ការប្រកួតប្រជែងរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ កំពុងឈានមកដល់ដំណាក់កាលចុងក្រោយរបស់គេ។
ហើយ ទ្វីបអាស៊ីកំពុងតាមឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ដោយសារតែគោលនយោបាយនិងអភិក្រមចំពោះនរណាឈ្នះតំណែងប្រធានាធិបតីនោះនឹងមានផលវិបាកយ៉ាងសំខាន់ៗ ក្នុងន័យពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយ។
ក្នុងនាមជាមនុស្សដ៏មានអំណាចបំផុតនៅលើលោកនេះ ប្រធានាធិបតីអាមេរិកថ្មីនឹងមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍និងគ្រប់គ្រងអនាគតទ្វីបអាស៊ី។ នេះប្រហែលជាការពិត ដោយគិតទៅដល់ឥទ្ធិពលនៃការសម្រេចចិត្តនិងជំហររបស់ពួកគេនឹងមានមកលើទីផ្សារពិភពលោក ការគិតដល់សេដ្ឋកិច្ចរបស់ចិននឹងត្រូវគេព្យាករណ៍ថា នឹងមានទំហំធំជាងសេដ្ឋកិច្ចរបស់អាមេរិកនៅក្នុងអំឡុងឆ្នាំ ២០២០ និងដោយសារតែផ្នែកផ្សេងទៀតរបស់អាស៊ី រាប់បញ្ចូលទាំងឥណ្ឌា កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ផងនោះ ទំនងជាអ្នកអូសទាញយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខទៀត។
ដូច្នេះ តើបេក្ខជនទាំងពីរនោះនឹងមានឥទ្ធិពលលើអាស៊ីដោយរបៀបណា?
ពាណិជ្ជកម្ម
ដើម្បីទទួលបានផលចេញពីសក្តានុពលកំណើនដ៏ធំធេងរបស់ទ្វីបអាស៊ីប្រធានាធិបតី អូបាម៉ា បានចរចាកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរីកាន់តែទូលាយ។
ប៉ុន្តែ កិច្ចព្រមព្រៀងដ៏លេចធ្លោរនេះ ឥឡូវនេះ ទំនងជានឹងត្រូវថយកម្លាំង ឬត្រូវលប់ចោល ដោយអ្នកដែលឈ្នះតំណែងប្រធានាធិបតី។ នេះនឹងក្លាយជាការគួរឲ្យខកចិត្ត សម្រាប់បណ្តាប្រទេសដូចជាជប៉ុននិងប្រទេសនៅអាស៊ានដែលបានចុះហត្ថលេខា។
នៅពេលទទួលបានការតែងតាំងជាបេក្ខជនពីបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន ត្រូវគេមើលឃើញថា មានមន្ទិលដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ រាប់បញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលលោកស្រីបានជួយបង្កើតឡើងនោះផង។ ស្រដៀងគ្នាដែរ បក្សសាធារណៈរដ្ឋកាន់តែប្រឆាំងនឹងពាណិជ្ជកម្មសេរីនោះទៅទៀត ចាប់តាំងពីបក្ស Tea Party ចាប់ផ្តើមដាក់សម្ពាធលើសមាជិកសភាមក។
ប៉ុន្តែ រាល់ការធ្វើពាណិជ្ជកម្មណាដែលលើកកម្ពស់នីតិរដ្ឋនិងស្តង់ដារធ្វើពាណិជ្ជកម្មនឹងផ្តល់ប្រយោជន៍ដល់កំណើនក្នុងតំបន់ និងធ្វើឲ្យកាន់តែលំបាកសម្រាប់បណ្តាប្រទេសណាមួយដើម្បីអុកឡុកតំបន់តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងទទួលបានឥទ្ធិពលនយោបាយ។
