ការចូលសុវណ្ណង្គតរបស់ស្តេច ភូមិបុល អាឌុលយ៉ាដេត បាននាំឲ្យប្រទេសថៃរន្ធត់យ៉ាងខ្លាំង។ ក្នុងការគ្រងរាជរយៈពេល ៧ ទសវត្សរ៍ ព្រះអង្គបានដឹកនាំប្រទេសថៃឲ្យរីកចម្រើនចាប់ពីប្រទេសក្រីក្រមួយទៅជាប្រទេសទំនើប។ ព្រះអង្គបានចាកចោលប្រជាពលរដ្ឋដែលកំពុងកាន់ទុក្ខនិងពោរពេញដោយការដឹងគុណ ដែលឥឡូវនេះត្រូវតែរៀបចំដំណើរផ្លូវរបស់ខ្លួនទៅកាន់អនាគតមិនច្បាស់លាស់មួយ។
នៅពេលព្រះអង្គប្រារព្ធខួបកំណើត ៦០ ឆ្នាំនៅក្នុងរាជបាល្ល័ង្គនៅខែ មិថុនា ឆ្នាំ ២០០៦ ប្រជាជនថៃរាប់រយពាន់នាក់បានប្រមូលផ្តុំនៅទីក្រុងបាងកកដើម្បីបានមើលឃើញព្រះអង្គនិងបា្ររព្ធសមិទ្ធិផលនោះជាមួយព្រះអង្គ។ នៅក្នុងថ្ងៃចុងក្រោយនៃជីវិតរបស់ព្រះអង្គ ពួកគេបានសម្រុកចូលមន្ទីពេទ្យជាទីដែលព្រះអង្គសម្រាកដើម្បីបួងសួងនិងផ្តល់ការគោរពចុងក្រោយរបស់ពួកគេ។
នៅពេលមេដឹកនាំរបស់របបសឹកថៃ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាសជាសាធារណៈនូវការចូលសុវណ្ណង្គតនៅថ្ងៃទី ១៣ ខែតុលានោះ មនុស្សជាច្រើនបានបង្ហូរទឹកភ្នែក។ ប្រជាជនថៃបានដឹងថា ថ្ងៃនោះនឹងមកដល់ ប៉ុន្តែពួកគេចង់ឲ្យព្រះអង្គគ្រងរាជឲ្យបានយូរតាមដែលអាចធ្វើទៅបាន ដោយសារតែការគ្រងរាជយូរនោះបានផ្តល់ផលយ៉ាងល្អសម្រាប់ពួកគេ។
ការស្រលាញ់នេះបានកើតចេញពីសម័យសង្គ្រាមត្រជាក់ នៅពេលប្រទេសថៃត្រូវតែធ្វើដំណើរតែម្នាក់ឯងជាប្រទេសចុងក្រោយដែលអាចទប់នឹងការវាទីរបស់ពួកកុម្មុយនីស្តនៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងឆ្នាំ ១៩៧៥ កម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មែរក្រហមម៉ៅនិយម ទីក្រុងសៃហ្គន់បានធ្លាក់ចូលទៅក្នុងដៃកងទ័ពវៀតណាមខាងជើង ហើយឡាវបានធ្លាក់ចូលក្នុងដៃពួកឧទ្ធាមកុម្មុយនីស្ត។ នៅភាគខាងលិចប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតនៅឯកា និងផ្តាច់ការចាប់ពីឆ្នាំ ១៩៦២ មក។
នៅក្នុងស្រុក ប្រទេសថៃក្រីក្រ ហ៊ុមព័ទ្ធទៅដោយការដាច់អគ្គិសនីជាប្រចាំ បណ្តាញទឹកមិនអាចពឹងអាស្រ័យបាន និងផ្លូវថ្នល់មិនទាន់សាងសង់នៅទីកន្លែងភាគច្រើន។ វាគឺស្ថិតនៅក្នុងរយៈពេលដំបូងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះហើយ ដែលស្តេច ភូមិបុល បានខិតខំប្រឹងប្រែងហួសពីភារកិច្ចរបស់ព្រះអង្គ ហើយបានបង្កើតចំណងជាអមតៈជាមួយពលរដ្ឋរបស់ព្រះអង្គ។ ព្រះអង្គបានធ្វើដំណើរទៅកាន់ទីកន្លែងឆ្ងាយៗរបស់ប្រទេស ដោយប្រថុយគ្រោះថ្នាក់នឹងចលនាបះបោររបស់ពួកកុម្មុយនីស្តក្នុងស្រុក ដើម្បីលើកកម្ពស់វិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ និងសេវាសាធារណៈយ៉ាងច្រើនឥតគណនា។
