លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ចាប់ពីខែមករា ២០១៨ មន្រ្តីរាជការដែលជាស្រ្តីនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមនៅពេលសម្រាលកូន

ថ្ងៃចន្ទ ទី ៩ តុលា ២០១៧​
68

នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្រ្តីដែលជាមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត នៅពេលសម្រាលកូនចាប់ពីខែមករា ឆ្នាំ២០១៨ខាងមុខនេះតទៅ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្រ្តីដែលជាមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងទទូលបានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀល ក្នុងពេលសម្រាលបានកូន ម្នាក់១លាន៦សែនរៀល សម្រាប់កូន២នាក់ និង២លាន៤សែនរៀលសម្រាប់កូន៣នាក់។

ជាមួយនឹងការប្រកាសចេញជាផ្លូវការនូវគោលនយោបាយជាតិ គាំពារសង្គមដែលផ្តោតទៅលើស្រ្តីឆ្លងទន្លេ ដែលជាកម្មការិនីសម្រាលកូនមួយ ទទួលបាន៤០០,០០០រៀល, កូនភ្លោះ២គឺបាន ៨០០,០០០រៀល និងកូនភ្លោះ៣ គឺបាន ១,២០០,០០០រៀល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នេះជាការឧបត្ថម្ភបន្ថែមពីលើសេចក្តីសម្រេច (លេខ៥២ សសរ) ដែលបានចុះហត្ថលេខាកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០០៥ ដែលបានអនុវត្តន៍កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ គឺស្រ្តីជាមន្រ្តីរាជការដែលសម្រាលកូនគឺក្នុង១នាក់ ៦០០,០០០រៀល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅពេលនេះ រាជរដ្ឋាភិបាលបានបញ្ចូលស្រ្តីដែលជាកងទ័ព និងស្រ្តីជាកងនគរបាលជាតិ ដែលសម្រាលកូនផងដែរ គឺចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ ស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព នឹងត្រូវទទួលបាន ៨០០,០០០រៀល បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០រៀល បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០0រៀល។ ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភដូចខាងលើនេះដែរ។ រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនឹងរៀបចំសម្រួលគោលនយោបាយជាតិនេះឱ្យឆាប់ឱ្យចូលជាធរមានឆាប់បំផុត៕

ចែករំលែក

បញ្ចេញយោបល់