នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ក្រសួងពាណិជ្ជកម្មបានបើកសម្ពោធការតាំងពិព័រណ៍ផលិតផលខ្មែរនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមតាំងបង្ហាញនូវផលិតផលរបស់ខ្មែរជាង ២០០ស្តង់។ ពិធីនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថាពិព័រណ៍ផលិតផលខ្មែរនេះ ធ្វើឡើងក្នុងបំណងលើកស្ទួយ និងទាក់ទាញការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋ ហើយតាមរយៈការតាំងបង្ហាញផលិតផលនាពេលកន្លងមក គឺទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តមបានបន្តទៀតថា នៅក្នុងពិព័រណ៍លើកនេះក៏មានការរៀបចំជាសិក្ខាសាលាដើម្បីបណ្តុះបណ្តាលដល់ធុរជន និងម្ចាស់សហគ្រាសនានា អំពីការពង្រឹងគុណភាព និងសោភណភាពផលិតផលថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងកោតសរសើរចំពោះការផ្តួចផ្តើមដាក់ចេញនូវយុទ្ធនាការទិញផលិតផលខ្មែររបស់ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមមានប្រសាសន៍ថា យុទ្ធនាការនេះគឺជាសំឡេងជួងពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ទាំងឡាយ ឲ្យងាកមកប្រើប្រាស់ទំនិញក្នុងស្រុក កាត់បន្ថយការនាំចូលទំនិញពីបរទេស និងជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស ពិសេសរួមចំណែកបង្កើនការងារជូនប្រជាពលរដ្ឋ និងធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ចជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា យុទ្ធនាការនេះក៏នឹងជួយពង្រឹងសហគ្រាសក្នុងស្រុក ឲ្យប្រឹងប្រែងផលិតនូវទំនិញដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងសោភ័ណភាពទាក់ទាញ ជាមួយតម្លៃសមរម្យ ដើម្បីធ្វើការប្រកួតប្រជែងជាមួយទំនិញនាំចូល។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍យុទ្ធនាការទិញផលិតផលខ្មែរនេះ បានធ្វើឡើងចំនួន ៣ដងរួចមកហើយ ដោយលើកទី១ធ្វើនៅសៀមរាប ទី២ធ្វើនៅខេត្តកំពង់ចាម និងទី៣ធ្វើនៅខេត្តព្រះសីហនុ។សម្រាប់លើកនេះ គឺមានរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ដែលមានការបង្ហាញនូវផលិតផលខ្មែរដូចជា សម្លៀកបំពាក់ធ្វើពីក្រមា សូត្រ គ្រឿងភេសជ្ជៈ និងចំណីអាហារផងដែរ។ បន្ថែមលើនេះ ក្នុងអំឡុងពេលតាំងពិព័រណ៍ក៏មានការចូលរួមសម្តែងពីសិល្បករ និងសិល្បការនីល្បីៗនៅក្នុងព្រះរាជាកម្ពុជាផងដែរ៕