ជាងនេះទៅទៀត ក្នុងចេតនាដើម្បីធ្វើឲ្យមានតុល្យភាពឡើងវិញដល់ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយអាស៊ីនោះ លោក ត្រាំ បាននិយាយថា គាត់នឹងបង្កើនរនាំងពាណិជ្ជកម្មលើប្រទេសផលិតនាំចេញជាច្រើនរបស់តំបន់ រាប់បញ្ចូលទាំងការបង្កើនពន្ធគយទ្វេពីរខ្ទង់លើទំនិញមកពីប្រទេសចិននិងជប៉ុន។
ភាពតានតឹងរូបិយវត្ថុក៏គួរត្រូវគេរំពឹងផងដែរ ប្រសិនបើលោក ត្រាំ ឈ្នះឆ្នោត។ ដោយគាត់និយាយថា ប្រទេសខ្លះកំពុងលួចបន្លំ ដោយសារតែរូបិយវត្ថុរបស់គេត្រូវបានទម្លាក់តម្លៃនោះ គាត់ទំនងជានឹងដោះស្រាយរឿងកំណែទម្រង់ការប្តូរប្រាក់បរទេសរបស់ចិន និងពិនិត្យមើលលើធនាគាជប៉ុនដែលកំពុងតែរក្សាប្រាក់យេនឲ្យនៅទាបទល់នឹងប្រាក់ដុល្លារ។
នយោបាយនិងភូមិសាស្ត្រនយោបាយ
បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរនាក់នោះកំពុងសន្យាថា នឹងតឹងរឹងលើចិន។ នេះអាចត្រូវគេមើលឃើញថា ជាការបំប៉ោងសម្លេងនយោបាយប៉ុណ្ណោះ។ បេក្ខជនស្ទើរតែទាំងអស់ អស់ជាច្រើនទសវត្សរ៍មកហើយ បានលែងសន្លឹកបៀរនេះនៅក្នុងការបោះឆ្នោត ប៉ុន្តែនៅពេលកាន់អំណាច គ្មានប្រធានាធិបតីណាមួយអាចធ្វើមិនដឹងជាមួយនឹងអំណាចនៃសេដ្ឋកិច្ចរបស់ចិននិងឥទ្ធិពលរបស់ខ្លួននៅអន្តរជាតិនោះទេ។
សម្រាប់ទីក្រុងប៉េកាំង លោកស្រី គ្លីនតុន បានបង្ហាញនូវភាពមិនល្អ ជាពិសេសទៅលើបញ្ហាសិទ្ធិមនុស្ស សេរីភាពអ៊ីនធឺណិត និងជំនឿរបស់លោកស្រីថា អំណាចរបស់ចិនគួរតែត្រូវគ្រប់គ្រង។ លោកស្រីក៏ជាមនុស្សស្នូលផងដែរក្នុងការសម្រេចចិត្តឲ្យគេដាក់ទ័ពជើងទឹកមេរិកចំនួន ៦០ ភាគរយនៅអាស៊ីត្រឹមឆ្នាំ ២០២០។
ដោយគ្មានស្នាដៃក្នុងការសម្រេចចិត្តនោះ លោក ត្រាំ ក្នុងន័យនយោបាយនៅតែជាអាថ៌ កំបាំងសម្រាប់ទីក្រុងប៉េកាំង។
លោក Vladimir Putin ត្រូវគេដឹងថា ចង់បានលោក ត្រាំ ទទួលជោគជ័យ ដើម្បីឲ្យរុស្ស៊ីអាចលួចទិន្នន័យនិងទម្លាយឯកសារផ្ទៃក្នុងរបស់បក្សប្រជាធិបតេយ្យនៅរដូវក្តៅនេះ។ លោក ត្រាំ ត្រូវគេមើលឃើញថា កំពុងបង្ករឲ្យមានតំណែងប្រធាធិបតេយ្យដែលចលាចល ដែលនឹងផ្តល់ឲ្យរុស្ស៊ីនូវឱកាសក្នុងការបង្កើនឥទ្ធិពលនៅតំបន់ក្បែរខាងរបស់ខ្លួន។ ចិនទំនងជាមានអារម្មណ៍ដូចគ្នាដែរ ដោយសារតែខ្លួនស្វះស្វែងរកការគ្រប់គ្រងកាន់តែធំធេងនៅក្នុងសមុទ្រចិនខាងត្បូងនិងបណ្តាប្រទេសនៅអាស៊ី ប៉ុន្តែខ្លួនត្រូវប្រុងប្រយ័ត្ននឹងពាក្យសម្តីប្រឆាំងចិនពីក្រុមលោក ត្រាំ ដែលងាកទៅការប្រើពន្ធគយពាណិជ្ជកម្មមកលើខ្លួន។
ជ័យជំនះរបស់លោកស្រី គ្លីនតុន នឹងនាំឲ្យមានគោលនយោបាយកាន់តែតឹងរឹង និងកាន់តែគាំទ្រ NATO ជាងពីការឈ្នះរបស់លោក ត្រាំ (និងលោក អូបាម៉ា)។ អ្នកវិភាគខ្លះបានលើកឡើងថា រុស្ស៊ីនិងចិនអាចមានបំណងចាប់យកទឹកដីខ្លះទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើលោកស្រី គ្លីនតុន ឈ្នះ ដោយមើលឃើញថា វានឹងកាន់តែងាយស្រួលក្នុងការធ្វើវានៅថ្ងៃចុងក្រោយនៃតំណែងប្រធានាធិបតីរបស់លោក អូបាម៉ា ជាងស្ថិតនៅក្រោមប្រធានាធិបតី គ្លីនតុន។
