ទស្សនៈវិភាគ ការពារ​ប្រសើរ​ជាង​ព្យាបាល​

ថ្ងៃពុធ ទី ៣០ សីហា ២០១៧​
1911

 

មាត្រា​២៤​ នៃ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ចែង​ថា​ អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​​​​​ក្នុង​ស្រុក​ អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ ឬសមាគម​បរទេស​ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​​​គ្រប់​​​គណបក្ស​​នយោបាយ​​​នៅ​​ព្រះរាជាណាចក្រ​កម្ពុជា​​។​

ប៉ុន្តែ​ បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តាញសង្គម Facebook មួយឈ្មោះ «កូនខ្មែរ» ដែល​​បាន​​​​បង្ហោះ​កាលពី​ថ្ងៃ​អាទិត្យ​ បាន​បង្ហាញ​នូវ​ឯកសារសំខាន់ៗមួយចំនួន​ ​ពាក់ព័ន្ធនិង​ផែនការធ្វើប​ដិវត្តពណ៌​​របស់​អង្គការ CANVAS ជ្រកក្រោមស្លាកអង្គការ​ IRI ដើម្បីផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​​របស់​​លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បច្ចុប្បន្ន​ទៅវិញ​។ ​ទាក់​ទង​ជាមួយរឿង​​នេះ​ ប្រភពទំព័រ​​ Facebook ដដែលនេះ ​បាន​បង្ហាញ​​អំពី​ផែន​ការ​ និង​​សកម្មភាព​របស់​​អង្គការ​​ CANVAS អំពី​ទំនាក់​​ទំនងយ៉ាង​ជិត​ស្និទ្ធរវាង​អតីត​ប្រធាន​អង្គការ​​បរ​ទេស​មួយ​នេះ​​ឈ្មោះ​ Jackson Cox ​​ជាមួយ​មេដឹកនាំបក្ស​ប្រឆាំង​ គឺ​លោក កឹម សុខា​​ និង​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​​​មួយចំនួន​ទៀតផង​។ គេឃើញ​មាន​ឯកសារ​ជាភស្តុតាង​ និង​រូបថត​ជាច្រើន​សន្លឹក​​នៃ​កិច្ច​ប្រជុំ​សម្ងាត់​​ទាំង​នៅ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​ និង​នៅ​​ឯក្រៅប្រទេស​។​

ប្រភពដដែលនេះ ក៏​បាន​បញ្ជាក់​ដែរ​ថា​ មន្ត្រី​ស្ថានទូត​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​​​​នយោបាយ​ប្រចាំ​កម្ពុជា​​​ឈ្មោះ​ Sam Downings​ គឺ​ជា​ភ្នាក់ងារ​ចារកម្ម CIA ដែល​តែង​តែ​ជួប​គ្នា​ជាញឹក​ញាប់​​​ជាមួយមន្ត្រី​គណ​បក្ស​​សង្គ្រោះជាតិ​គឺ កឹម មនោវិទ្យា ​​​ក្នុង​ន័យ​រៀបចំ​បណ្តាញ​ ឃុបឃិត​គ្នា​ឱ្យ​​កាន់​​តែ​ស៊ីជម្រៅ ដើម្បី​ឈាន​ទៅ​សម្រេច​ផែនការ​ធ្វើបដិវត្តន៍ពណ៌​ផ្តួល​រំលំ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ឱ្យ​បាន​នៅ​​​ក្នុង​ពេល​​បោះ​ឆ្នោត​ ឆ្នាំ២០១៨​ ខាង​មុខ​​?

