ឆាឡុកឡាក់អង់គ្លេស

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
710

ចំពោះមុខម្ហូបឆាឡុកឡាក់អង់គ្លេសមួយមុខនេះ គឺជាមុខម្ហូបដែលពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ ចិន ជាពិសេសជនជាតិបារាំងដែលមុខម្ហូបនេះមានឈ្មោះថា ប៊ីស្ទឹក។ ដែលមុខម្ហូបនេះខុសពីឡុកឡាក់ខ្មែរត្រង់មានតំឡូងបារាំង ខ្ទឹមបារាំង សណ្តែកបារាំង ត្រកួន រីឯឡុកឡាក់ខ្មែរបន្លែគឺមានតែសាឡាត់នឹងប៉េងប៉ោះ ប៉ុណ្ណោះ។ មុខម្ហូបមួយមុខនេះមានបន្លែច្រើនមុខបន្តិចប៉ុន្តែមង្គលការជឿជាក់ ថា ស្ត្រីមេផ្ទះ ព្រមទាំងយុវតីប្រាកដជាចេះលៃលកនូវបរិមាណសមរម្យសម្រាប់ ក្រុមគ្រួសាររបស់ខ្លួនជាក់ជាមិនខាន។ ជាទូទៅភរិយា ឬបុត្រីដ៏ឆ្លាតវ៉ៃគួរតែដឹងថា ស្វាមី ឬបិតារបស់ខ្លួនចូលចិត្តមុខម្ហូបបែបណាហើយគួរតែជ្រើសមុខម្ហូប បែបណាឲ្យសាកសមចំពោះការបរិភោគជាមួយស្រាក្រហម ឬ ប៊ីយែរដើម្បីបន្ថែមរសជាតិចំពោះអាហារឲ្យកាន់តែមានឪជារសឆ្ងាញ់ ពិសារ។ ខាងក្រោមនេះជាគ្រឿងផ្សំនឹងរបៀបធ្វើ៖

បន្លែ៖ សាឡាត់ ៣ ក្រាម ប៉េងប៉ោះ បូន ផ្លែ ខ្ទឹមបារាំង២ ផ្លែ តំឡូងបារាំង ២ផ្លែ ត្រកូន២ ក្រាម
សាច់៖ ចំនួន កន្លះគីឡូក្រាម។
ចំពោះសាច់តែត្រូវជាមួយមុខម្ហូបនេះគឺ សាច់គោ ព្រោះថា ពេលដែលយើងផ្ទាប់ ជាមួយបន្លែជ្រលក់ជាមួយទឹកក្រូចឆ្មា វានឹងមិនភ្លាវដូចសាច់ជ្រូកទេ។

វិធីធ្វើ៖
យកសាច់មកហាន់ជាដុំៗ ទំហំប៉ុនមេដៃបន្លែត្រូវលាងឲ្យស្អាតដាក់កញ្ច្រែងទុកឲ្យស្រក់ទឹក បន្ទាប់មកយកសាឡាត់រៀបនៅលើចាន ឬថាសដែលមានរាងពងក្រពើ ដើម្បីមើលទៅមានសោភណ្ឌភាព (ដូចរូប)។ ហាន់ប៉េងប៉ោះស្តើងៗ រៀបពីលើសាឡាត់ ត្រកួនដែលបានចិតជាសរសៃឆ្មារឆារួចហើយនោះយកមកតម្រៀបដាក់ពីលើ ចំណែកឯដំឡូងបារាំងដែលបំពងហើយនោះក៏ត្រូវយកមកដាក់ពីលើដែរ លើកលែងតែខ្ទឹមបារាំងប៉ុណ្ណោះ ដែលត្រូវយកទៅឆាជាមួយសាច់។ សាច់ដែលហាន់រួចត្រូវយកមកដាក់ឆា ដាក់គ្រឿងផ្សំដូចជា ទឹកត្រី ២ស្លាបព្រាកាហ្វេ អំបិល ១ស្លាបព្រា ប៊ីចេង ១ស្លាបព្រា ស្ករត្នោត ៣ស្លាបព្រា ហើយឆាត្រលប់ចុះឡើងរហូតឆ្អិនសាច់ល្មមចាក់ម្សៅឆាដែលកូរជាមួយទឹក ចូល គោះពងទា មួយគ្រាប់តាមចំណូលចិត្ត ហើយដួសសាច់ដាក់ពីលើបន្លែដែលរៀបរួចនោះជាការស្រេច។ មុខម្ហូបនេះគេក៏អាចជ្រលក់ជាមួយនឹងទឹកម្រេចក្រូចឆ្មាផងដែរ។
បញ្ចាក់៖ បរិមាណខាងលើ សមស្របទៅនឹងគ្រួសារដែលមានសមាជិក ៤ ទៅ ៥នាក់។

 

 

ចែករំលែក

បញ្ចេញយោបល់