នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នេះ យោងលើ សេចក្តីថ្លែងការណ៍ដែលបានបង្ហោះផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម យុវជនគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ទាមទារ គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិដកដំណែងកញ្ញា កឹម មនោវិទ្យា ដើម្បីជាការព្រមាន បន្ទាប់ពីនាង បានរិះគន់ចំៗ និងធ្ងន់ៗចំពោះមេដឹកនាំកំពូលគណបក្សប្រឆាំងគឺ លោក សម រង្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ យុវជនគណបក្សសង្គ្រោះជាតិប្រកាសជំហរប្រឆាំងដាច់ខាតរបស់ខ្លួនប្រឆាំងនូវការលើកឡើងរបស់ កញ្ញា កឹម មនោវិទ្យា និងថែមទាំងបានសំណូមពរទៅគណៈកម្មាធិការ អចិន្ត្រៃយ៍ និងគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិឲ្យដកដំណែង និងតួនាទីទាំងអស់ជាបន្ទាន់របស់ កឹម មនោវិទ្យា ដើម្បីជាការព្រមានដ៏ធ្ងន់ធ្ងរចំពោះទង្វើដ៏ឆ្កួតលីលាបំផ្លាញបក្ស និងមើលងាយមើលថោក គ្មានការគោរពចំពោះលោកប្រធាន សម រង្ស៊ី។