ហានិភ័យនយោបាយអាចនឹងកើនឡើងខ្លាំងនៅប្រទេសចំនួនពីរក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមអ្នកវិនិយោគទុនមានការភ័យព្រួយបន្តិចដែរទៅលើពាក្យសម្តីដ៏ចម្រូងចម្រាស ត្រូវបានធ្វើឡើងដោយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលមិនធ្លាប់មានចាប់តាំងពីការបោះឆ្នោតរបស់គាត់កាលពីខែឧសភាកន្លងមក។
ហើយទោះបីជាយ៉ាងណា ការលើកឡើងជាច្រើនរបស់គាត់នាពេលថ្មីៗនេះបានបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយការបរទេស ដែលលោក Krystal Tan និងលោកGareth Leather នៃក្រុមហ៊ុន Capital Economics បានកត់សម្គាល់ថា អាចនឹងមានហានិភ័យក្នុងរយៈពេលយូរ។
អ្នកទាំងពីរបានសរសេរថា «ការហៅប្រធានាធិបតីអាមេរិកថា កូនស្រីសំផឹង និងការបោះបង់ចោលសម្ព័ន្ធមិត្តសន្តិសុខដ៏យូរអង្វែងរបស់ប្រទេសនេះជាមួយនឹងអាមេរិកនោះ គឺពិតជាបានបន្លាចដល់ក្រុមអ្នកវិនិយោគទុន និងធ្វើឱ្យពួកគេគិតដល់ទៅពីរដងមុនពេលសម្រេចចិត្តធ្វើការវិនិយោគរយៈពេលយូរនៅក្នុងប្រទេសនេះ។ អត្រានៃការវិនិយោគទុនធ្លាក់ចុះជាងមុន នឹងវិលត្រឡប់មកកាត់បន្ថយសក្តានុពលប្រកបដោយផលិតភាពរបស់ប្រទេសនេះ»។
តែវាកំពុងតែធ្វើឱ្យមានការកត់សម្គាល់ក្នុងរយៈពេលខ្លីដែលថា យ៉ាងហោចណាស់ប្រទេសហ្វីលីពីនស្ថិតនៅក្នុងជំហរដ៏ល្អ។ ប្រទេសនេះមានកម្រិតបំណុលទាប និងគណនីបច្ចុប្បន្នមានអធិរេក នេះបើតាមការឱ្យដឹងពីលោក Carlos Dominguez ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសហ្វីលីពីន។
ទាក់ទងទៅនឹងប្រទេសថៃវិញ ហានិភ័យនៃភាពផុយស្រួយនយោបាយរយៈពេលខ្លី ក្រោយពីការយាងចូលសុវណ្ណង្គតរបស់ព្រះមហាក្សត្រ Bhumibol Adulyadej ហាក់បីដូចជាមានភាពថយចុះ។ ទោះបីជាយ៉ាងណា បញ្ហានយោបាយ និងសេដ្ឋកិច្ចរយៈពេលយូរនៅតែបន្តដដែលនៅក្នុងប្រទេសនេះ។
លោក Tan និងលោក Leather បានសរសេរថា «ប្រទេសថៃនៅតែបែកបាក់យ៉ាងជូរចត់រវាងឥស្សរជនដែលនៅកណ្តាលទីក្រុងបាងកក និងប្រជាជនក្រីក្រនៅទីជនបទ។ ការយាងចូលសុវណ្ណង្គតរបស់ព្រះមហាក្សត្រនឹងធ្វើឱ្យវាកាន់តែលំបាកក្នុងការកាត់បន្ថយនូវការបែកបាក់នយោបាយដ៏ជ្រាលជ្រៅនៅក្នុងប្រទេសនេះ។ ដោយគ្មានដំណោះស្រាយ ភាពមិនច្បាស់លាស់ទំនងហាក់ដូចជានៅតែចាក់ឬសយ៉ាងជ្រៅ ជាមួយនឹងផលអវិជ្ជមានសម្រាប់ធុរកិច្ច និងទំនុកចិត្តរបស់អ្នកវិនិយោគទុន»។
បន្ថែមពីលើនេះទៅទៀត ស្តេចស្នងរាជ្យបច្ចុប្បន្នពុំមានប្រជាប្រិយភាពដូចជាព្រះបិតារបស់ទ្រង់ឡើយ។
ពួកគេបានបន្ថែមថា «និយាយឱ្យចំទៅគឺថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសថៃទំនងជានៅតែបន្ត»។
ទីបំផុត លោក Tan និងលោក Leather មិនបានសង្ឃឹមថាមានការផ្លាស់ប្តូរច្រើននូវកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះទេ។ ប៉ុន្តែពួកគេបានបន្ថែមថា «ការសម្លឹងទៅមើលឆ្នាំក្រោយ វាសង្ឃឹមច្រើនថាតើនយោបាយដើរតួយ៉ាងដូចម្តេច»៕
ប្រភព: Business Insider UK ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