ពលរដ្ឋអាមេរិកតិចតួចណាស់ពេញចិត្តនឹងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយ ធ្វើឲ្យបញ្ហានេះក្លាយជាការយកចិត្តទុកដាក់យ៉ាងសំខាន់នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានា ធិបតីរវាងលោកស្រី Hillary Clinton ដែលមកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump ដែលមកពីគណបក្សសាធារណៈរដ្ឋ។
សេដ្ឋកិច្ចជាតិមានការកែលំអប្រសើរឡើងនៅក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងទៅនេះ បន្ទាប់ ពីមានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកបោះឆ្នោតមានការស្ងប់ចិត្តឡើយ។
ភាពគ្មានការងារធ្វើគឺនៅក្នុងកម្រិតដ៏ប្រសើរមួយគឺចំនួន ៥ ភាគរយ ប៉ុន្តែសន្ទុះនៃកំណើន សេដ្ឋកិច្ចនៅតែទន់ខ្សោយគួរឲ្យបារម្ភ។ ពលករកាន់តែច្រើនមានសញ្ញាបត្រមហាវិទ្យាល័យ ប៉ុន្តែ ប្រាក់ចំណូលជាមធ្យមនៅតែទាបជាងក្នុងឆ្នាំ ១៩៩៩ ដែលកើនខ្លាំងដល់កំពូល។ អត្រាកម្ចីទិញ ផ្ទះដែលមានកម្រិតទាបជាប្រវត្តិសាស្រ្តបានជួយឲ្យប្រជាពលរដ្ឋរាប់លាននាក់មានផ្ទះជាកម្មសិទ្ធិ ក៏ប៉ុន្តែ អត្រាអ្នកមានផ្ទះជាកម្មសិទ្ធិបានធ្លាក់ចុះយ៉ាងទាបនៅកន្លះសតវត្សរ៍នេះ។ ការចំណាយ លើថ្លៃថ្នាំពេទ្យ និងថ្លៃមើលថែទាំកុមារកំពុងតែកើនឡើងខ្លាំង ទោះបីអតិផរណាជាទូទៅមាន កម្រិតទាបក៏ដោយ។
បេក្ខជនប្រធានាធិបតីទាំងពីរមានទស្សនៈវិស័យផ្ទុយគ្នាក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ច។
លោកស្រី Clinton ភាគច្រើនបានចាត់ទុកកំណើនអសមភាពក្នុងសង្គមថាជាបញ្ហា។ លោកស្រីបានសន្យាបង្កើនពន្ធដាលើអ្នកមានទ្រព្យធន ដើម្បីយកថវិកាចំណាយលើកម្មវិធីនានាដែលសំដៅលើប្រជាពលរដ្ឋវណ្ណៈកណ្តាល ដូចជាការសិក្សាមិនបង់ថ្លៃនៅមហាវិទ្យាល័យការបន្ត ផ្តល់ប្រាក់បៀវត្សរ៍សំរាប់ការសុំច្បាប់សម្រាលមាតុភាព និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ នេះគឺជាការបាញ់ត្រង់ចំគោលដៅក្នុងការបែកចែកធនធានឡើងវិញ បន្ទាប់ពីប្រាក់ចំណូលបាន កើនឡើងខ្លាំងសំរាប់តែប្រជាពលរដ្ឋមួយភាគរយប៉ុណ្ណោះនៅក្នុងប្រទេស។
លោកស្រី Clinton បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅក្នុងខែ កញ្ញាឆ្នាំនេះថា “ ប្រវត្តិសាស្រ្តរបស់យើងបានបង្ហាញយើងថា កំណើនខ្លាំងបំផុតនៅក្នុងសេដ្ឋកិច្ចរបស់យើងគឺជាកំណើនមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសំរាប់ប្រជាពលរដ្ឋគ្រប់រូបពោលគឺ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូបអាចរួមចំណែកក្នុងវិបុលភាព និងភាគលាភនៃសេដ្ឋកិច្ចរបស់យើង។”
