវិលវល់និងនឹករឭកដល់កូនចៅប្រពន្ធប្តីទៀត។ ការគូសខ្វែងលើផ្លូវនេះមិនសូវឃើញមានទេបច្ចុប្បន្ន។

លោក ម៉ៅ តេង ប្រជាពលរដ្ឋនៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានរៀបរាប់ថា និយាយរួមឱ្យតែមានមនុស្សស្លាប់ ក្មេងៗគេត្រូវខ្វែងជើងក្អែក ដើម្បីកុំឱ្យលោះព្រលឹង ខ្លាចខ្មោចដូនភូតនោះមកបន្លាច។ កាលពីអ៊ំនៅតូចឱ្យតែមានអ្នកណាស្លាប់ ម៉ែតែងតែគូសខ្វែងលើចិញ្ចើមឱ្យ ដល់មានកូនខ្លួនឯង ឱ្យតែមានអ្នកស្លាប់ក៏តែងគូសដូចគ្នា ទំនៀមនេះឃើញមានតាំងពីកើតមកម្ល៉េះ តែមិនដឹងថាមានពីសម័យណាទេ។

ប្រហែលជាជាង១០ឆ្នាំមុន ជំនឿនេះហាក់នៅមានអ្នកគោរពច្រើន គឺឱ្យតែមានអ្នកស្លាប់ សញ្ញាខ្វែងជើងក្អែកលើចិញ្ចើមក្មេងៗមានព្រោងព្រាតស្ទើរតែគ្រប់ភូមិស្រុកនៃអ្នកខេត្តសៀមរាប តែបច្ចុប្បន្នសញ្ញានេះមិនសូវឃើញមានឪពុកម្តាយជំនាន់ថ្មីគូសឱ្យកូនៗទេ ហើយក្មេងៗក៏មិនសូវជឿលើពាក្យហាមប្រាមរបស់ចាស់ៗមិនឱ្យទៅអើតមើលសពដែរ។

បច្ចុប្បន្នជំនឿនេះហាក់កំពុងសាបរលាបបន្តិចម្តងៗ ស្ទើរតែគ្មានក្មេងគូសជើងក្អែកលើចិញ្ចើមពេលឃើញគេហែសពឫឮដំណឹងថាមានអ្នកស្លាប់ ហើយក្មេងៗខ្លះថែមទាំងបានទៅអើតមើលសពទៀតផង លុះពេលត្រឡប់មកវិញក៏មិនឃើញមានបញ្ហាអីដែរ៕

 

photo_2016-01-18_15-34-25 photo_2016-01-18_15-34-27 photo_2016-01-18_15-34-26

ចែករំលែក

បញ្ចេញយោបល់