កូនស្រីលោក កឹម សុខា ម្នាក់ទៀតឈ្មោះ កឹម សាម៉ាធីតា ក៏មាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ​​ឈ្មោះ​ Geoffrey Cain ដែលជាភ្នាក់ងារចារកម្មរបស់អាមេរិកម្នាក់​ទៀត​បង្កប់ខ្លួន ធ្វើជា​អ្នកកាសែត​ឯករាជ្យ​ ហើយ​ធ្វើសកម្មភាពជាសំងាត់នៅក្នុងប្រទេសកម្ពុជា។ Geoffrey Cain ត្រូវ​បាន​ប្រភព​បញ្ជាក់​ថា​ធ្លាប់ធ្វើ​សកម្ម​ភាព​​​ដោយ​ជោគជ័យក្នុងការផ្តួលរំលំលោកស្រី ប៉ាក់ ហ្គន់ហេ(Park Geun Hye)​​ អតីតប្រធានាធិបតីប្រទេស​កូរ៉េ​ខាងត្បូង រួច​មក​ហើយ​។ ក្រៅ​ពី​មាន​ទំនាក់ទំនង​ជាមួយភ្នាក់ងារ​ចារកម្ម​អាមេរិក​ដោយ​ផ្ទាល់​ ក៏នៅមាន​ភ្នាក់ងារ​ចារកម្ម និង​អង្គការ NGO របស់អាមេរិកជាច្រើនទៀតដូច​ជា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វិទ្យុ​អាស៊ីសេរី(RFA)​ វិទ្យុសម្លេង​សហរដ្ឋ​អាមេរិក(VOA)​ វិទ្យុសម្លេង​ប្រជាធិបតេយ្យ​​(VOD) ជាដើម​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផែនការ​ផ្តួល​រំលំ​ដ៏ធំ​មួយ​នេះ​។​

​​          ភស្តុតាង​ជាក់​ស្តែង​មួយទៀត​គឺ​ជនជាតិអូស្ត្រាលីឈ្មោះ James Ricketson ដែលក្លែង​ខ្លួន​ជា​អ្នក​និពន្ធ និង​ផលិតខ្សែភាពយន្ត​បានធ្វើចារកម្មនៅកម្ពុជា ជាយូរឆ្នាំហើយនោះ ក៏បានជ្រៀតជ្រែក​ចូល​កិច្ចការ​​​ផ្ទៃ​ក្នុង​កម្ពុជា​យ៉ាងគឃ្លើន ជាពិសេសក្នុងពេលដំណើរការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ដោយ​ជ​ន​ជាតិ​អូស្ត្រាលីរូបនេះ​បានឃុបឃិតជាមួយទណ្ឌិត សម រង្ស៊ី ថតយករូបភាព សកម្មភាព​ឃោសនា​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​ ដើម្បី​បំភ័ន្ត​សាធារណ:មតិ​។​

យោងតាមប្រភពបណ្តាញស្រាវជ្រាវ​នៅក្រៅប្រទេសដែល​ម្ចាស់ទំព័រ​ Facebook នេះបាន​បង្ហើប​  បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា​ មក​ដល់​ពេលនេះ​​អតីត​ប្រធាន​អង្គការ​ Jackson Cox (ប្រធាន IRI ប្រចាំ​កម្ពុជា​ ពីឆ្នាំ​២០០៤-២០០៦) និង Lazar Antonic (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៦-២០០៧​)​ គឺ​នៅ​តែ​​បន្ត​អនុវត្ត​​ផែនការ​​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែល។​ ជាក់ស្តែង កាលពី​​ចុងខែសីហា ឆ្នាំ២០១៣ អង្គការ CANVAS ដែល​ជ្រក​ក្រោម​ស្លាក​អង្គការ​ IRI បាន​ទៅ​បង្រៀន​ថ្នាក់ដឹកនាំ​ និងសកម្មជន​គណបក្ស​​​សង្គ្រោះជាតិ ​​ដល់ទីស្នាក់ការបក្សប្រឆាំងតែម្តង អំពីយុទ្ធសាស្រ្ត និង​យុទ្ធវិធី​ធ្វើបាតុកម្ម និង​កុប្ប​កម្ម​ ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ចាញ់​ការ​​បោះឆ្នោត​នៅលើក​​ក្រោយៗ​​​ទៀត​​។​

គេបានដឹង​ទៀតថា​ ទឹក​ប្រាក់​ប្រមាណជា​ ៣៩ម៉ឺន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​អង្គការ​ CANVAS ជួយ CNRP ក្នុង​​ការ​រៀបចំផែនការ និងចាត់តាំងអនុវត្តយុទ្ធសាស្រ្ត ចងក្រងបណ្តាញ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ និង​យុវជន ដើម្បី​សម្រេច​ផែន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា​ ឆ្នាំ២០១៧​ ប៉ុន្តែ​ ជាអកុសល​ ដោយ​សារ​តែ​អំពើ​ពុករលួយ​ និង​អំពើ​ពាលា​អាវ៉ាសែ​ ល្បែង​ ស្រី​ស្នេហ៌​ របស់​​​មេដឹក​នាំ​​​គណបក្ស​​នេះ​ ទើប​ធ្វើ​​ឱ្យ​បក្ស​​ប្រឆាំង​​នៅ​តែចាញ់​ឆ្នោត​យ៉ាង​អាម៉ាស់​ដដែល​។​

