សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ ក្នុង​ព្រះរាជ​ពិធីខួប​លើក​ទី១២ នៃ​ការយាងគ្រង​ព្រះបរម​សិរីរាជ​សម្បត្តិ

ថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា ២០១៦​
121

សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតិ អភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និង ចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ប្រកបដោយស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត និងសូមក្រាបថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីរំលឹកខួបលើកទី១២ នៃការគ្រងរាជ្យសម្បត្តិនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស។

សម្តេចតេជោ និងមន្រ្តីរាជការទាំងអស់សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមី ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោសព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការដើម្បីព្រះអង្គ ទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្ត ចម្រើនរុងរឿងដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ និងសូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ   វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕

photo_2016-10-27_12-35-41

ចែករំលែក

បញ្ចេញយោបល់