ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីបានទទួលដំណឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញតាំងពិព័រណ៌របស់ជនជាតិថៃ មកបុកពីក្រោយរថយន្តដឹកកម្មករ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបានបណ្តាលឱ្យកម្មករ-កម្មការិនីរងរបួសចំនួន១២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០៧នាក់ និងរបួសស្រាលចំនួន ០៥នាក់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់បានទទួលការជួយសង្រ្គោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយយកចិត្តទុកដាក់បំផុត។ គិតត្រឹមម៉ោង ១០ និង០០ នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្មករ-កម្មការិនីរងរបួសចំនួន១១នាក់ (ធ្ងន់ចំនួន០៦នាក់) បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងចំនួន០១នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចូលរួមរំលែកនូវសេចក្តីសោកស្តាយ និងអាណិតស្រឡាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ៕