យោងតាមការអញ្ជើញរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយអនុវត្តន៍តាមផែនការសហប្រតិបត្តិការឆ្នាំ២០១៦ រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាស្តីពីនយោបាយការពារជាតិកម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិលើកទី២រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៦ នៅទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ រួមមាន វត្តមានលោកនាយឧត្តមសេនីយ៍មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត។ ពេលអញ្ជើញដល់ទីស្តីការក្រសួងការពារប្រទេសទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកនាយឧត្តមសេនីយ៍ នាង ផាតរដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានលោកឧត្តមសេនីយ៍ឯកបម្រុងង្វៀង ជីវិញ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទទួលស្វាគមន៍ដោយបានបង្ហាញនូវមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាលជាទីបំផុត។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីមិត្តវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុងង្វៀង ជីវិញ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងពីការពិនិត្យវាយតម្លៃទៅលើការវិវត្តន៍ នៃសភាពការណ៍សកលលោកសភាពការណ៍តំបន់និងសភាពការណ៍ជាតិ ដែលកំពុងវិវត្តន៍ថ្មីៗព្រមទាំងវាយតម្លៃពីផលប៉ះពាល់ដែលបណ្តាលមកពីឥទ្ធិពលរបស់បណ្តាប្រទេសមហាអំណាច មកលើសន្តិសុខនយោបាយការពារជាតិ របស់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតម្រូវឲ្យបណ្តាប្រទេសទាំងនោះពិចារណាអំពីគោលនយោបាយរបស់ខ្លួន ដែលអាចដោះស្រាយបញ្ហាប្រឈម ជាយុទ្ធសាស្ត្រនៅក្នុងតំបន់ក្នុងគោលដៅរួម គឺដើម្បីធានាបាននូវសុខសន្តិភាពស្ថិរភាពនិងវិបុលភាពយូរអង្វែងសម្រាប់បណ្តាប្រទេសនីមួយៗ និងនៅក្នុងតំបន់ទាំងមូលផងដែរ។
ដោយឡែកចំពោះកម្ពុជា និងវៀតណាម បើទោះបីជាមានផលប៉ះពាល់អំពីការប្រែប្រួលនៅក្នុងយុទ្ធសាស្ត្រតំបន់ ដែលបាននិងកំពុងវិវត្តន៍យ៉ាងឆាប់រហ័សជាពិសេសពាក់ព័ន្ធ ទៅនឹងវិស័យនយោបាយការពារជាតិ នៃប្រទេសទាំងពីរដែលទាមទារឲ្យមានការបង្កើននូវជំនឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលប្រទេសទាំងពីរធ្លាប់មានទំនាក់ទំនងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការជិតខាងល្អ តាំងពីយូរលង់ណាស់មកហើយ។
លោកនាយឧត្តមសេនីយ៍ នាង ផាត ប្រធានប្រតិភូភាគីកម្ពុជា ក៏បានសង្កត់ធ្ងន់ផងដែរថាទោះបីជាមានការប្រែប្រួលនៃសភាពការណ៍យ៉ាងណាក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់ទំនាក់ទំនងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាមិត្តជិតខាងល្អ ជាពិសេសការកំណត់នូវទស្សនៈគោលនយោបាយការពារជាតិ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែត្រូវបានពង្រឹងពង្រីក និងបង្កើននូវជំនឿជឿជាក់ដ៏ស៊ីជម្រៅថែមទៀត។
នៅក្នុងកិច្ចសន្ទនានេះដែរ ភាគីមិត្តដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុងង្វៀង ជីវិញអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការវាយតម្លៃចំពោះការវិវត្តន៍នៃសភាពការណ៍សកលលោក និងតំបន់ពាក់ព័ន្ធទៅនឹងនយោបាយការពារជាតិដែលនីមួយៗមានគោលដៅអភិវឌ្ឍន៍រៀងៗខ្លួន។ ដោយឡែកនៅក្នុងសភាពការណ៍ថ្មីៗនេះវៀតណាម ត្រូវតែម្ចាស់ការចំពោះការប្រែប្រួលដោយសន្តិវិធីនូវរាល់ដំណោះស្រាយ និងបញ្ហាប្រឈមនានានិងចាត់ទុកវេទិការអាស៊ានជាវេទិការសំខាន់ដើម្បីសន្ទនាជាមួយប្រទេសធំៗហើយនៅក្នុងអាស៊ានវៀតណាមចាត់ទុកកម្ពុជា និងឡាវ ជាដៃគូរសំខាន់ និងត្រូវរក្សាសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក។
យោងទៅតាមសំណើរបស់ភាគីកម្ពុជា នៅក្នុងកិច្ចសន្ទនានោះផងដែរ ភាគីវៀតណាម បន្តជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ បន្តជួយឧបត្ថម្ភ និងអនុវត្តន៍តាមពិធីសារស្តីពីកិច្ចសហប្រតិប្រតិ្តការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរកម្ពុជា-វៀតណាម ។
ក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានឯកភាពដល់ការពង្រឹងសហប្រតិបត្តិការតាមបណ្តោយព្រំដែនអង្គភាពយោធភូមិភាគជាប់តំបន់ព្រំដែន និងបន្តផ្លាស់ប្តូរទស្សនកិច្ចតាមបណ្តាជំនាញ និងអង្គភាពដែលត្រូវផ្តល់បទពិសោធន៍ការផ្តល់ព័ត៌មានទៅវិញទៅមក ក៏ដូចជាសហការយកចិត្តទុកដាក់ដល់ការងារអប់រំចិត្តសាស្ត្រ ក្នុងកងយោធពលខេមរភូមិន្ទ និងសហការបង្រៀន និងបំប៉នលើផ្នែកភាសារទៅវិញទៅមក ដោយនឹងរៀបចំកម្មវិធីជាក់ស្តែងនាពេលខាងមុខ ព្រមទាំងពិភាក្សារៀបចំក្រុមសហការសង្គ្រោះតាមតំបន់ព្រំដែនដែលនឹងពិចារណារៀបចំកសាងដាក់បញ្ចូលក្នុងអនុស្សរណៈ និងពិធីសារប្រចាំឆ្នាំ២០១៧ខាងមុខ។
ក្នុងកិច្ចសន្ទនាស្តីពីនយោបាយការពារជាតិ កម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិលើកទី២ភាគីនាពេលនេះ បានបញ្ចប់ប្រកបដោយជោគជ័យព្រមទាំងបានបង្ហាញនូវមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាលជាទីបំផុត រវាងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរផងដែរ៕