អតិថិជន Apple ទាំងអស់តែងតែដឹងច្បាស់រួចមកហើយថា រៀងរាល់ ៤ឆ្នាំ្តង គឺ MacBook Pro តែងតែធ្វើការផ្លាស់ប្តូរ រូបរាងថ្មីនៃកុំព្យូទ័រ MacBook Pro retina របស់ខ្លួន ដើម្បីបំពេញតាមចិត្តរបស់អតិថិជន។
កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Apple បានសម្រេចចិត្តលុប DVD Drive ចេញ ដើម្បីបង្កើត MacBook Pro retina អោយកាន់តែស្តើង និងស្រាលជាងមុន។ Apple ក៏បានបំពាក់អេក្រង់ថ្មី ផងដែរ ដែលអាចបង្ហាញកម្រិតដង់ស៊ីតេ បានកាន់ធំ មានពណ៌ដិតច្បាស់ល្អជាដើម។ ដោយឡែកសម្រាប់ Version ថ្មីនេះ Apple បានផ្លាស់ប្តូរយ៉ាងច្រើនទាក់ទងទៅនឹងរូបរាងរបស់វា ដោយប្តូរពណ៌មកជាប្រផេះចាស់ ថែមទាំងមានទំងន់ និងរូបរាងស្តើងជាងមុន។
អ្វីដែលយើងឃើញថ្មី និងប្លែកខុសពីកុំព្យូទ័រដទៃនោះ គឺវាមានអេក្រង់ Retina Display ប្រើបញ្ជាដោយប៉ះជាមួយខ្សែជំនួសអោយប៊ូតុង Function។ វាគឺជាការកែច្នៃ ដ៏ពិសេស និងគួរអោយ ស្ញប់ស្ញែងមួយ ព្រោះអីវាអាចជួយអោយយើង អាចធ្វើការបំពេញកិច្ចការងារ បានកាន់តែលឿន រហ័ស និងមានភាពស្និទ្ធស្នាលជាងមុន ជាមួយនឹងកុំព្យូទ័រយើង។ ជាការពិតណាស់ MacBook នៅតែមិនមានអេក្រង់ អាចបញ្ជា ដោយប៉ះបាន ក៏ប៉ុន្តែអេក្រង់មួយខ្សែនេះ គឺជាការឆ្លើយតប ទៅនឹងតម្រូវការនេះ ហើយមតិពួកយើងផ្ទាល់គិតថា វាងាយស្រួលប្រើ និងមានប្រយោជន៍ជាងកុំព្យូទ័រ ដែលអាចប៉ះបញ្ជាបាន។ Apple អោយឈ្មោះវាថា Touch Bar ដែលវាអាចប្រើជំនួសអោយ Function Key ហើយវាក៏នឹងបង្ហាញ រាល់មុខងារ ពេលយើងបើកកម្មវិធីនានាផងដែរ។ ឧទាហរណ៍បើយើងបើក កម្មវិធី Safari ផ្ទៃអេក្រង់ខាងក្រោមនេះ នឹងបង្ហាញ ជាវេបសាយដែល យើងគួរបើកចោល រឺ History ថ្មីៗ។
អ្វីដែលរឹតតែពិសេសនោះ កុំព្យូទ័រនេះ ក៏បានបំពាក់មកជាមួយ ទ្រនាប់ស្កេនម្រាមដៃ នៅជួរជាមួយកញ្ចក់ ប៉ះនេះផងដែរ ហេតុដូច្នេះហើយឥលូវនេះ យើងអាចធ្វើការដោះសោរ កុំព្យូទ័របានយ៉ាងងាយស្រួល សុវត្ថិភាព និងរហ័សបំផុត។
ក្រឡេកទៅមើល កម្លាំងម៉ាស៊ីនវិញ គឺវាត្រូវបានកែសម្រួល អោយកាន់តែដំណើរការ បានលឿនខ្លាំងល្អ ជាងជំនាន់មុនផងដែរ ទាំងម៉ូឌែល 13 អ៊ីង និង 15 អ៊ីង។ សម្រាប់ម៉ូឌែល 13 អ៊ីង ក្រុមហ៊ុនបំពាក់ CPU Core i5/i7 ជំនាន់ទីប្រាំមួយ, ប្រើ GPU Intel Iris, និង SSD ជំនាន់ថ្មី។ តាមការអះអាង វាដំណើរការហ្គេម លឿនជាងជំនាន់មុន 103%, Video Editing លឿនជាងមុន 76% និង លេងហ្គេម 3D បានលឿនជាងមុន 76%។ ចំពោះម៉ូឌែល 15 អ៊ីងវិញ វាកាន់តែខ្លាំងក្លា ជាមួយ CPU Core i7 Skylake 2133mhz, និងប្រើ GPU Radeon Pro។
