ក្នុងពេលថ្មីៗនេះ ក្នុងបណ្តាញសង្គមមានការបង្ហោះជាបន្តបន្ទាប់នូវរូបភាព និងវីដេអូឃ្លីបមួយចំនួនស្តីពីការសង្ស័យ និងក្តីបារម្ភជាអង្ករប្លាស្ទិកតាមរយៈការបង្ហោះសកម្មភាពពិសោធន៍ជាលក្ខណៈផ្ទាល់ខ្លួន ដូចជាលីង ដុតជាដើម ព្រមទាំងបានបង្ហាញនូវឈ្មោះរោងម៉ាស៊ីន និងក្រុមហ៊ុនផ្គត់ផ្គង់អង្ករនោះផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា បានតាមដាននូវសកម្មភាពខាងលើនេះយ៉ាងយកចិត្តទុកដាក់ ដោយមានការសហការពីសំណាក់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញអាហរ័ណ-នីហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដោយធ្វើតេស្តបញ្ជាក់ តាមបច្ចេកទេសច្បាស់លាស់។ ដើម្បីធានានូវកេរ្តិ៍ឈ្មោះអង្ករកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជានឹងសហការគ្នាជាមួយកាំកុងត្រូលើដើម្បីជំរុញការដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់រវាងអ្នកដែលអះអាងពីអង្ករប្លាស្ទិកជាមួយភាគីពាក់ព័ន្ធទាំងអស់ ដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធដើម្បីវិនិច្ឆ័យករណីទាំងនេះ និងស្វែងរកការទទួលខុសត្រូវមួយតាមផ្លូវច្បាប់។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវដល់សាធារណជន និងបណ្តាក្រុមហ៊ុននានាមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការដោះស្រាយបញ្ហានេះជាមួយអាជ្ញាធរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ សហព័ន្ធស្រូវអង្ករកម្ពុជានឹងធ្វើការរៀបចំប្រព័ន្ធការពារគុណភាពជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងនិងការពារគុណភាពអង្ករកម្ពុជា៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាខាងក្រោម៖