​តើ​ជា​យុគស​ម័យ​ថ្មី​មួយ​នៃ​ភាព​មិន​អត់​ឱន​គ្នា​នៅក្នុង​ប្រទេស​ថៃ ឬ?

ថ្ងៃអង្គារ ទី ១ វិច្ឆិកា ២០១៦​
130

ប៉ុន្មានថ្ងៃក្រោយពីការយាងចូលសុវណ្ណង្គតរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej ឆ្មាំយាមទ្វារព្រះមរមរាជវាំង បានហាមឃាត់មិនឱ្យជនបរទេសចូលក្នុងរាជវាំងទេ ពីព្រោះ ប្រជាជនថៃរាប់ពាន់នាក់បានសម្រុកចូលមកទីក្រុងបាងកក ដើម្បីដុតភ្លើងទាន បន់ស្រន និងឧទ្ទិសការគោរពបូជាទៅឱ្យអតីតព្រះមហាក្សត្រ។ តំបន់ទេសចរណ៍ជាច្រើនកន្លែងនៅទីក្រុងបាងកក ត្រូវបានគេប្រើប្រាស់ជាកន្លែងឧទ្ទិសថ្វាយអតីតព្រះមហាក្សត្រសម្រាប់ប្រជាជនថៃ។

ការចូលសុវណ្ណង្គតរបស់ស្តេច Bhumibol បានបន្សល់នូវរលកជាតិនិយមមួយដ៏ខ្លាំងក្លា ដោយក្នុងនោះ ប្រជាជនថៃបានស្លៀកពាក់ខ្មៅ និងស ដើម្បីបង្ហាញពីការកាន់ទុក្ខចំពោះព្រះមហាក្សត្រ។ រដ្ឋាភិបាលក៏បានប្រើប្រាស់ច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីដាក់ទោសចំពោះអ្នកដែលមិនគោរពដល់ព្រះមហាក្សត្រផងដែរ។

ក្រោយពីការយាងចូលសុវណ្ណង្គតរបស់ស្តេច Bhumibol លោក Prayut ភ្លាមៗបានអះអាងថា រាជាណាចក្រថៃនឹងស្ថិតក្នុងស្ថានភាពធម្មតា។ មួយថ្ងៃក្រោយពីការយាងចូលសុវណ្ណង្គតរបស់ព្រះមហាក្សត្រ ទីផ្សារភាគហ៊ុនក្នុងស្រុករបស់ថៃបានបើកឱ្យមានការទិញលក់ បើទោះបីជាមានភាពរអាក់រអួលក៏ដោយ។ ការប៉ាន់ស្មានលើការកាត់បន្ថយសកម្មភាពពាណិជ្ជកម្ម និង សកម្មភាពរបស់រដ្ឋាភិបាល ក្នុងនាមថា ជាការកាន់ទុក្ខរបស់ជាតិនោះ មិនបានបង្ហាញច្បាស់លាស់ទេ។ នាយករដ្ឋមន្រ្តីលោក Prayut ក៏បានលើកឡើងផងដែរថា ផែនការស្តារលទ្ធិប្រជាធិបតេយ្យរបស់គាត់ ដូចការបោះឆ្នោតថ្មី ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០១៧ នោះ នឹងមិនត្រូវបានពន្យាពេល ដោយសារការកាន់ទុក្ខ ឬក៏ការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រថ្មីនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អារម្មណ៍របស់អ្នករាជានិយមបានបង្ហាញថា ការយាងចូលសុវណ្ណង្គតរបស់ស្តេច Bhumibol អាចបង្កើតឱ្យមានសម័យថ្មីមួយនៃភាពមិនអត់ឱនគ្នា។ ការយាងចូលសុវណ្ណង្គតនេះ បានបន្ថែមស្រទាប់ថ្មីមួយផ្សេងទៀត ដែលមិនអាចពិពណ៌នាបាន។ លោក Prayut បានប្រកាសថា ព្រះរាជបុត្រស្នងរាជ្យ Vajiralongkorn បានស្នើសុំពន្យាពេលឡើងគ្រងរាជ្យសម្បត្តិ ដែលកត្តាមានភាពខុសគ្នារវាងព្រះមហាក្សត្រ Bhumibol ដែលត្រូវបានយាងឱ្យឡើងគ្រងរាជ្យប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីព្រះរាមរបស់ទ្រង់ Ananda Mahidhol ត្រូវបានបាញ់សម្លាប់ដោយសម្ងាត់។

យោធាថៃ បានត្រៀមរៀបចំសណ្តាប់ធ្នាប់រួចជាស្រេចមុនពេលការយាងចូលសុវណ្ណង្គតរបស់ស្តេច Bhumibol។ ដំណើរការនេះ អាចជាការទាក់ទាញកម្លាំងជំរុញថ្មីមួយ ខណៈដែលរបបយោធាបានព្យាយាមបំពេញកាតព្វកិច្ច ដើម្បីបង្ហាញពីការគោរពស្រលាញ់ចំពោះអតីតព្រះមហាក្សត្រ។ រដ្ឋប្រហារឆ្នាំ ២០១៤ ក្នុងលេសថា ស្តារសណ្តាប់ធ្នាប់ និងជំរុញការផ្សះផ្សាជាតិ ទំនងជាផែនការសម្ងាត់មួយ ដើម្បីធានាថា គឺជាយោធា មិនមែនជាអ្នកនយោបាយជាប់ឆ្នោតនោះទេ ដែលទទួលខុសត្រូវលើការឡើងគ្រងរាជ្យបន្តនៃព្រះមហាក្សត្រថ្មី។

