នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយសសាខា លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៤ ដែលមានការអញ្ជើញចូលរួមពីសមាជិកភាពមកពីក្រសួង ស្ថាប័ន អង្គភាព និង មន្ត្រីប្រតិបត្តិសាខា យុវជន អ្នកស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធ សរុបចំនួន ៣៧១នាក់ ហើយពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។
ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ លោក អ៊ុន ចាន់ដា ក៏បានថ្លែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ដែល លោកស្រីអគ្គលេខាធិការ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានកិត្តិយសសាខា ដើម្បីដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដើរតាមមាគ៌ាមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការជួយជនដល់រងគ្រោះ និងងាយរងគ្រោះក្នុងខេត្តព្រះវិហារ។
ជាទីបញ្ចប់ លោកស្រីអគ្គលេខាធិការ បានកោតសរសើរចំពោះការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែលតែងតែបានជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា និងសំណូមពរឲ្យសាខាបន្តជួយដល់ជនរងគ្រោះ និងងាយរងគ្រោះឲ្យកាន់តែប្រសើរជាងមុនតាមបាវចនារបស់កាកបាទក្រហមកម្ពុជា ថា ធ្វើឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅ និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន៕