រដ្ឋ​មន្ត្រីពាណិជ្ជ​កម្ម​ស្នើ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​បន្តគាំ​ទ្ររបៀប​វារៈពាណិជ្ជ​កម្មរបស់​កម្ពុជា​

ថ្ងៃចន្ទ ទី ២៤ តុលា ២០១៦​
156

នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសបិទកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មជំនហានទី ១ (EIF Tier 1) ព្រមទាំងគម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជាជំហានទី ១ (CDEP I) ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ក្នុងឱកាលនោះដែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើសុំដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្ររបៀបវារៈពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីធានាថាជំនួយសម្រាប់ពាណិជ្ជកម្ម នឹងមានភាពប្រទាក់ក្រលាជាមួយផែនការរយៈពេលមធ្យមឆ្នាំ ២០១៦-២០១៨។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្មវិធី EIF បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់អំណាចដល់ស្ត្រី បង្កើតការងារដល់យុវជន និងកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្ម ព្រមទាំងបានជួយគាំទ្រប្រទេសកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពន្លឿនការអនុវត្តន៍ខ្សែចង្វាក់តម្លៃក្នុងវិស័យពាក់ព័ន្ធដូចជា៖ សូត្រប្រណិត អង្ករ ផលនេសាទសមុទ្រ ដំឡូងមី និងឧស្សាហកម្មបដិសណ្ឋារកិច្ច។

លោករដ្ឋមន្ត្រីបានបន្តថា ក្រោមការជួយឧបត្ថម្ភពីគម្រោង CDEP I យុទ្ធសាស្ត្រសូត្រ និងការផ្តល់អំណាចដល់ស្ត្រី បានលើកកិត្តិនាមរបស់យើងនៅលើឆាកអន្តរជាតិ។ ទន្ទឹមគ្នានេះ ការបង្កើតឲ្យមានក្រុមការងារស្រូវអង្ករ បានដោះស្រាយបញ្ហាប្រឈមមួយចំនួនធំដូចជា វិញ្ញាបនបត្របញ្ជាក់ម៉ាកផលិតផល ការគាំទ្រហិរញ្ញវត្ថុ (ប្រាក់កំចី) ដើម្បីគាំទ្រកសិករ និងទិញស្រូវក្នុងតម្លៃសមរម្យ និងធានាបានកូតាទីផ្សារអង្ករបន្ថែមទៅប្រទេសចិន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា យើងមានផែនការរយៈពេលធម្យម (MTP) និងផែនទីបង្ហាញផ្លូវនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងនូវតួនាទីរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពនៃការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងតំបន់ ស្របតាមការប្រែប្រួលដ៏ឆាប់រហ័សនៃបរិបទសេដ្ឋកិច្ចពិភពលោក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លទ្ធផលដែលយើងសម្រេចបានក្រោមកម្មវិធី EIF Tier 1 និងគម្រោង CDEP I នឹងត្រូវពង្រីកបន្ថែម ដើម្បីបន្តរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។» ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែម៕

14717237_1323924914287050_6932893745758049628_n-1 14705684_1323925187620356_7080464855392099282_n14642013_1323924670953741_7571071792527581846_n 14610870_1323924887620386_5021680064969518414_n

ចែករំលែក

បញ្ចេញយោបល់