ប្រជាជនថៃជាច្រើនបានអត់ទ្រាំរស់នៅក្រោមការបំបិទសិទ្ធិ និងសេរីភាពមួយចំនួនពីរបបយោធា ដើម្បីផ្លាស់ប្តូរទៅរកស្ថិរភាព បន្ទាប់ពីមានចលាចលតាមដងផ្លូវជាច្រើនឆ្នាំនៅក្នុងប្រទេសថៃ។ ក៏ប៉ុន្តែ ការប្រើប្រាស់មាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញបណ្ណោះអាសន្នរបស់លោក Prayut គឺជាវិធានការមួយដែលផ្តល់ឱ្យនាយករដ្ឋមន្រ្តីនូវអំណាចដែលមិនអាចប៉ះពាល់បាន។ បញ្ហានេះ បានចាប់ផ្តើមបង្កើតឱ្យមានការមិនពេញចិត្តកាន់តែខ្លាំងក្នុងចំណោមអ្នកប្រឆាំងនឹងរបបយោធា។ ប្រសិនបើមានផ្នត់គំនិតគិតថា របបយោធារបស់គាត់ កំពុងមានឥទ្ធិពលក្នុងរយៈពេលកាន់ទុក្ខ ដើម្បីបង្រួបបង្រួមសង្គមថៃឱ្យកាន់តែប្រសើរឡើងនោះ ផ្នត់គំនិតនោះប្រហែលជាមានរយៈពេល តែក្នុងអំឡុងពេលកាន់ទុក្ខតែប៉ុណ្ណោះ ពីព្រោះប្រជាជនថៃចង់ឱ្យអតីតព្រះមហាក្សត្រយាងទៅដោយស្ងប់សុខ។

លោក Pavida Pananond សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Thammasat បាននិយាយថា វាមានគ្រោះថ្នាក់ ហើយនឹងប៉ះពាល់ដល់កិត្តិសព្ទអន្តរជាតិរបស់ថៃ។ “មើលពីខាងក្រៅ ស្ថានភាពហាក់បីដូចជាថា វាអាចនឹងធ្វើឱ្យរឿងមួយផ្ទុះឡើង ដោយគ្រាន់តែស្លៀកពាក់ខុសពណ៌”  ដោយសារច្បាប់របស់រដ្ឋាភិបាលក្នុងការកាន់ទុក្ខព្រះមហាក្សត្រ។ របបយោធាកំពុងព្យាយាមពណ៌នាថា ពាណិជ្ជកម្មរបស់ខ្លួនស្ថិតក្នុងសភាពធម្មតា ក៏ប៉ុន្តែ ពួកគេមិនបានគិតអំពីទស្សនៈរបស់អ្នកផ្សេងនោះទេ ជាពិសេសក្រុមប្រឆាំង។

រឿងគួរឱ្យយកចិត្តទុកដាក់នោះ គឺប្រសិនបើទស្សនៈ “សេដ្ឋកិច្ចខ្លួនឯង” ដែលទាញចេញពីឱកាសនៃការយាងចូលសុវណ្ណង្គតរបស់ស្តេច Bhumibol ត្រូវបានបង្កើតដើម្បីទាក់ទាញសេដ្ឋកិច្ចជាតិនិយមបន្ថែម។ យោធាបានឈានជើងចូលយឺតៗក្នុងវិស័យសេដ្ឋកិច្ចចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០១៤ មក។ ការកើនឡើងនៃចំនួនឧត្តមសេនីយ៍កំពូលៗនៅឯគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុនធំៗរបស់ថៃ ត្រូវបានគេមើលឃើញ។ ជាងនេះទៅទៀត អ្នកវិភាគមួយចំនួនមើលឃើញថា ការប្រើប្រាស់មាត្រា ៤៤ របស់លោក Prayut ដើម្បីបិទក្រុមហ៊ុនរ៉ុករករ៉ែរបស់អូស្ត្រាលី គឺជាសកម្មភាពជាក់ស្តែងមួយនៃជាតិតូបនីយកម្មសេដ្ឋកិច្ចនៃទ្រព្យសម្បត្តិវិនិយោគបរទេស។

លោក Pavida បានលើកឡើងថា សកម្មភាពណាមួយឆ្ពោះទៅរកជាតិតូបនីយកម្មសេដ្ឋកិច្ច នឹងផ្ទុយទៅនឹងផែនការសេដ្ឋកិច្ចរយៈពេល ២០ ឆ្នាំ របស់លោក Prayut ដែលជំរុញការ”តភ្ជាប់” ជាមួយសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត ដើម្បីជំរុញសេដ្ឋកិច្ចរបស់ថៃ។ លោក Pavida បានបន្តថា “ការយាងចូលសុវណ្ណង្គតរបស់ព្រះមហាក្សត្រ បាននាំមកនូវគំនិតជាតិនិយមជាច្រើន ដែលអាចកើតមានឡើង”៕

ប្រភព : The Diplomat ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦

photo_2016-11-01_15-48-27photo_2016-11-01_15-48-32thediplomat_2016-10-31_18-46-57-386x253

ចែករំលែក

បញ្ចេញយោបល់