ប្រជាពលរដ្ឋ​ចំនួន ១០០​ គ្រួសារ​បន្ថែម​ទៀត ទទួល​អំណោយ​សប្បុរសធម៌​ពីអភិបាល​ខណ្ឌដង្កោ

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
78

អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ព្រះសង្ឃ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ បានបន្តនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ តាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត ចំនួន១០០គ្រួសារបន្ថែមទៀត ស្ថិតក្នុងភូមិស្ពានថ្ម ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរាល់ការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន និងតែងបានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ដល់បងប្អូនទាំងអស់ ជាពិសេសបងប្អូនដែលជួបការលំបាក គ្រោះមហន្តរាយ គ្រោះធម្មជាតិនៅពេលនេះ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយសារទឹកជំនន់ ដែលហូរធ្លាក់តាមបណ្តោយទំនប់សណ្តរស្ទឹងព្រែកត្នោតនេះផងដែរ។ ជាមួយគ្នានេះ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ឲ្យប្រុងប្រយ័ត្ន ក្នុងរដូវនេះជាពិសេសក្មេងៗតូចៗ កុំឲ្យលេងទឹក ដែលបង្កគ្រោះថ្នាក់ និងត្រូវមានអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត និងការពារពីការយាយីរបស់សត្វអាសិរពិសនានា។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានទទួលទេយ្យវត្ថុពីព្រះគ្រូចៅអធិការវត្តឫស្សីសាញ់ និងវត្តធម្មត្រ័យ រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត។ លោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃ និងអរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមចំណែកក្នុងការងារមនុស្សធម៌ ក្នុងមូលដ្ឋានខណ្ឌ និងជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ តាមបណ្តោយសណ្តរស្ទឹងព្រែកត្នោតនេះ។

គួរបញ្ជាក់ថាៈ នៅក្នុងសង្កាត់ស្ពានថ្ម ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយសង្គ្រោះបានចំនួន ០៤លើករួចមកហើយ សរុបចំនួន ២៨២គ្រួសារ៕

photo_2016-10-25_17-13-35 photo_2016-10-25_17-13-38 photo_2016-10-25_17-13-40 photo_2016-10-25_17-13-42

ចែករំលែក

បញ្ចេញយោបល់