នាឱកាសអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា IPU លើកទី១៣៥ នៅទីក្រុងហ្សឺណែវ លោកស្រី បាន ស្រីមុំ តំណាងឲ្យសភាកម្ពុជា បានឡើងធ្វើបទបង្ហាញពីស្ថានភាពពិតប្រាកដរបស់ប្រទេសកម្ពុជា ជូនដល់បណ្តាប្រទេសលើឆាកអន្តរជាតិ ឲ្យបានជ្រាបពីការពិត ដើម្បីកុំឲ្យបុគ្គលបោកប្រាស់មួយចំនួនយកប្រទេសជាតិយើងធ្វើជាឈ្នាន់ ដើម្បីដើរបោកប្រាស់បង្ខូចបង្អាប់កិត្តិយសរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិយើងបានឡើយ ។
មហាសន្និបាតសហភាពអន្តរសភា IPU លើកទី១៣៥ មានរបៀបវារៈដូចតទៅ៖ កិច្ចប្រជុំក្រុមប្រឹក្សាវេទិកាសមាជិកសភាវ័យក្មេង កិច្ចប្រជុំក្រុមប្រឹក្សាភិបាល កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៣ ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និង កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ASGP។
មហាសន្និបាតនេះដែរ ក៏បានធ្វើការពិភាក្សាស្តីពីការរំលោភសិទ្ធិមនុស្ស និងជម្លោះដែលកើតមុនគេ។ កិច្ចប្រជុំរវាងអង្គការសហប្រជាជាតិ សហភាពអន្តរសភា និង ដៃគូសម្រាប់សុខភាព មាតា ទារក និង កុមារ ក៏ដូចជាកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ទី១ស្តីពីសន្តិភាព និងសន្តិភាពអន្តរជាតិ សវនាការជាមួយអ្នកជំនាញស្តីពី តួនាទីរបស់សភា ក្នុងការការពារមិនឲ្យមានការជ្រៀតជ្រែកពីប្រភពខាងក្រៅ ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យភាពណាមួយឡើយ។
លោកស្រី បាន ស្រីមុំ តំណាងឲ្យសភាកម្ពុជា និងគណៈប្រតិភូកម្ពុជា ក្នុងរបៀបវារៈខាងលើ បានចូលរួមយ៉ាងសកម្មក្នុងឆាកអន្តរជាតិ នាមហាសន្និបាត នាពេលនោះ។ មហាសន្និបាតធ្វើការបោះឆ្នោតសម្រេចជ្រើសរើសរបៀបវារៈបន្ទាន់ មុននឹងបន្តដោយធ្វើការពិភាក្សាជាទូទៅ៕