(ត្បូងឃ្មូំ)៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះផងដែរ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ជនបរទេសវៀតណាម បានមករស់នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនទើបតែជំនាន់របស់សម្តេច ដែលជាជំនាន់ក្រោយនោះទេ។ អ្នកនយោបាយមួយចំនួន គឺតែងតែធ្វើការចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់ ហើយការដែលមិន ទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយ ដែលធ្វើឲ្យខ្មែរចេះឈ្លោះគ្នា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការបញ្ចប់សង្គ្រាមកសាងសន្តិភាពជារឿងមួយ ការស្ថាបនាផ្លូវថ្នល់តាមទីជនបទ ជារឿងដ៏សំខាន់សម្រាប់ការ ធ្វើដំណើរ និងការរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់ថា នឹងព្យាយាមស្នើសុំជំនួយដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធ បន្ថែមទៀត ដើម្បីបង្កភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។សម្តេចបានក៏អំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាសមិទ្ធផលដែលបានកសាង ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយប្រើប្រាស់បន្តទៀត និងឲ្យប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្នកុំលើសល្បឿនកំណត់ ព្រមទាំងកុំដឹកទំនិញលើសទម្ងន់ជា ការបង្កឲ្យមានការខូចខាតផ្លូវថ្នល់របស់យើង ចូលរួមថែទាំទាំងអស់គ្នា។
សម្តេច ហ៊ុន សែន បានលើកឡើងថា ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីស្រុកក្រូចឆ្មារ ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងលេចចេញជារូបរាងនៅពេលខាងមុខនេះ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមិនដូចប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀននោះទេ។ កម្ពុជាបានអនុញ្ញាតឲ្យបងប្អូនឥស្លាម ស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ចូលសាលារៀនដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋខ្មែរទូទៅ មិនមានភាពរើសអើសនោះ នេះជានយោបាយឈ្នះៗ របស់គណបក្សប្រជាជនកម្ពុជា។
សម្តេច ហ៊ុន សែន ក៏បានឧបត្ថម្ភដល់សាលារៀនបឋមសិក្សា និងអនុវិទ្យាល័យ កំពង់ទ្រា ចំនួន២ខ្នង មានកំពស់៣ជាន់ ស្មើ៤២បន្ទប់ ទីចាត់ការ១ខ្នង មាន៣បន្ទប់ ព្រមទាំងបានតម្លើងពីកំរិតអនុវិទ្យាល័យ ដល់ថ្នាក់វិទ្យាល័យ ស្ថិតនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