អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក បានសហការជាមួយក្រុមអ្នកជំនាញនៃបណ្តាសាកលវិទ្យាល័យចំនួន៥ក្នុងប្រទេសជប៉ុន ដើម្បីសិក្សាស្រាវជ្រាវឡើងវិញអំពីជីវៈចម្រុះ និងគុណភាពទឹក ក្នុងតំបន់រមណីយដ្ឋានអង្គរ ដងស្ទឹងសៀមរាប និងបឹងទន្លេសាប។ គម្រោងនេះមានឈ្មោះថា “គម្រោងវាយតម្លៃឡើងវិញនូវយន្តការធ្វើឲ្យមានស្ថិរភាពនៃជីវៈចម្រុះ (EMSB)” នឹងត្រូវចំណាយពេល៣ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨។
គោលបំណងនៃការសិក្សាពេលនេះ គឺដើម្បីផ្ទៀតផ្ទាត់ឡើងវិញនូវប្រភេទជីវៈចម្រុះ ដូចជារក្ខជាតិទឹក ត្រី ចំណីត្រី ជាដើម ដែលមាននៅក្នុងតំបន់អង្គរ ស្ទឹងសៀមរាប និងបឹងទន្លេសាប បន្ទាប់ពីគម្រោងសិក្សាលើបញ្ហានេះត្រូវបានធ្វើឡើងម្តងរួចមកហើយ កាលពី១០ឆ្នាំមុន។ តាមរយៈការសិក្សាផ្ទៀងផ្ទាត់ឡើងវិញនេះ នឹងធ្វើឲ្យអ្នកជំនាញកំណត់បានថា រយៈពេល១០ឆ្នាំកន្លងមកនេះ តើមានជីវៈចម្រុះដែលធ្លាប់មានវត្តមានក្នុងទីតាំងខាងលើណាខ្លះបានថយចុះ បាត់បង់ ឬមានការកើនឡើង។
លោកសាស្ត្រាចារ្យ Ohtaka ដែលជាអ្នកស្រាវជ្រាវផ្នែកសត្វត្រី និងចំណីត្រីបានលើកឡើងថា ការសិក្សាអំពីជីវៈចម្រុះពិតជាមានសារៈសំខាន់ណាស់ សម្រាប់លំនឹងធម្មជាតិ។ ការសិក្សានេះនឹងជួយឲ្យយើងដឹងថា ត្រូវមានវិធានការបែបណាចំពោះជីវៈចម្រុះដែលកំពុងប្រឈមនឹងការផុតពូជ និងអាចឲ្យយើងដឹងថា រយៈពេល១០ឆ្នាំកន្លងមកនេះមានអ្វីប្រែប្រួលខ្លះក្នុងបឹងទន្លេសាប និងបណ្តាញទឹកសំខាន់ៗក្នុងតំបន់អង្គរទាំងមូល។
លោកសាស្ត្រាចារ្យ Oyagi អ្នកជំនាញផ្នែកទឹកបានលើកឡើងនូវករណីសិក្សាអំពីទឹកស្ទឹងសៀមរាបថា ដោយប្រើប្រាស់ឧបករណ៍វាស់ស្ទង់គុណភាពទឹកនៅលើទីតាំងចំនូន៤គឺ ទំនប់តាសោម នៅក្បែរស្ពាននាគ នៅស្ពានក្រវ៉ាត់ក្រុង និងនៅចុងស្រុក ឃើញថា ផ្នែកខាងលើទីក្រុង ទឹកមានលក្ខណៈប្រក្រតី តែចំណុចស្ទឹងដែលហូរកាត់ទីក្រុងទាំងមូលមានសារធាតុពុលកើនឡើង។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះបញ្ជាក់សរុបថា ទឹកស្ទឹងនៅពេលនេះនៅមានសុវត្ថិភាពនៅឡើយ ដោយសារមានទឹកភ្លៀងច្រើន និងទឹកហូរមកពីផ្នែកខាងជួយរុញសម្អាតជាតិពុលទៅផុត។
លោក ឡៃ ប៉ូទី មន្ត្រីជំនាញនៃនាយកដ្ឋានទឹក និងជាអ្នកសម្របសម្រួលការងារនេះបញ្ជាក់ថា ក្រុមជំនាញដែលកំពុងសិក្សាស្រាវជ្រាវនៅពេលនេះមានច្រើនផ្នែកផ្សេងគ្នាគឺ ផ្នែករុក្ខជាតិទឹក ផ្នែកបឹង សត្វវិទ្យា ជលសាស្ត្រវិទ្យាជាដើម។ លោកបញ្ជាក់ថា លទ្ធផលដែលទទួលបានពីការសិក្សាស្រាវជ្រាវនឹងត្រូវបោះពុម្ពផ្សាយ និងរាយការណ៍ក្នុងកិច្ចប្រជុំធំៗដូចជា កិច្ចប្រជុំនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរជាដើម ដើម្បីរិះរកវិធីសាស្ត្រយ៉ាងណារក្សាតុល្យភាពប្រព័ន្ធអេកូឡូជីក្នុងតំបន់អង្គរឲ្យបានល្អប្រសើរ៕