អង្គភាព បណ្តាញព័ត៌មានគ្មានព្រំដែន (GNN) ក្រាបថ្វាយព្រះពរព្រះមហាក្សត្រក្នុងព្រះរាជឱកាសបុណ្យ ខួបលើកទី១២ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ

ថ្ងៃសុក្រ ទី ២៨ តុលា ២០១៦​
168

សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

បពិត្រព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងព្រះរាជឱកាសបុណ្យ ខួបលើកទី១២ នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិដ៏វិសេសវិសាល បវរថ្លៃថ្លា ខាងមុខនេះ ទូលព្រះបង្គំខ្ញុំម្ចាស់ ក្រោមល្អងធូលីព្រះបាទ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះសព្ទសាធុកាពរជ័យ និងសូមបួងសួងនឹកដល់គុណព្រះរតនត្រៃ គុណកែវទាំងបី អស់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ព្រះបារមីទេវតាថែរក្សាទឹកដីអង្គរដ៏បវរមហាអស្ចារ្យ បុណ្យបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះឫទ្ធិបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរៈក្សត្រ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបរមរតនៈកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គយាងចុះមកជួយអភិបាលឃុំគ្រង ប្រោសប្រទានព្រះពរជ័យ សិរីមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះជន្មាយឺនយូរ ព្រះកាយពល និងកម្លាំងពលំមាំមួន ព្រះសុខភាពល្អបរិបូរណ៌ ពោរពេញទៅដោយឫទ្ធីតេជៈបារមី សិរីសួស្ដី និងសុភមង្គលគ្រប់ពេលវេលា និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ និងដើម្បីរួមចំណែកកសាងជាតិ បម្រើជាតិឱ្យរីកចម្រើនជាដរាបតរៀងទៅ។

សូមព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជួបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះអង្គ ព្រះមេត្តាប្រោស ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញុតាធម៌ដ៏ជ្រោលជ្រៅបំផុតអំពីទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងក្រុមការងារ បណ្តាញព័ត៌មានគ្មានព្រំដែន (GNN)៕

photo_2016-10-28_13-49-41 photo_2016-10-28_13-49-47 photo_2016-10-28_13-49-51 photo_2016-10-28_13-49-54 photo_2016-10-28_13-49-56 photo_2016-10-28_13-49-58 photo_2016-10-28_13-50-24 photo_2016-10-28_13-51-02

ចែករំលែក

បញ្ចេញយោបល់