ស្ថានទូត​ឥណ្ឌូនេ​ស៊ី បំភ្លឺ​ជុំវិញ​ការផ្សាយ​ព័ត៌មានខុស​ការពិត​របស់​សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍

ថ្ងៃសុក្រ ទី ២៨ តុលា ២០១៦​
159

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការចុះផ្សាយខុសការពិតរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍។

សេចក្តីជូនព័ត៌មានបានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការបំភ្លឺផ្លូវការពីស្ថានទូតឥណ្ឌូនេស៊ី នៅភ្នំពេញពាក់ព័ន្ធនឹងអត្ថបទដែលមានចំណងជើងថា “ក្រោយកិច្ចព្រមព្រៀង ការយកចិត្តទុកដាក់របស់ពិភពលលោកបានប្រែប្រួល” របស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ដែលក្នុងនោះអ្នកកាសែត Shaun Turton បានដកស្រង់ដោយខុសឆ្គងនូវខ្លឹមសារកិច្ចសន្ទនាជាមួយលោក Wiryono Sastrohandoyo តំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលអញ្ជើញមកចូលរួមពិធីរំលឹកខួបទី២៥ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ហើយបានសរសេរថា “គាត់ (លោក Wiryono) បានរំលឹកឡើងវិញថា ហ៊ុន សែន ជាអ្នកធ្វើនយោបាយជាមួយនឹងអាវុធ”។

ដើម្បីកុំឱ្យមានការយល់ច្រឡំខុសសម្រាប់សាធារណមតិជាតិ និងអន្តរជាតិ ស្ថានទូតឥណ្ឌូនេស៊ីបានធ្វើការបំភ្លឺថា ព័ត៌មានដែលបានដកស្រង់មកនេះ មិនមានភាពត្រឹមត្រូវ ជាការដកស្រង់ដោយខុសឆ្គង ធ្វើឱ្យមានការយល់ច្រឡំដែលអាចធ្វើឱ្យសាធារណៈជនយល់ខុស ក៏ដូចជាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងទ្វេភាគីដ៏ប្រសើររបស់យើង។ មុនពេលចាកចេញពីភ្នំពេញលោក Wiryono បានធ្វើការពន្យល់តាមរយៈស្ថានទូតឥណ្ឌូនេស៊ី ថា លោកមានភាពចាំបាច់ដើម្បីពន្យល់ចំពោះអត្ថបទរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ដែលក្នុងនោះ ខ្ញុំត្រូវបានគេដកស្រង់សម្តីមិនត្រឹមត្រូវ។ បរិបទនៃការលើកឡើងនោះ គឺនៅពេលដែលកម្ពុជាកំពុងស្ថិតនៅក្នុងសង្រ្គាមស៊ីវិល ដូច្នេះ គ្រប់ភាគីទាំងអស់ធ្វើនយោបាយជាមួយនឹងអាវុធ។ ជាគោលនយោបាយរបស់ឥណ្ឌូនេស៊ី ក្នុងការបញ្ចប់អរិភាពដោយការទប់ស្កាត់ផ្នែកការទូត។ ដូចនេះ មិនមានការពាក់ព័ន្ធអ្វីទាល់តែសោះដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក Wiryono បានធ្វើការពន្យល់បន្ថែមទៀតថា អ្នកកាសែត Shaun Turton បានព្យាយាមសួរសំណួរបង្កប់ដោយល្បិចកលទោះបីជាលោកបានបដិសេធមិនឆ្លើយសំណួររបស់គាត់ក៏ដោយ។ លោកបាននិយាយថាលោកពុំមានសិទ្ធិ និងមុខតំណែងក្នុងការឆ្លើយសំណួរ និងផ្តល់ចំលើយអំពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជាទេ ហើយលោកបានយល់ដឹងយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការថែរក្សាទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដោយគោរពតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងសាមគ្គីភាពរបស់អាស៊ាន។

ស្ថានទូតឥណ្ឌូនេស៊ី បានស្នើសារព័ត៌មានភ្នំពេញប៉ុស្តិ៍ឱ្យធ្វើការកែតម្រូវជាចាំបាច់ចំពោះការផ្សាយមិនពិតរបស់ខ្លួនផងដែរ៕

photo_2016-10-28_11-18-30 photo_2016-10-28_11-18-35

 

ចែករំលែក

បញ្ចេញយោបល់