លោក Trump បានស្តីបន្ទោសកំណើនយឺតយ៉ាវលើភាពអសមត្ថភាព និងអំពើពុករលួយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មបាននាំឲ្យបាត់បង់ការងារនៅតាមរោងចក្រ ដែលលោកបានសន្យាថា នឹងនាំត្រឡប់មកវិញតាមរយៈការដំឡើងពន្ធគយយ៉ាងច្រើន ប្រសិនបើចាំបាច់។ លោកមានបំណងជម្រុញកំណើនសេដ្ឋកិច្ចដោយកាត់បន្ថយពន្ធដាសំរាប់ពលរដ្ឋអាមេរិកដែលមានទ្រព្យធនច្រើនជាងគេ និងលុបចោលបទបញ្ញត្តិមួយចំនួន។ ជារឿយៗលោក Trump បានចាត់ទុកសេដ្ឋកិច្ចថាជាល្បែងចាញ់ឈ្នះមួយ ដោយមានអ្នកឈ្នះ និងអ្នកចាញ់ពិតប្រាកដ ដោយលោកបាននិយាយថា ជនបរទេសបានផលចំណេញពីការខាតបង់របស់ពលករសហរដ្ឋអាមេរិក។
លោក Trump បាននិយាយអំពីសេដ្ឋកិច្ចដ៏ធំជាងគេនៅលើពិភពលោកនៅក្នុងសុន្ទរកថា ថ្មីៗរបស់លោកនៅក្នុងរដ្ឋ Colorado ថា “យើងនឹងក្លាយជាប្រជាជាតិអ្នកមានជាថ្មីម្តងទៀត។”
មានភាពស្រដៀងគ្នាមួយចំនួនរវាងបេក្ខជនទាំងពីរនេះ ពោលគឺអ្នកទាំងពីរជម្រុញឲ្យមាន ការជួយគាំទ្រដល់ការងារថែទាំកុមារ។ អ្នកជំនាញនៅក្រៅយុទ្ធនាការនេះជាទូទៅនិយាយថា លោក Trump នឹងបង្កើនបំណុលជាតិច្រើនជាងលោកស្រី Clinton ។ ក៏ប៉ុន្តែ អង្គការមូលនិធិពន្ធដា ដែលមានទំនោរអភិរក្សនិយមបានលើកឡើងថា ការបង្កើនពន្ធដារបស់លោកស្រី Clinton នឹង កាត់បន្ថយអត្រាកំណើនចំនួន ២,៦ ភាគរយនៅក្នុងរយៈពេល ១០ ឆ្នាំ។ ប៉ុន្តែ រយៈពេលក៏មាន សារៈសំខាន់ផងដែរ។ ការសិក្សាសា្រវជ្រាវមួយរបស់អង្គភាព Penn Wharton Budget Model បង្ហាញថាផែនការពន្ធដារបស់លោក Trump មានលក្ខណៈប្រសើរជាងនៅក្នុងរយៈពេលខ្លីនេះ ចំណែក ផែនការរបស់លោកស្រី Clinton ល្អជាងនៅក្នុងរយៈពេលវែង។
ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃសំណើផែនការរបស់បេក្ខជនទាំងពីរ៖
ពាណិជ្ជកម្ម
លោកស្រី Clinton ៖ លោកស្រីមានប្រវត្តិស្មុគស្មាញជាមួយពាណិជ្ជកម្ម។ លោកស្រីធ្លាប់ បាននិយាយថា កិច្ចព្រមព្រៀងដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក (Trans Pacific Partnership) ដែលបច្ចុប្បន្ននៅជាប់គាំង បានកំណត់នូវ “ស្តង់ដាដ៏ល្អដូចមាស” ប៉ុន្តែ លោកស្រីបានច្រានចោលកិច្ចព្រមព្រៀងនេះ ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មបានក្លាយជាកិច្ចព្រមព្រៀងដែលគ្មានប្រជាប្រិយភាពជាមួយអ្នកបោះឆ្នោត។ លោកស្រី Clinton បាននិយាយថា លោកស្រីនឹងគាំទ្រតែកិច្ចព្រមព្រៀងណាដែលការពារពលករ និងស្តង់ដាបរិស្ថានរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងសុន្ទរកថានានាដែលទទួលបានប្រាក់កម្រៃនៅខាងក្រោយទ្វារបិទជិត លោកស្រីបានថ្លែងប្រាប់អ្នកចូលរួមស្តាប់សុន្ទរកថារបស់លោកស្រីថា “ក្តីសុបិនរបស់លោកស្រីគឺទីផ្សាររួមមួយនៅអឌ្ឍគោលនេះ ដោយមានពាណិជ្ជកម្ម និងព្រំដែនបើកចំហរ” ។
