(ព្រះវិហារ)៖ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ តំណាងខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានដង្ហែអង្គកឋិនប្រជាជនទៅកាន់វត្តមរតកតេជោបុរីស្វរៈ ស្ថិតនៅភូមិតេជោធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយមានការចូលរួមពីតំណាងរាស្រ្តមណ្ឌលព្រះវិហារ លោកអភិបាលខេត្ត មន្រ្តីរាជការ កងកំលាំងសមត្ថកិច្ច និងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ។
អង្គកឋិនទាននេះទទួលបានបច្ច័យពីសប្បុសជនជិតឆ្ងាយ សរុបជិត ៥ម៉ឺនដុល្លារ និងបច្ច័យផ្ទាល់របស់ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ចំនួន ១៥ ម៉ឺនដុល្លារ។ ដោយបច្ច័យដែលសល់ក្រោយពីបញ្ចប់ពិធីបុណ្យនឹងប្រគល់ជូនទៅ អភិបាលខេត្តព្រះវិហារ តម្កល់ទុកសម្រាប់កសាងវត្ត។
ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា បណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ របស់សម្តេចតេជោដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារ និងជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងភូមិតេជោធម្មជាតិនេះផ្ទាល់តែម្តង និងបានពាំនាំអំណោយរបស់សម្តេច ចែកជូន៖ ១-តាជី យាយជី ចំនួនជិត១០០ នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស ០១ដុំ ថវិកា ៣ ម៉ឺនរៀល ២- គ្រូសារក្រីក្រ ចំនួន ៥០០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០kg ថវិកា ៣ម៉ឺនរៀល ៣- សិស្សានុសិស្ស ចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបាន ប៊ិក២ដើម សៀវភៅ២ក្បាល និងថវិកា ១ម៉ឺនរៀល ៤- និងការឧបត្ថមដល់កងកំលាំងសមត្ថកិច្ចផ្សេងៗទៀតផងដែរ។
ថ្លែងក្នុងពិធីនេះដែរ លោកឧកញ៉ា បណ្ឌិត បានមានប្រសាន៍ថា ដោយមានគុណបំណាច់ដ៏ធំធេងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថេរភាពនយោបាយបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបានទាំងស្រុងពីកម្ពុជា៕