លើបញ្ហាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសំខាន់មួយនៅក្នុងប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់នៅអាស៊ីនោះ មានភាពខុសគ្នាគួរឲ្យកត់សម្គាល់មួយចំនួន។ លោក ត្រាំ មិនទទួលយកភស្តុតាងវិទ្យាសាស្ត្រអំពីការប្រែប្រួលអាកាសធាតុទេ។ លោកស្រី គ្លីនតុន បានហៅវា ថា “ជាការគំរាមយ៉ាងបន្ទាន់”។
ទីផ្សារភាគហ៊ុន
តាមប្រវត្តិ តំណែងប្រធានាធិបតីបក្សប្រជាធិបតេយ្យមានភាពប្រសើរសម្រាប់ផ្សារភាគហ៊ុនអាមេរិកជាងតំណែងប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ។ គ្មាននរណាម្នាក់ដឹងច្បាស់នូវមូលហេតុទេ ហើយខ្ញុំសង្ស័យថា វាជាឱកាសច្រើនជាងអ្វីៗទាំងអស់។ ជាការពិត ប្រសិនបើអ្នកក្រលែកមើលទីផ្សារតាមផ្នែកៗនោះ យើងអាចរំពឹងថា នឹងមានគាំទ្រ ប្រសិនបើលោក ត្រាំ ឈ្នះការបោះឆ្នោត ហើយពួកសាធារណរដ្ឋគ្រប់គ្រងសភាទាំងពីរ។ នេះគឺដោយសារតែ តាមប្រវត្តិ ពួកសាធារណរដ្ឋប្រឆាំងនឹងច្បាប់បរិស្ថាន (ល្អសម្រប់ភាគហ៊ុនថាមពល) និងប្រឆាំងបទប្បញ្ញត្តិសម្រាប់ Wall Street (ល្អសម្រាប់ធានាគារ)។ ទន្ទឹមគ្នានោះដែរ ផែនការថែទាំសុខភាពរបស់ អូបាម៉ា បានគំរាមដល់ក្រុមហ៊ុនថ្នាំពេទ្យនិងវិស័យធានារ៉ាប់រងសុខភាព ដោយសារតែវាបានទាញតម្លៃទម្លាក់ ដូច្នេះ ការឈ្នះរបស់ពួកសាធារណរដ្ឋនឹងគាំទ្រវិស័យទាំងនោះ ប្រសិនបើខ្លួនមើលទៅទំនងជានឹងលប់បំបាត់កម្មវិធីនោះចោល។
ទោះជាយ៉ាងណាក៏ដោយ ការប្រឆាំងនឹងស្ថានភាពពិតនេះគឺលោក ត្រាំ ខ្លួនគាត់។ ភាពមិនអាចស្មានទុកជាមុននិងភាពប្រទូសរ៉ាយរបស់គាត់ចំពោះពាណិជ្ជកម្មពិភពលោកបានធ្វើឲ្យគាត់ជាមនុស្សនាំឲ្យមានការខាតបង់ ហើយទីផ្សារស្អប់ភាពមិនច្បាស់លាស់។ ធនាគារកណ្តាលបានផ្តល់តម្រុយថា ខ្លួននឹងពន្យាការតម្លើងអត្រាការប្រាក់ ប្រសិនបើលោក ត្រាំ ឈ្នះដើម្បីផ្តល់ទំនុកចិត្តដល់ទីផ្សារ។
សម្រាប់មូលហេតុនេះ ខ្ញុំគិតថា វិនិយោគិនប្រហែលជាធូរស្បើយចិត្ត ប្រសិនបើលោកស្រី គ្លីនតុន ឈ្នះ ហើយយើងនឹងមើលឃើញការគាំទ្រ បន្ទាប់ពីការបោះឆ្នោត។ នេះអាចបង្អាក់ដល់ដំណើរការទីផ្សារម្តងទៀត ដែលចាប់ផ្តើមតាំងពីឆ្នាំ ២០០៩ មក ប៉ុន្តែ ពួកធុរកិច្ចអាមេរិកឥឡូវនេះមានភាពខ្វល់ខ្វាយជាងខ្ញុំសង្ស័យទៅទៀត។ ខ្ញុំសង្ស័យថា នរណាឈ្នះក៏ដោយ ផ្សារភាគហ៊ុនអាមេរិកនឹងមិនមានដំណើរការល្អទល់នឹងតារាងផ្សារភាគហ៊ុនរបស់ប្រទេសជាច្រើននៅអាស៊ីសម្រាប់រយៈប៉ុន្មានឆ្នាំទៅមុខទៀត៕
ប្រភព៖ Asia Times ចុះថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៦