ម៉ូស្គូ​ព្រមានថា​ ខ្លួនអាច​រឹតបន្តឹង​សារព័ត៌មាន​អាមេរិក​នៅរុស្ស៊ី ​

ថ្ងៃអង្គារ ទី ១០ តុលា ២០១៧​
55

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីមានសិទ្ធិក្នុងការរឹតបន្តឹងប្រតិបត្តិការរបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅរុស្ស៊ី ក្នុងការសងសឹក ចំពោះអ្វីដែលក្រុងម៉ូស្គូហៅថា ជាការដាក់សម្ពាធរបស់អាមេរិកមកលើស្ថានីយ៍ទូរទស្សន៍ដែលគាំទ្រដោយវិមានក្រឹមឡាំង។

មន្ដ្រីរុស្ស៊ីបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានដាក់សម្ពាធមិនសមរម្យទៅលើប្រតិបត្តិការរបស់ស្ថានីយ៍ទូរទស្សន៍ RT នៅអាមេរិក ជាស្ថានីយ៍ដែលគាំទ្រដោយវិមានក្រឹមឡាំង ដែលត្រូវបានចោទប្រកាន់ដោយមនុស្សមួយចំនួននៅក្រុងវ៉ាស៊ីនតោនពីការជ្រៀតជ្រែកនយោបាយក្នុងស្រុកអាមេរិក ដែលស្ថានីយ៍នេះបានបដិសេធ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយថា ទម្ងន់នៃកម្លាំងអាជ្ញាធរអាមេរិកកំពុងប្រឆាំងនឹងប្រតិបត្តិការរបស់ RT នៅអាមេរិកហើយថា ក្រុងម៉ូស្គូមានសិទ្ធិឆ្លើយតប។

លោកស្រី Zakharova បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ NTV របស់រុស្ស៊ីថា «យើងមិនដែលប្រើច្បាប់រុស្ស៊ីទាក់ទងនឹងអ្នកឆ្លើយឆ្លងព័ត៌មានបរទេសដូចជាការដាក់សម្ពាធ ការត្រួតពិនិត្យ ឬឥទ្ធិពលនយោបាយណាមួយទេ»។ ប៉ុន្តែនេះគឺជាករណីពិសេស។

លោកស្រីបានលើកឡើងពីច្បាប់រុស្ស៊ីឆ្នាំ ១៩៩១ ដែលបានចែងថា ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីគឺជាគោលដៅនៃការរឹតបន្តឹងនៅក្នុងប្រទេសក្រៅ ដូច្នេះរុស្ស៊ីមានសិទ្ធិក្នុងការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយលើប្រទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។

លោកស្រី Zakharova បាននិយាយថា «ជាការឆ្លើយតបវិញ អ្នកកាសែតរុស្សី និងស្ថានីយ៍ទូរទស្សន៍ RT ត្រូវបានគេយកធ្វើជាគោលដៅនៅលើទឹកដីអាមេរិក បន្ទាប់ពីយើងបានពិនិត្យមើលថា វាជាការរឹតបន្តឹងលើសកម្មភាពរបស់ពួកគេ យើងអាចអនុវត្តវិធានការស្រដៀងគ្នានេះទៅលើអ្នកកាសែតអាមេរិក និងសារព័ត៌មានអាមេរិកនៅលើទឹកដីរុស្ស៊ី»។

លោកស្រី មិនបានកំណត់អត្តសញ្ញាណបណ្តាញសារព័ត៌មានអាមេរិកជាក់លាក់ណាមួយ ដែលនឹងត្រូវបានកំណត់គោលដៅនោះទេ។ លោកស្រីបាននិយាយថា វាមិនមានភាពខុសគ្នាពីទស្សនៈរបស់រដ្ឋាភិបាលរុស្ស៊ីទេ ប្រសិនបើសារព័ត៌មានទាំងនោះត្រូវបានគាំទ្រដោយរដ្ឋអាមេរិក ឬក៏មូលនិធិឯកជន។

កាលពីចុងខែមុន និយ័តករទូរគមនាគមន៍រដ្ឋរបស់រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់ស្ថានីយទូរទស្សន៍អាមេរិក CNN International ពីបទបំពានកម្មសិទ្ធិបញ្ញារបស់ខ្លួនដើម្បីធ្វើការផ្សព្វផ្សាយនៅក្នុងប្រទេសរុស្ស៊ី ហើយបាននិយាយថា ខ្លួនបានកោះហៅតំណាងរបស់អ្នកផ្សាយព័ត៌មានទាក់ទងនឹងបញ្ហានេះ។

អង្គការឃ្លាំមើលមិនបានបង្ហាញជាសាធារណៈនូវមូលហេតុនេះទេ។ ប្រធាននិយ័តករបាននិយាយថា វាជាបញ្ហាបច្ចេកទេស ហើយបាននិយាយថា មិនពាក់ព័ន្ធនឹងនយោបាយនោះទេ។

នៅក្នុងរបាយការណ៍មួយកាលពីខែមករាឆ្នាំនេះទៅលើការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក មន្ត្រីស៊ើបការណ៍អាមេរិកបាននិយាយថា RT គឺជាផ្នែកមួយនៃម៉ាស៊ីនឃោសនារបស់រដ្ឋដែលគាំទ្រយុទ្ធនាការវិមានក្រឹមឡាំង ដើម្បីជះឥទ្ធិពលលើនយោបាយអាមេរិក។

ប្រទេសរុស្ស៊ី និងមន្ត្រីរុស្ស៊ីសព្វថ្ងៃបានបដិសេធការប៉ុនប៉ងណាមួយក្នុងការជ្រៀតជ្រែកក្នុងនយោបាយរបស់អាមេរិក។

ពួកគេនិយាយថា កងកម្លាំងនយោបាយនៅអាមេរិកកំពុងតែញ៉ាំងឱ្យមានការរំជើបរំជួលអំពីឥទ្ធិពលរបស់រុស្ស៊ី ដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះលោកប្រធានាធិបតី Donald Trump៕

ប្រភព: Reuters ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧

 

ចែករំលែក

បញ្ចេញយោបល់