សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
78

នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ចំនួន៩នាក់ អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ ដែលមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីសូលីត លោកប្រធានាធិបតីមីយ៉ាន់ម៉ា ធិន ច និង លោកឧបនាយករដ្ឋមន្រ្តី សុំឃីត ចាទុស្រ៊ីភីថាក ក្រោមការសម្របសម្រួល Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ WEF និង លោក Rick Samans

នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានបង្ហោះផ្សាយប៉ុន្មាននាទីមុននេះ ក៏បានបញ្ជាក់ថា ក្រៅពីប្រមុខដឹកនាំប្រទេស គឺមានមន្រ្តីពីប្រទេសក្នុងតំបន់ទន្លេមេគង្គទាំង៥ ក្រុមហ៊ុនឯកជន អង្គការអន្តរជាតិ សភាពាណិជ្ជកម្ម ដែលក្នុងនោះគឺមានសភាពាណិជ្ជកម្មកម្ពុជាចំនួន ១០រូបចូលរួមផងដែរ។

ប្រមុខដឹកនាំនៃប្រទេសតំបន់មេគង្គទាំង៥ បានបញ្ជាក់បង្ហាញនូវសក្តានុពលភាពទាំងឡាយដែលប្រទេសនីមួយៗអាចរួមសហការគ្នាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកលូតលាស់ខ្លាំងឡើងនៅតំបន់មេគង្គ។ ជាពិសេសនោះ គឺប្រទេសតំបន់ទន្លេមេគង្គទាំងនេះ ស្ថិតនៅចន្លោះមហាអំណាចសេដ្ឋកិច្ចធំៗ២គឺចិន និងឥណ្ឌា ជាមួយច្រកចេញទៅសមុទ្រដែលផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោកបានយ៉ាងទូលាយ។ ក្នុងនោះប្រទេសជាដៃគូទាំង៥ក៏បានលើកឡើងផងដែរអំពីកិច្ចសហការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវទឹក អាកាស និងការជំរុញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ កំណើនប្រជាជននៃប្រទេសទាំង៥នៅឆ្នាំ ២០៣០ គឺប្រមាណ ២៦០ លានាក់ ដែលសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល ក្នុងការជំរុញបណ្តាញផលិតកម្ម ឧស្សាហកម្ម ដែលបែងចែកនូវផលប្រយោជន៍សមស្របដល់ប្រទេសជាដៃគូក្នុងតំបន់មេគង្គទាំងមូល។

វេទិកា WEF រសៀលនេះបានបង្កើន និងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសដៃគូក្នុងតំបន់មេគង្គទាំង៥មានឱកាសដើម្បីរៀបចំគម្រោងយុទ្ឋសាស្រ្តសំខាន់ៗនានាក្នុងការជំរុញការអភិវឌ្ឍប្រទេសអោយរីកចម្រើនទៅមុខទន្ទឹមគ្នាគឺមិនត្រូវទុកអោយប្រទេសដៃគូណាមួយចោលនៅពីក្រោយឡើយ។

សូមបញ្ជាក់ផងដែរថា សម្រាប់វេទិកា WEF ឆ្នាំ ២០១៧ គឺនឹងធ្វើនៅប្រទេសកម្ពុជា នៅខែ ឧសភា ខាងមុខនេះ៕

14556732_1133778723337290_8181669233509631749_o 14753900_1133779343337228_5218358024045933069_o 14856076_1133779416670554_8698908665645502503_o 14859797_1133778883337274_3849883485417346797_o 14859865_1133778726670623_7498879100854428238_o 14859911_1133779350003894_4359039287602083350_o

ចែករំលែក

បញ្ចេញយោបល់