ចំណុចសំខាន់នៃអត្តសញ្ញាណជាតិថៃនោះគឺ ព្រះអង្គបានរស់នៅក្នុងជីវិតសាមញ្ញ នៅពេលព្រះអង្គអាចហឺហារបាន និងឆ្លងកាត់ទុក្ខលំបាក នៅពេលព្រះអង្គអាចរស់នៅយ៉ាងស្រួលនោះ។ ព្រះអង្គបានផ្តល់ឲ្យប្រទេសថៃនូវនិមិត្តសញ្ញាបង្រួបបង្រួមមួយ ដែលអាចទប់ទល់នឹងការគំរាមពីខាងក្រៅ និងជឿជាក់ទៅនឹងសក្តានុពលយ៉ាងធំធេងរបស់ប្រទេសព្រះអង្គនៅក្នុងពិភពលោក។
ពួកអ្នករិះគន់នឹងនិយាយថា អ្វីៗទាំងអស់ដែលសម្រេចបាននោះ បានមកពីការគ្រប់គ្រងផ្តាច់ការអស់រយៈពេលជាយូររបស់យោធា ដែលការអភិវឌ្ឍន៍ត្រូវបានធ្វើឡើងដើម្បីតែពួកឥស្សរជនទីក្រុង ហើយថា ការរីកចម្រើនប្រជាធិបតេយ្យត្រូវបានបង្អាក់ដោយការធ្វើរដ្ឋប្រហារម្តងហើយម្តងទៀតដែលរក្សាទំនាក់ទំនងរវាងយោធានិងរបបរាជានិយមឲ្យស្ថិតនៅជួរមុខនិងស្នូលក្នុងសង្គមថៃ។
ចំណុចទាំងអស់នេះមិនត្រឹមត្រូវនោះទេ ប៉ុន្តែពួកគេមិនបានអើពើនឹងភាពជាក់ស្តែងដែលថា ប្រទេសថៃនឹងមិនអាចមានសព្វថ្ងៃនេះទេ ដោយគ្មានស្តេច ភូមិបុល ជាតួអង្គមួយដែលបានដឹកនាំដោយធ្វើជាគំរូនៃអំណាចសីលធម៌ដែលគ្មានគូប្រៀប។ សមិទ្ធិផលរបស់ព្រះអង្គត្រូវគេមើលឃើញច្បាស់នៅចំពេលដ៏អាក្រក់ដែលធ្វើឲ្យប្រទេសជិតខាងដួលរលំទន្ទឹមៗគ្នានោះ។
ដោយគុណតម្លៃនៃជោគជ័យរបស់ព្រះអង្គ ព្រះមហាក្សត្របានបន្សល់ទុកនូវប្រទេសទំនើបមួយដែលឥឡូវនេះបានឈានមកដល់ដំណាក់កាលថ្មី។ ក្នុងខណៈដែលរបបយោធានឹងដើរតួនាទីស្នូលក្នុងពេលអន្តរកាលទៅកាន់ព្រះមហាក្សត្រថ្មីនោះ ការបោះឆ្នោតនិងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមិនអាចត្រូវបានបដិសេធជារៀងរហូតនោះទេ។ សម្លេងពលរដ្ឋត្រូវបានគេស្តាប់ឮជាញឹកញាប់ ដោយអំពាវនាវឲ្យមានអនាគតស្វ័យសម្រេចរួមគ្នាមួយ។ សម្រាប់មូលហេតុនេះ របបរាជានិយមដែលស្តេច ភូមិបុល បានបង្កើតឡើង នឹងមិនដូចគ្នានឹងអ្នកស្នងរាជបន្តរបស់ព្រះអង្គទេ។
សារៈសំខាន់នៃការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតម្រូវឲ្យមានរបបរាជានិយមសតវត្សរ៍ទី ២១ ដោយប្រតិបត្តិនៅក្នុងអំណាចរដ្ឋធម្មនុញ្ញតាមការសម្រុះសម្រួល។ ការសម្រុះសម្រួលតាមភាពជាក់ស្តែងនេះគឺជាផ្លូវដែលប្រទេសថៃត្រូវដើរឆ្ពោះទៅមុខ៕
ប្រភព៖ East Asia Forum ចុះថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៦