លោក Trump ៖ ចំពោះលោក Trump បញ្ហាភាគច្រើនរបស់សហរដ្ឋអាមេរិកគឺកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អាក្រក់។ លោកបាននិយាយថា ប្រទេសម៉ិចស៊ិក ចិន និងជប៉ុនកំពុងកាត់ច្រៀកសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងបើកចំហរទីផ្សារ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (North American Free Trade Agreement) បាននាំឲ្យក្រុមហ៊ុនជាច្រើននាំយកការងារនៅតាមរោងចក្ររបស់ខ្លួនទៅកាន់ប្រទេសម៉ិចស៊ិក។ លោក Trump ក៏បាននិយាយថា លទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះគឺធ្វើឲ្យមានគម្លាតពាណិជ្ជកម្មចំនួន ៥០០ ពាន់ លានដុល្លារ ដែលលោកនឹងត្រូវលុបំបាត់ទៅវិញតាមរយៈការចរចាឡើងវិញលើកិច្ចព្រមព្រៀង ទាំងនេះ អាចជាការដំឡើងពន្ធគយ ហើយបន្ទាប់មកនាំយកការងារទាំងនោះត្រឡប់មកសហរដ្ឋអាមេរិកវិញ។
ប៉ុន្តែ គ្មានអ្នកសេដ្ឋកិច្ចណាម្នាក់ ដែលបានសិក្សាអង្កេតដោយសកលវិទ្យាល័យ University of Chicago នៅឆ្នាំនេះគិតថា ការបង្កើនពន្ធគយខ្ពស់នឹងនាំយកការងារត្រឡប់មកវិញឡើយ។ លោកសាស្រ្តាចារ្យ David Autor ដែលបានសិក្សាស្រាវជ្រាវលើសហគមន៍សហរដ្ឋអាមេរិក ដែលរងផលប៉ះពាល់ពីពាណិជ្ជកម្មជាមួយចិនបាននិយាយដោយឆ្លើយតបទៅនឹងការសិក្សាអង្កេតនេះថា “ ការយកពន្ធពីអ្នកប្រើប្រាស់ដើម្បីឧបត្ថម្ភធនដល់ផលិតកម្មក្នុងស្រុកគឺជាសេដ្ឋកិច្ចមួយដ៏អាក្រក់។ “
ថវិកាសហព័ន្ធ
លោក Trump ៖ លោក Trump សង្ឃឹមថានឹងជម្រុញឲ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការកាត់ពន្ធសំរាប់អាជីវកម្ម និងអ្នកមានទ្រព្យធន ដែលជាផែនការមួយអ្នកជំនាញនៅខាងក្រៅ និយាយថា នឹងធ្វើឲ្យឱនភាពថវិកាកើនឡើងខ្លាំង។ ការកាត់បន្ថយពន្ធរបស់លោកដែលភាគច្រើន ផ្តោតលើអ្នកមានប្រាក់ចំណូលខ្ពស់ និងអាជីវកម្មនឹងធ្វើឲ្យបំណុលសហព័ន្ធកើនឡើងដល់ ៥,៣ ទ្រីលានដុល្លាររហូតដល់ឆ្នាំ ២០២៦ នេះយោងតាមការវិភាគមួយរបស់គណៈកម្មាធិការសំរាប់ ថវិកាដែលមានការទទួលខុសត្រូវ (Committee for a Responsible Budget) ។
