បើចង់ដឹងថាល្ពៅឆឹងនេះឆ្ងាញ់កម្រិតណា សូមសាកល្បងវិធីធ្វើដូចខាងក្រោម
គ្រឿងផ្សំ៖
– ល្ពៅ (កន្លះគីឡូ)
– ស្ករស ឬស្ករត្នោត (តាមចំណូលចិត្ត)
– អំបិល បន្តិច
– កំបោ (ដាក់ក្នុងបរិមាណសមស្រប)
– ល្ង (ស, ខ្មៅ ដាក់ក៏បាន មិនដាក់ក៏បាន)
– បឺរសាប (ដាក់ក៏បាន មិនដាក់ក៏បាន តាមចំណូលចិត្ត)
– ទឹកស្អាត
វិធីធ្វើ៖
១. ដំបូងត្រូវលាងល្ពៅផ្នែកខាងក្រៅឱ្យស្អាត ហើយកោសយកគ្រាប់ល្ពៅចេញ។ កាត់ល្ពៅជាដុំៗសិន បន្ទាប់មកចិតល្ពៅឱ្យស្ដើងល្មម។
២. លាយទឹកស្អាតជាមួយកំបោហើយដាក់ល្ពៅដែលចិតរួចចូលក្នុងទឹកកំបោមួយសន្ទុះធំ(១០ទៅ១៥នាទី) រួចស្រងចេញលាងជាមួយទឹកស្អាត។
៣. ហាលឱ្យស្ងួត ឬយកក្រដាសជូតមាត់ផ្ដិតឱ្យស្ងួតល្អក៏បាន។
៤. បំពងល្ពៅឱ្យក្រៀមល្អ។
៥. បើកភ្លើងឱ្យក្ដៅខ្ទះ រួចដាក់ទឹកប្រហែលមួយពែងចូលក្នុងខ្ទះ ហើយដាក់ស្ករ បឺរសាប និងអំបិល កូរឱ្យរលាយចូលគ្នាឱ្យសព្វ(ឡើងជើងក្រង តែកុំឱ្យខ្លោច)។ រួចអ្នកអាចបិទភ្លើងបាន ហើយចាក់ល្ពៅដែលបំពងរួចចូលឆាត្រឡប់ចុះត្រឡប់ឡើងជាមួយ ទឹកស្ករឱ្យសព្វហើយរោយល្ងពីលើជាការស្រេច៕