នៅឆ្នាំ២០១៨ខាងមុខនេះ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបានដំឡើងប្រាក់បៀវត្សចំនួន២ដង

ថ្ងៃពុធ ទី ១៨ តុលា ២០១៧​
8377

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-កម្មការិនីនោះ ចាប់ពីឆ្នាំ២០១៨តទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏នឹងត្រូវបានដំឡើងប្រាក់បៀវត្សផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅខែមករា ឆ្នាំ២០១៨ខាងមុខ ប្រាក់បៀវត្សនឹងត្រូវបានដំឡើងម្តង ហើយនៅខែមេសា ឆ្នាំ២០១៨ នឹងត្រូវបានដំឡើងម្តងទៀត ហើយបើកឱ្យបានមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺដើម្បីសម្រួល ឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ទទួលបានផលប្រយោជន៍ពីការដំឡើងប្រាក់បៀវត្សនេះ ហើយយើងបានកាត់បន្ថយលើចំនួនប្រាក់ដែលជាប់ពន្ធផងដែរ។ លោកក៏បានបន្ថែមថា ពុំមានប្រទេសណា នៅលើពិភពលោកនេះ ដែលមិនអនុវត្តន៍លើពន្ធលើប្រាក់បៀវត្សនោះឡើយ៕

ចែករំលែក

បញ្ចេញយោបល់