លោក Trump នឹងកាត់ការចំណាយលើកម្មវិធីថែទាំសុខភាពសង្គមលុបបំបាត់ច្បាប់ថែទាំ សុខភាពរបស់ប្រធានាធិបតី Obama ដែលហៅថា Obamacare និងកាត់បន្ថយការចំណាយក្នុង ស្រុកដែលត្រួតត្រាដោយសភាក្នុងមួយឆ្នាំចំនួន ១ ភាគរយ។ បេក្ខជនបក្សសាធារណៈរដ្ឋរូបនេះ ក៏បានសន្យាចំណាយបន្ថែមលើយោធា អតីតយុទ្ធជន និងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកជំនាញនៅខាងក្រៅនិយាយថា លោក Trump ទំនងជាមិនអាចសម្រេចបានកំណើន ៣,៥ ភាគរយ ដែលលោកបានសន្យានោះទេ មួយផ្នែកធំដោយសារតែកត្តាប្រជាសាស្រ្តដូចជា ប្រជាពលរដ្ឋអាមេរិកមានវ័យចំណាស់ ដែលបានរក្សាកំណើននៅត្រឹម ២ ភាគរយ។
លោកស្រី Clinton ៖ លោកស្រីនឹងដំឡើងពន្ធ ជាពិសេសលើអ្នកមានទ្រព្យធនឲ្យបាន ចំនួនជាង ១,៥ ទ្រីលានដុល្លារនៅក្នុងរយៈពេល ១០ ឆ្នាំ។ ការដំឡើងពន្ធទាំងនោះនឹងជួយផ្តល់ ហិរញ្ញប្បទានដល់ការសិក្សានៅមហាវិទ្យាល័យសំរាប់គ្រួសារជាច្រើន គាំទ្រដល់កម្មវិធីថែទាំកុមារ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ប្រាក់បៀវត្សរ៍សំរាប់ច្បាប់សម្រាលមាតុភាព។ បំណុលនឹងកើនឡើងចំនួន ២០០ ពាន់លាននៅក្នុងរយៈពេល ១០ ឆ្នាំនៅក្រោមផែនការរបស់លោកស្រី Clinton នេះយោងតាមការវិភាគមួយរបស់គណៈកម្មាធិការសំរាប់ថវិកាដែលមានការទទួលខុសត្រូវ (Committee for a Responsible Budget)។ ទំហំបំណុលដែលកើននោះគឺជាចំណែកមួយដ៏តូចនៃអ្វី ដែលនឹងកើតឡើងនៅក្រោមផែនការរបស់លោក Trump ។
ធនាគារកណ្តាល
លោក Trump ៖ លោក Trump ទទួលយកទ្រឹស្តីសមគំនិត (conspiracy theories) អំពី ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក។ ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់ក្នុងរយៈពេល ខ្លីជិតដល់កម្រិតមួយទាបជាប្រវត្តិសាស្រ្តចាប់តាំងពីឆ្នាំ ២០០៨ ដើម្បីជួយជម្រុញកំណើនសេដ្ឋ កិច្ច។ អត្រានេះបានជួយឲ្យមានការងារធ្វើដោយមិនប្រឈមនឹងហានិភ័យនៃអតិផរណាខ្ពស់។ ប្រសិនបើប្រធានធនាគារកណ្តាលលោកស្រី Janet Yellen ប្រឈមនឹងបញ្ហាណាមួយ នោះឥឡូវ នេះគឺជាការធ្វើសកម្មភាពឲ្យមានតុល្យភាពយ៉ាងប្រុងប្រយ័ត្នមួយក្នុងផ្លាស់ប្តូរអត្រាការប្រាក់ទាបនៅក្នុងរយៈពេលជាច្រើនឆ្នាំនេះ ដោយមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
ជាមហាសេដ្ឋីអចលនៈទ្រព្យម្នាក់ លោក Trump បាននិយាយថា លោកពេញចិត្តនឹងអត្រា ការប្រាក់ទាបនេះណាស់ ប៉ុន្តែលោកក៏បានចាត់ទុកធនាគារកណ្តាលឯករាជ្យនេះថាជាតុក្កតា នយោបាយមួយរបស់សេតវិមាន។ លោកបាននិយាយថា លោកស្រី Yellen កំពុងរក្សាអត្រាការ ប្រាក់ទាបដើម្បីឲ្យគេមើលឃើញថាលោក Obama គឺជាប្រធានាធិបតីដ៏ល្អម្នាក់។គោលនយោបាយរបស់ធនាគាកណ្តាលបានធ្វើឲ្យមាន “អស្ថិរភាពយ៉ាងធ្ងន់ធ្ងរ និងដ៏អាក្រក់” នៅក្នុងទីផ្សារភាគហ៊ុន នេះគឺជាការលើកឡើងរបស់លោកនៅក្នុងការជជែកដេញដោលប្រធានាធិបតីលើកទីមួយ។ លោកបាននិយាយថា លោកស្រី Yellen គួរតែខ្មាស់ខ្លួនឯង។
