ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ ក្រោមប្រធានបទ ការស្វែងរកថាមភាពសំយោគ ថ្នាក់ដឹកនាំតំបន់ចែករំលែកនូវចក្ខុវិស័យសម្រាប់តំបន់មេគង្គ

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
77

វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ បានប្រារព្ធពិធីបើកនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសន្និសីទជាតិ ទីក្រុងហាណូយ ប្រទេសវៀតណាម។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់មេគង្គទាំង៥ រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ បានជួបជុំគ្នាដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើប្រធានបទ ការស្វែងរកថាមភាពសំយោគ ថ្នាក់ដឹកនាំតំបន់ចែករំលែកនូវចក្ខុវិស័យសម្រាប់តំបន់មេគង្គ។

លោក Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក មានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលវេទិកាសេដ្ឋកិច្ចពិភពលោក បានរៀបចំកិច្ចប្រជុំស្តីពីតំបន់មេគង្គ។ វេទិកានេះនឹងពិនិត្យមើល លើទិដ្ឋភាពរួមនៃតំបន់មេគង្គពិសេសសក្តានុពលដែលតំបន់នេះមាន។ ជាមួយគ្នានេះវេទិកានេះក៏ចង់ពិនិត្យមើលផងដែរ ពីបញ្ហាប្រឈម និងចំណុចជាឧបសគ្គនានាក្នុងតំបន់ ដែលជាការកសាងហេដ្ឋារចនាសម្ព័ន្ធ។ លោក Justin Wood មានប្រសាសន៍បន្តថា ក្រៅពីពិធីបើកវេទិកាដែលធ្វើឡើងដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ ទាំង៥ មានកិច្ចប្រជុំ និងកិច្ចពិភាក្សានានា ដើម្បីជម្រុញពាណិជ្ជកម្មទៅវិញទៅមក និងការពិនិត្យមើលអំពីអនាគត នៃផ្នែកផលិតកម្មក្នុងតំបន់។ លោក Justin Wood  មានប្រសាសន៍បន្តថា នៅក្នុងពិធីបិទយើង នឹងពិនិត្យមើលនៃបដិវត្តឧស្សាហកម្មលើកទី៤ សម្រាប់តំបន់មេគង្គ។

ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍ថា តំបន់មេគង្គសព្វថ្ងៃនេះ គឺជាតំបន់មួយ ដែលមានកំណើន និងការពង្រីកនូវទំហំពាណិជ្ជកម្មដ៏ធំមួយ នៅក្នុងតំបន់អាស៊ី ដែលទាំងអស់នោះគឺបានមកពីការចូលរួមចំណែករបស់តំបន់អាស៊ាន និងអាស៊ីទាំងមូល។ ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា តាមរបាយការណ៍របស់ IMF បានបង្ហាញឲ្យឃើញថា តំបន់មេគង្គគឺមានប្រទេស៥ ដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត របស់ពិភពលោកនៅឆ្នាំ២០១៥ ក្នុងចំណោមនោះកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា មានកំណើនប្រមាណ៧% ហើយប្រទេសថៃ កំពុងតែស្តារឡើងវិញ។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា តំបន់មេគង្គគឺជាតំបន់ដ៏មានសារៈសំខាន់មួយ ក្នុងតំបន់អាស៊ី ដែលមានប្រជាជនរស់នៅប្រមាណ ២៤០លាននាក់ និង GDP រួមគ្នាជាង៦៦០ ប៊ីលានដុល្លាអាមេរិក។ ការកើតឡើងនៃសហគមន៍ សេដ្ឋកិច្ចអាស៊ាន កាលពីចុងឆ្នាំ២០១៥ ជាមួយនិងការបើកច្រករបៀង នៃកិច្ចអភិវឌ្ឍន៍ បានបើកឱកាសសម្រាប់ការអភិវឌ្ឍផ្នែកធុរកិច្ច និងការវិនិយោគ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានគូស បញ្ជាក់ដែរថា យ៉ាងណាក៏ដោយតំបន់មេគង្គបានជួបប្រទះនូវបញ្ហាជាច្រើន ក្នុងគម្លាតអភិវឌ្ឍនៃតំបន់មេគង្គ និងអាស៊ានស្ថិតនៅចម្ងាយផ្លូវដ៏វែងនៅឡើយ តាមរយៈនេះ វៀតណាម សូមស្នើឲ្យមាននូវការពិភាក្សាគ្នាជាកញ្ចប់ ពិសេសការជំរុញដៃគូផ្នែកឯកជន ដើម្បីរកឱកាសវិនិយោគសម្រាប់ផលប្រយោជន៍ទាំងអស់គ្នា។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានធ្វើការចែករំលែក នូវបទពិសោធន៍មួយចំនួនក្នុងធ្វើសហមារណកម្មសេដ្ឋកិច្ច និងការផ្សារភ្ជាប់ជាអាទិភាព សម្រាប់បណ្តាប្រទេសមេគង្គជាមួយនិងដៃគូ នៅក្រៅតំបន់ និងក្នុងតំបន់ ដើម្បីបន្តផ្តល់អាទិភាព និងការផ្សារភ្ជាប់គ្នាក្នុងការដឹកជញ្ជូន តាមរបៀងសេដ្ឋកិច្ចអនុតំបន់ដូចជារបៀងខាងកើតខាងលិច ជើងត្បូង និងខាងត្បូង។

ដូចគ្នានិងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម  ឯកឧត្តម អ៊ូ ធិនច ប្រធានាធិបតី នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា មានប្រសាសន៍ថា តំបន់ទន្លេមេគង្គ គឺជាទន្លេពិតប្រាកដ ដែលឆ្លងកាត់ តំបន់មានការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមយ៉ាងលឿន។ ជាប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ៦០លាននាក់ បានរស់នៅផ្សារភ្ជាប់ និងប្រកបរបរនេសាទ នៅតាមដងទន្លេមេគង្គដែលជាទន្លេមានសក្តានុពលសម្រាប់ការអភិវឌ្ឍ ដូចជាការផលិតថាមពលអគ្គិសនី ការពង្រីកប្រពលវប្បកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រទេសមេគង្គបានធ្វើការកែទម្រង់យ៉ាងលឿន និងទទួលបាននូវផលប្រយោជន៍ជាច្រើន នៃការកែទម្រង់តាមរយៈការវិនិយោគ លើវិស័យជាអាទិភាពជាច្រើន។ ឯកឧត្តម ក៏បានសំដែងនូវការព្រួយបារព្វចំពោះ ការប្រឈមជាច្រើន ដែលទាក់ទិនទៅនិងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការកែលំអជំនាញ ការកសាងសមត្ថភាព ការបង្កើនសមត្ថភាពប្រកួតប្រជែង ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ក្នុងចំណោមប្រទេសមេគង្គ។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា បញ្ហាប្រឈមមួយទៀត គឺការធានាថា យើងត្រូវតែប្រើប្រាស់ទន្លេមេគង្គដើម្បីផ្តល់ផលប្រយោជន៍ពីគ្នាទៅវិញទៅមក ដើម្បីធានាដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពទាំងអស់គ្នា។ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តល់នូវទស្សនទានមួយចំនួន ទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ ដើម្បីធ្វើការពិភាក្សាគ្នាឲ្យកាន់តែទូលំទូលាយថែមទៀត៕

14715714_1133779423337220_2051829074552607947_o 14753900_1133779343337228_5218358024045933069_o 14856076_1133779416670554_8698908665645502503_o 14859797_1133778883337274_3849883485417346797_o

 

ចែករំលែក

បញ្ចេញយោបល់