ផ្អែក​តាម​ឯកសារ​ រូបថត​ និងភស្តុតាង​ជាច្រើន​ចំណុច​ខាង​លើ​នេះ​ បង្ហាញ​ថា​អង្គការ​​ CANVAS​ បាន​ធ្វើ​​សកម្មភាព​ក្រោម​ស្លាក​អង្គការ​ IRI ​ផ្ទុយ​ទាំង​ស្រុង​ពី​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​​រដ្ឋាភិបាល​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ដូច្នេះ​ក្នុង​គោល​បំណង​ធានាការអនុវត្ត​យ៉ាង​ត្រឹមត្រូវ​ និង​​ប្រសិទ្ធភាព​នូវ​ច្បាប់​នានា និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ និង​ការ​គោរព​អធិបតេយ្យ​​នៃប្រទេស​មួយ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​​នូវ​សកម្មភាព​របស់​​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយនេះ​ ដើម្បី​​ជៀស​វាង​នូវ​រងើក​ភ្លើង​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌​​នៅ​កម្ពុជា​ ដូច​ពាក្យ​​ចាស់​​ពោល​ថា​ «ការ​ពារ​ប្រសើ​រ​ជាង​ព្យា​បាល​»

​          មាត្រា៣៥ នៃ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចែង​​​ថា “ក្រសួង​ការបរទេស​ និង​​សហប្រតិបត្តិ​កា​រអន្តរជាតិ​ អាច​បញ្ចប់​សុពលភាព​អនុស្ស​រណៈ​ ក្នុង​ករណី​ដែល​សមាគម​ ឬអង្គការ​មិនមែន​​​រដ្ឋាភិបាល​បរទេស​ អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​អនុស្សរណៈដែល​ចុះ​ជាមួយ​​ក្រសួង​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការអន្តរជាតិ​ ឬ​ក្នុង​ករណី​ដែល​សមាគម ឬអង្គការ​មិនមែន​រដ្ឋាភិបាល​​​បរទេស​​​ធ្វើ​សកម្មភាព​ប៉ះពាល់​​ដល់​សន្តិសុខ ស្ថិរភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ឬ​បង្កនូវ​ភាព​​​អន្តរាយ​​​ដល់​សន្តិសុខ​​ជាតិ​​ ឯកភាព​ជាតិ វប្ប​ធម៌​ ប្រពៃ​ណី​ទំនៀម​​ទំលាប់របស់​សង្គម​ជាតិ​កម្ពុជា​។”

នៅពេល​​ដែល​​រាជរដ្ឋាភិបាល​អនុវត្ត​នូវ​​​វិធានការ​ច្បាប់​ចំពោះ​អង្គការ​មួយចំនួន​តូច​ ដែល​ប្រើប្រាស់​​មូល​និធិ​របស់​សហរដ្ឋអាមេរិក​ ហើយ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​ គឺ​មិនមែន​មាន​ន័យ​ថា​រដ្ឋាភិបាល​​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បញ្ឈប់​កិច្ច​សហប្រតិបត្តិ​ការ​​គ្នា​​នោះ​ទេ​​ តែ​​ជា​ការ​បញ្ឈប់នូវ​​សកម្មភាព​អត់​ច្បាប់​ និង​​​អាណាធិបតេយ្យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាលមិនគោរព​ច្បាប់​តែ​ប៉ុណ្ណោះ​។​​

​          យើង​ទាំងអស់​គ្នា​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​។ គ្មាន​សន្តិភាព​ គឺ​គ្មាន​ការ​អភិវឌ្ឍ​ និង​គ្មាន​អ្វីៗ​ផ្សេង​ទៀត ​ដែលបច្ចឹម​ប្រទេស​​ហៅ​ថាប្រជាធិបតេយ្យ​ ឬ​សិទ្ធិមនុស្ស​នោះ​ទេ​៕

ដោយ សួន ចំរើន

ចែករំលែក

បញ្ចេញយោបល់