លោកស្រី Clinton ៖ លោកស្រីបានគាំទ្រផែនការរបស់គណបក្សប្រជាធិបតេយ្យក្នុងការ ដកអ្នកគ្រងគ្រងធនាគារក្នុងវិស័យឯកជនចេញពីគណៈកម្មាធិការតំបន់របស់ធនាគារកណ្តាល ដោយលើកឡើងថា ធនាគារកណ្តាលគួរតែផ្តោតកាន់តែខ្លាំងលើសាធារណៈជនទូទៅជាជាងលើ អ្នកគ្រប់គ្រងធនាគារ។ ទេសាភិបាលធនាគារកណ្តាលលោកស្រី Lael Brainard បានឧបត្ថម្ភយុទ្ធនាការឃោសាបោះឆ្នោតរបស់លោកស្រី Clinton ប៉ុន្តែ លោកស្រី Yellen បានការពារឯករាជ្យភាពរបស់ធនាគារកណ្តាលយ៉ាងខ្លាំងក្លា។
អំពីការងារ
លោកស្រី Clinton ៖ លោកស្រីបាននិយាយថា ការវាស់វែងអំពីជោគជ័យរបស់លោកស្រី គឺ “កំណើនប្រាក់ចំណូលសំរាប់គ្រួសារដែលខិតខំធ្វើការ។” គោលដៅរបស់លោកស្រីក្នុងការបង្កើនប្រាក់ចំណូលនឹងរួមមានផែនការរយៈពេល ៥ ឆ្នាំ ដែលមានទឹកប្រាក់ចំនួន ២៧៥ ពាន់លានដុល្លារដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ ទស្សនៈនៅទីនេះគឺថា ការជួសជុលផ្លូវ និង ស្ពាននឹងបង្កើតការងារក្នុងវិស័យសាងសង់ ជាមួយគ្នានេះក៏កាត់បន្ថយពេលវេលាធ្វើដំណើរសំរាប់ប្រជាពលរដ្ឋផងដែរ។ លោកស្រីក៏គាំទ្រឲ្យមានការដំឡើងប្រាក់កម្រៃអប្បបរមាសំរាប់ការងារ សហព័ន្ធពីបច្ចុប្បន្នចំនួន ៧,២៥ ដុល្លារ ទៅ ១២ ដុល្លារក្នុងមួយម៉ោង។
លោក Trump ៖ លោក Trump បានកំណត់ទិសដៅដ៏ពិបាកមួយក្នុងការបង្កើតការងារចំនួន ២៥ លានកន្លែងនៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ទាំងនេះអាស្រ័យមួយផ្នែកធំលើការសម្រេចឲ្យបានកំណើនសេដ្ឋកិច្ចជាមធ្យមចំនួន ៣,៥ ភាគរយ ដែលអ្នកសេដ្ឋកិច្ចខាងក្រៅបាននិយាយថា មិនអាចទៅរួចឡើយ។ ក្រុមយុទ្ធនាការបោះឆ្នោតរបស់ Trump បានអះអាងថា អត្រាពន្ធទាប បទបញ្ញត្តិតិចតួច កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដែលបានចរចាឡើងវិញ និងការរិតត្បិត តិចតួចលើការផលិតប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិនឹងជម្រុញឲ្យមានកំណើនការងារ។
ផែនការរបស់លោក Trump សន្មត់ថា ការជីក និងការធ្វើអាជីវកម្មរ៉ែធម្មជាតិនឹងបង្កើនការ ងារចំនួន ៥០០.០០០ កន្លែងជារៀងរាល់ឆ្នាំ ទោះបីការអះអាងនោះហាក់ដូចជាមិនបានបញ្ចូល កត្តាតម្លៃ ដែលបានកំណត់នៅលើទីផ្សារបើកចំហរក៏ដោយ។ លោក Trump ក៏នឹងគាំទ្រឲ្យមានការចំណាយលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដោយលោកបាននិយាយថា លោកនឹងបង្កើនការ ចំណាយទ្វេដងលើផែនការរបស់លោកស្រី Clinton ៕
ប្រភពៈ AP ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