ការលេងហ្គេម 3D Graphic លឿនជាងជំនាន់មុន 130%, លេងហ្គេមទូទៅលឿនជាងមុន 60% និង Video Editing លឿនជាងមុន 57%។ កុំព្យូទ័រនេះ ក៏មានរន្ធ Speaker ល្អខ្លាំងជាងមុនពីរដង មាន Trackpad ប្រភេទ ForceTouch កាន់តែធំងាយស្រួលបញ្ជា ហើយក្តារចុច វាក៏ប្តូរថ្មី ដែលអាចឆ្លើយតប និងវាយថ្នឹកដៃជាងមុនផងដែរ។
ឥលូវងាកមកមើលអ្វី ដែលគួរអោយខកចិត្ត ជាមួយនឹងកុំព្យូទ័រនេះម្តង។ iPhone 7 គឺគ្មានរន្ធកាសទេ ហើយចំណែកកុំព្យូទ័រនេះ គឺគ្មានរន្ធ USB 2.0 រឺ 3.0 ដែលមនុស្សទូទាំងពិភពលោក កំពុងប្រើប្រាស់នោះទេ។ Apple បានជំនួសមកវិញ នូវរន្ធ 3.1 Thunderbolt ជំនួនបួន រឺយើងអាចនិយាយថា USB ប្រភេទ C ក៏បាន។ វាអាចនឹងផ្តល់ ផលវិបាកបន្តិច ព្រោះអីយើងត្រូវការ រន្ធបំបែកទៀត ប្រសិនបើអ្នកចង់ តភ្ជាប់វា ជាមួយទូរស័ព្ទ, Flash Driver រឺ Mouse របស់អ្នក។ តែក៏អរគុណដែរ ដែលវានៅតែមានរន្ធកាស 3.5 មីលីម៉ែត្រ មិនបាត់ទៅណាដូច iPhone 7 ឡើយ។
សម្រាប់អ្នកដែលកំពុងរង់ចាំទិញ កុំព្យូទ័រ Mac ជំនាន់ថ្មីនេះ ប្រហែលជាមិនខកបំណងឡើយ ព្រោះអីយើងឃើញថា វាបានផ្លាស់ប្តូរតួខ្លួនច្រើន ជាពិសេសគឺមាន ពណ៌ Space-gray ដែលមើលទៅស្រដៀងនឹងពណ៌ខ្មៅ ស្រស់ស្អាតនិងថ្លៃថ្នូរទៀតផង។
វាក៏មានកញ្ចក់ប៉ះ ថ្មីមួយជាប់ជាមួយក្តារចុច មានប៊ូតុងស្កេនម្រាមដៃ ហើយវាក៏អាចដំណើរការបានលឿន ជាងមុនផងដែរ។ ក៏ប៉ុន្តែ Apple អាចនឹងផ្តល់ផលវិបាក ដល់អ្នកបាន តាមរយៈការលុបរន្ធ USB 2.0/3.0 ចេញ ពោលយ៉ាងហោចណាស់ ក៏ទុកអោយយើងមួយប្រើ ក៏អស់ចិត្តដែរ។
សម្រាប់តម្លៃរបស់វាវិញ គឺមិនខុសពីតម្លៃ MacBook ស៊េរីមុនៗចេញលក់ឡើយ ដោយម៉ូឌែល 13 អ៊ីង ដែលមាន លក្ខណៈសម្បត្តិទាបជាងគេ គឺមានតម្លៃ ចាប់ពី 1499$ ឡើងទៅ (តម្លៃដើមនៅ Apple Store)។ យ៉ាងណាមិញ ម៉ូឌែលនេះគ្មានប៊ូតុងស្កេនម្រាមដៃ និងអេក្រង់ Touch Bar នោះទេ ពោលម៉ូឌែល 13 អ៊ីងតម្លៃ 1799$ និងខ្ពស់ជាងនេះទើបមាន។ ដោយឡែក សម្រាប់ម៉ូឌែល 15 អ៊ីង ដែលមានម៉ាស៊ីន ខ្លាំងក្លានោះ គឺវាមានតម្លៃ ចាប់ពី 2399$ ឡើងទៅ ហើយម៉ូឌែល ដែលមានម៉ាស៊ីន ខ្លាំងជាងគេ គឺតម្លៃ 2799$។
មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះកុំព្យូទ័រ MacBook Pro 2016 ដ៏ថ្មីស្រឡាងទាំងពីរនេះពី Apple?