អ្នកនាំពាក្យក្រសួងការបរទេស បដិសេធការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីថា នឹង​មានការ​ជួបចរ​ចាគ្នា​រវាង សម្តេច​តេជោ ហ៊ុន​ សែន និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង

ថ្ងៃសុក្រ ទី ២៨ តុលា ២០១៦​
214

យោងតាមសេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ចាក់ពាក់ព័ន្ធនឹងវិទ្យុអាស៊ីសេរី បានផ្សាយថា “លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសសម្តែងក្តីសង្ឃឹមប្រាប់លោក Daniel Russel ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងជួបចរចាគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់ភាពតានតឹងខាងនយោបាយរវាងគណបក្សទាំងពីរ។ ហេតុផលដែលលោក ប្រាក់ សុខុន រំពឹងថា វិបត្តិកនយោបាយនឹងអាចដោះស្រាយបាននោះ ដោយសារតែតំណាងរាស្រ្តគណបក្សប្រឆាំងព្រមចូលរួមកិច្ចប្រជុំរដ្ឋសភាឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើការកត់សម្គាល់ចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរីនោះថា ការផ្សាយនេះពុំបានបញ្ជាក់ពីប្រភពព័ត៌មានសោះឡើយ ហើយព័ត៌មានដែលបានផ្សព្វផ្សាយនេះ គឺប្រាសចាកពីការពិតដែលក្នុងកិច្ចសន្ទនា ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ពុំបានលើកឡើងទាល់តែសោះថា “លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងជួបចរចាគ្នាក្នុងពេលឆាប់ៗនេះ” ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរីនោះឡើយ។

អ្នកនាំពាក្យក្រសួងការបរទេស ក៏បានបញ្ជាក់ថា នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំង ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ គឺជាសញ្ញានៃភាពធូរស្រាល ដែលអាចនាំដល់ការចូលរួមរបស់សមាជិកសភាគណបក្សប្រឆាំងក្នុងសម័យប្រជុំរបស់រដ្ឋសភា នាពេលខាងមុខ។ ការបំពេញតួនាទីដ៍ត្រឹមត្រូវរបស់តំណាងរាស្រ្ត គឺតាមរយៈការចូលរួមនៅក្នុងកិច្ចប្រជុំរបស់រដ្ឋសភា។ សមាជិកសភាគណបក្សប្រឆាំង នឹងមិនបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្រ្តទេ បើគេធ្វើពហិកាកិច្ចប្រជុំរដ្ឋសភា៕

press-release-28-10-16_page_1 press-release-28-10-16_page_2

 

ចែករំលែក

បញ្ចេញយោបល់