ទស្សនៈ “គួរឲ្យអាសូរណាស់ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ស្វែងរកគូជម្លោះមិនបាន …?!”

ថ្ងៃចន្ទ ទី ២៤ តុលា ២០១៦​
143

ជម្លោះចុងក្រោយរវាងខ្មែរ-ខ្មែរ ត្រូវបានបញ្ចប់ដោយផ្តើមចេញពីកិច្ចព្រមព្រៀងស្តីពី “ដំណោះស្រាយនយោបាយរួមមួយសម្រាប់ជម្លោះកម្ពុជា” ចុះហត្ថលេខានៅទីក្រុងប៉ារីស នាថ្ងៃទី២៣ តុលា ១៩៩១។ ការអនុវត្តន៍កិច្ចព្រមព្រៀង ក្រោមអាជ្ញាធរបណ្តោះអាសន្ន “អ៊ុនតាក់” អាចសម្រេចបានពីការបែងចែកការកាន់កាប់ទឹកដីជា “បួន” ផ្នែក បង្រួមមកត្រឹម “ពីរ” ផ្នែក ដោយសារតែភាគីខ្មែរក្រហម ជាភាគីហត្ថលេខីមួយនៃកិច្ចព្រមព្រៀង តែមិនចូលរួមក្នុងការបោះឆ្នោត ដើម្បីបញ្ចប់ជម្លោះ ពោលគឺ មានតែភាគីគណបក្សប្រជាជនកម្ពុជា, គណបក្ស ហ៊្វុនស៊ីនប៉ិច និងគណបក្សលោកតាសឺន សាន បានចូលរួមប្រកួតប្រជែងបោះឆ្នោតបញ្ចប់ជម្លោះ។

ដំណាក់កាលក្រោយអាជ្ញាធរអ៊ុនតាក់ គឺកម្ពុជាខ្លួនឯង សម្រេចបានជាស្ថាពរបញ្ចប់តំបន់អប្បគមន៍កាន់កាប់ដោយភាគីខ្មែរក្រហម ដោយគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោសែន ជាមួយនឹងការរំលាយនូវក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម និងសមាហរណកម្មបងប្អូនអតីតខ្មែរក្រហមចូលក្នុងសង្គមជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ។ នេះបញ្ជាក់ថា គូជម្លោះខ្មែរទាំងបួនភាគីត្រូវបានបញ្ចប់។ បន្ទាប់មក ការវិវត្តន៍ទៅមុខនៃការប្រកួតប្រជែងនយោបាយតាមរយៈការបោះឆ្នោត១៩៩៨ គឺភាគីលោកតាសឺន សាន ក៏ត្រូវបានរំលាយខ្លួនដោយខ្លួនឯង ទាំងក្នុងឆាកនយោបាយ ទាំងជីវិតជាគណបក្ស ព្រោះតែឆន្ទៈប្រជាជនកម្ពុជាមិនគាំទ្រ។

សរុបសេចក្តីទៅ គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈរតួនាទីជាកម្លាំងស្នូលរបស់ជាតិដដែល ជាកម្លាំងស្នូលនៃការរំដោះជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍, ជាកម្លាំងស្នូលនៃការផ្សះផ្សាបង្រួបបង្រួមជាតិ, ជាកម្លាំងដឹកនាំរកសន្តិភាព និងសម្រេចបានសន្តិភាព១០០% ហើយជាកម្លាំងដឹកនាំការពារសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិរហូតដល់បច្ចុប្បន្ន និងទៅអនាគត។

ក្នុងក្របខ័ណ្ឌនៃរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងប្រព័ន្ធគ្រប់គ្រងរដ្ឋបែបប្រជាធិបតេយ្យសភានិយម គណបក្សនយោបាយជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីប្រកួតប្រជែងការបោះឆ្នោត និងប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពុំមានគណបក្សណាមួយអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានទេ បើទោះបីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា រួមគ្នាជាគណបក្សសង្គ្រោះជាតិក៏ដោយ ពោលគឺបានត្រឹមតែកើនចំនួនអាសនៈតែប៉ុណ្ណោះ តែនៅបន្តធ្វើជាគណបក្សប្រឆាំងដដែល។

គណបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ពុំមានឥរិយាបទលើគន្លងវប្បធម៌នយោបាយប្រជាធិបតេយ្យទេ ផ្ទុយទៅវិញបុគ្គលទាំងពីរនេះ តែងតែធ្វើនយោបាយបង្ករឿង ក្នុងចេតនាប៉ុនប៉ងយកគណបក្ស ប្រជាជនកម្ពុជា ធ្វើជាគូជម្លោះ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាពុំបានធ្វើជាគូជម្លោះតាមការចង់បានរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ឡើយ។

ហេតុអ្វីបានជាលោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើនយោបាយស្វែងរកគូជម្លោះ?

