លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ដំណាក់កាលដុតចន្លុះ ដុតប្រេងកាត និងដុតទៀន គឺបានរសាត់ផុតពីកម្ពុជាហើយ

ថ្ងៃចន្ទ ទី ២៥ កញ្ញា ២០១៧​
88

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ (Hydro Power Lower Se San 2) ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នៅក្នុងឱកាសនេះ លោក បានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលប្រវត្តិសាស្រ្តដ៏ធំធេងនៅខេត្តស្ទឹងត្រែង។ សមិទ្ធផលនេះ គឺសម្រេចបានដោយមានការខិតខំប្រឹងប្រែងពីសំណាក់ក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនដៃគូទាំងអស់ដែលបានត្រៀមរៀបចំតាំងពី១០ឆ្នាំមុនមកម៉្លេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដំណាក់កាលដុតចន្លុះ ដុតខ្លាញ់ត្រី ដុតប្រេងកាត ដុតទៀន គឺបានរសាត់ផុតពីកម្ពុជាហើយ។ កម្ពុជាសព្វថ្ងៃកំពុងប្រើប្រាស់អគ្គីសនីជាង២,០០០មេហ្កាវ៉ាត់រួចហើយ។ តម្រូវការអគ្គីសនីគឺនឹងកើនខ្ពស់ទៀត ពីមុនការផ្គត់ផ្គង់អគ្គីសនីគឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះត្រូវទិញពីប្រទេសជិតខាង ប៉ុន្តែចាប់ពីពេលដំណើរការវារីអគ្គីសនីពីទីនេះទៅ គឺកម្ពុជាមានបណ្តាញផ្គត់ផ្គង់ខ្លូនឯងប្រកប ដោយស្ថេរភាពនិងឯករាជ្យភាព យើងមិនត្រឹមតែផ្គត់ផ្គង់សម្រាប់ខេត្តស្ទឹងត្រែងទេ គឺនឹងឆ្លងទៅផ្គត់ផ្គង់នៅខេត្តផ្សេងៗទៀត។ ស្ទើរតែគ្រប់វិស័យ គឺត្រូវការថាមពលអគ្គីសនីឱ្យដើរទៅមុខមុនគេ ដូចជាវិស័យទេសចរណ៍សព្វថ្ងៃ គឺត្រូវការអគ្គីសនីចាំបាច់បំផុត។ ច្បាស់ណាស់រាល់ការអភិវឌ្ឍ គឺតែងតែប៉ះពាល់ដល់បរិស្ថាន និងបងប្អូនអ្នកភូមិទោះបីតិចឬច្រើនក្តី ដូចជានៅភូមិស្រែស្រណុក និងឃុំក្បាលរមាស គឺរាជរដ្ឋាភិបាល និងក្រុមហ៊ុនបានរួមគ្នាដោះស្រាយជូនបងប្អូន ដោយបានរៀបចំកសាងធ្វើផ្ទះជូនបងប្អូន ហើយបានកាត់បន្ថយផលប៉ះពាល់បរិស្ថានឱ្យមានកម្រិតទាបបំផុត។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអញ្ជើញមកពិនិត្យការដ្ឋានម្តងរួចមកហើយ កាលពីថ្ងៃទី ២៦ កក្កដា ២០១៦។ ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុងប្រទេសកម្ពុជា។ មានក្រុមហ៊ុន៣ ដែលរួមគ្នាវិនិយោគដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១,៥២ លានដុល្លារអាមេរិក។ គម្រោងវិនិយោគនេះក៏បានឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាតិផងដែរ ដែលបានធានាដល់ទុនវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើឱ្យតម្លៃអគ្គីសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។ ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០គីឡូវ៉ាត់ម៉ោងគឺបង់តែ ៤៨០៛ ប្រសិនបើប្រើចាប់ពី ១១គវម-៥០គវម គឺបង់តែ៦១០៛ រដ្ឋនឹងជួយបង់ជំនួសនូវតម្លៃលើសពីនេះ។ ចំពោះខេត្តរនៈគិរី គឺបង់ តែ៦៧០៛ ព្រោះខេត្តនេះគឺមានវារីអគ្គីសនីប្រើរួចហើយ។ សព្វថ្ងៃមានប្រជាពល រដ្ឋជាង៣លានខ្នងផ្ទះដែលទទួលបានអគ្គីសនីប្រើប្រាស់។ យើងត្រូវរៀបចំឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទមានអគ្គីសនីប្រើប្រាស់គ្រប់ៗគ្នា។ វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំងថាមពល ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាលើកដំបូងនៅដើមឆ្នាំ២០១៨ ដែលមានកម្លាំងផលិតបាន ១.៩១២ លានគីឡូវ៉ាត់ម៉ោង។ ចំពោះតម្លៃដែលលក់ឱ្យអគ្គិសនីកម្ពុជាគឺ ៦,៩៥ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ (BOT) បន្ទាប់មកនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង។ ក្រោយពីចប់៤០ឆ្នាំ គឺរដ្ឋយកមកគ្រប់គ្រងទាំងស្រុង ឬជួលបន្តឱ្យ ក្រុមហ៊ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលចិន ដែលបានគាំទ្រ និងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា។ ចំពោះក្រុមហ៊ុនដែលបានមកចុះបញ្ជីវិនិយោគហើយមិនព្រមធ្វើទេគឺបានតែសន្យា គឺរាជរដ្ឋាភិបាលនឹងដកអោយអ្នកផ្សេងធ្វើ។ លោក ក៏បានកោតសរសើរសារជាថ្មីដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម និងជាមួយក្រសួងរ៉ែ និងថាមពល។ អរគុណកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមការពាសន្តិសុខដល់ដំណើរការសាងសង់វារីអគ្កីសនី និងជាពិសេសអរគុណបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ដែលបានសហការរហូតដល់កម្រោងដ៏ធំនេះបានចេញជារូបរាងពិតប្រាកដនៅថ្ងៃនេះ៕

ចែករំលែក

បញ្ចេញយោបល់