រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម អនុញ្ញាត​​ឲ្យ ឯក​អគ្គរដ្ឋ​ទូត​​​​​​អាល្លឺម៉ង់​ថ្មីចូល​ជួប​សម្តែង​ការគួរ​សម​

ថ្ងៃចន្ទ ទី ៣១ តុលា ២០១៦​
120

 

នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦នេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានអនុញ្ញាតឲ្យ ឯកឧត្តម អ៊ីងហ្គូ ខាស្តេន (Ingo Karsten) ឯកអគ្គទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ដើម្បីស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនលោក ឯកអគ្គរដ្ឋទូតពីលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានជាង ៧% រៀងរាល់ឆ្នាំ ព្រមទាំងបានលើកយកពីសារៈសំខាន់នៃកិច្ចព្រមព្រៀងអ្វីៗលើកលែងតែអាវុធ (EBA) ផ្តល់ដោយសហគមន៍អឺរ៉ុប និងកិច្ចព្រមព្រៀងអនុគ្រោះពន្ធទូទៅថ្មី (GSP) សម្រាប់កាបូបដាក់សម្ភារៈធ្វើដំណើរផលិតនៅកម្ពុជាផ្តល់ដោយសហរដ្ឋអាមេរិក ព្រមទាំងកិច្ចព្រមព្រៀងអនុគ្រោះពន្ធ ៩៧% សម្រាប់ផលិតផលកសិកម្មផ្តល់ដោយប្រទេសចិនផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកិច្ចព្រមព្រៀងទាំងអស់នេះ ជាមួយគោលអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) និងគោលនយោបាយលើកទឹកចិត្តផ្សេងៗ បានធ្វើឲ្យកម្ពុជាកំពុងក្លាយជាចំណុចទាក់ទាញសម្រាប់វិនិយោគិនធំៗនៅលើពិភពលោក។ បន្ថែមលើសនេះ លោករដ្ឋមន្ត្រីបានចង្អុរបង្ហាញពីសក្តានុពលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតម្រូវការចាំបាច់សម្រាប់ជំនាញមួយចំនួន ដើម្បីបម្រើដល់ការអភិវឌ្ឍឧស្សាហកម្មធុនស្រាលនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត អ៊ីងហ្គូ ខាស្តេន បានធ្វើការអបអរសាទរចំពោះប្រទេសកម្ពុជា និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញជំនឿថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការប្រើប្រាស់វិស័យពាណិជ្ជកម្ម និងឧស្សាកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសំដៅក្លាយជាប្រទេសដ៏ទំនើបជឿនលឿនមួយនៅក្នុងអនាគតកាលដ៏ខ្លីខាងមុខ។

លោក ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញចេតនាជួយដល់កម្ពុជាក្នុងការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីផ្តល់ជំនាញបច្ចេកទេសផ្សេងៗដល់យុវជន-យុវនារី សំដៅកាត់បន្ថយបញ្ហាកង្វះជំនាញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មខ្សែចង្វាក់តម្លៃផលិតកម្មកម្រិតតំបន់ និងពិភពលោក ដោយសារអាល្លឺម៉ង់គឺជាប្រទេសឧស្សាហកម្មដែលសម្បូរដោយកម្មករមានជំនាញខ្ពស់ និងមានបទពិសោធន៍យូរឆ្នាំ។ លើសពីនេះទៀត លោក ឯកអគ្គរដ្ឋទូត បានសន្យានឹងជួយកៀងគរវិនិយោគិនពីប្រទេសអាល្លឺម៉ង់ ឲ្យចូលមកបណ្តាក់ទុនលើវិស័យសំខាន់ៗនៅកម្ពុជាកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា កម្ពុជាគឺដៃគូពាណិជ្ជកម្មទី ៧៥ របស់អាល្លឺម៉ង់។ កាលពីឆ្នាំ ២០១៥ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់មានទំហំ ១,២៣៤ ប៊ីលានយូរ៉ូ បើធៀបនឹងឆ្នាំ ២០១៤ គឺបានកើនឡើងជាង ២០% ហើយក្នុងពេលដំណាលគ្នានេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរពីអាល្លឺម៉ង់ចំនួន ៨ម៉ឹន ៩ពាន់នាក់៕

14581532_1331884070157801_5460003553374184011_n14907156_1331883953491146_2210420046177452528_n14581495_1331883956824479_7821188551601607688_n14910551_1331883986824476_51725053344290256_n14639877_1331884083491133_9004727247790017250_n

ចែករំលែក

បញ្ចេញយោបល់