ការពិតទៅ លោក សម រង្ស៊ី និងលោក កឹម សុខា មានអតីតភាពពីប្រភពផ្សេងគ្នា មួយបែកបាក់ចេញពីហ៊្វុនស៊ីនប៉ិច និងមួយទៀតមកពីគណបក្សលោកតាសឺនសាន ដែលរលាយបាត់ទៅហើយ។ បន្ទាប់ពីបង្កើតគណប្សរៀងៗខ្លួនមក លោក សម រង្ស៊ី និងលោក កឹម សុខា ធ្លាប់ជាគូជម្លោះដ៏ជូចត់នឹងគ្នា បន្ទាប់មកក៏ចាប់ដៃគ្នាដោយចៅហ្វាយនាយបរទេសបង្ខំឲ្យបង្កើតចេញជាសម្ព័ន្ធភាពក្រោមផ្លាកឈ្មោះគណបក្សសង្គ្រោះជាតិ។

កត្តាមួយទៀត គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា ក៏ដូចជា គណបក្សសង្គ្រោះជាតិ ពុំមែនជាភាគីទំនាស់នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ទេ។ ដូច្នេះហើយទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា ពុំមានស្នាដៃក្នុងកិច្ចព្រមព្រៀង និងដំណើរកសាងសន្តិភាពអ្វីទេ ពោលគឺ ពុំស្គាល់ទិសតំបន់អ្វីបន្តិចទេអំពីកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១។

ហេតុដូច្នេះហើយទើបលោក សម រង្ស៊ី និងលោក កឹម សុខា ខំព្យាយាមយកគណបក្សប្រជាជនកម្ពុជា ឲ្យធ្វើជាគូជម្លោះជាមួយខ្លួន ក្នុងចេតនាដើម្បីចង់ធ្វើជាតួឯកនៃការធ្វើឲ្យកិច្ចព្រមព្រៀងត្រឡប់មកមានសុពលភាពឡើងវិញ  ប្រៀបដូចជាបង្កើតកិច្ចព្រមព្រៀងក្រុងប៉ារីសថ្មីមួយទៀតអញ្ចឹង។ ត្រង់ហ្នឹង ហើយដែលលោក សម រង្ស៊ី និងលោក កឹម សុខា ខំស្រែកបំប៉ោងក្តែងៗថា កម្ពុជាមានជម្លោះនយោបាយ មានការបែកបាក់ជាតិ។ ជាក់ស្តែង ឆ្លៀតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំនៃថ្ងៃចុះហត្តលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស លោក កឹម សុខា បានធ្វើឫកជាមនុស្សល្អ អំពាវនាវដល់អ្នកនយោបាយខ្មែរ “ឲ្យបញ្ឈប់ការវាយប្រហារគ្នា និងវិលមកដោះស្រាយបញ្ហាជាមួយគ្នា ឆ្ពោះទៅរកការផ្សះផ្សាជាតិ” ដោយអះអាងថា បច្ចុប្បន្នកម្ពុជាមានជម្លោះនយោបាយ។ ប៉ុន្តែការអះអាងនេះ គួរឲ្យអស់សំណើច ព្រោះជម្លោះអី បើគ្មានគូជម្លោះផងហ្នឹង ព្រោះគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពុំមានជម្លោះនឹងគ្នាទេ។ គេមិនអាចទាញយកការទទួលខុសត្រូវរបស់បុគ្គលនយោបាយ ចំពោះទង្វើបំពានច្បាប់ ដាក់ចូលក្នុងបរិបទនៃជម្លោះនយោបាយបានឡើយ។

“សម្លេង យើង” បារម្ភថា បើរកគូជម្លោះមិនបាន តិចលោលោក កឹម សុខា និងលោក សម រង្ស៊ី ងាកមកឈ្លោះគ្នាវិញជាថ្មី …!

ប្រភព៖ សម្លេងយើង

ចែករំលែក

បញ្ចេញយោបល់