(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនឡើយ

ថ្ងៃពុធ ទី ៩ សីហា ២០១៧​
77

នៅរាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ លោក ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមកម្ពុជា-ជប៉ុន និងជាអតីតឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការការងារទៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ហ្វូមីអាគី តាកាហាស៊ី មានប្រសាសន៍សម្តែងនូវការសា្វគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញទៅបំពេញទស្សនកិច្ចសាជាថ្មីម្តងទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ពីមួយថ្ងៃទៅមួយថ្ងៃប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុន មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរខ្លាំងណាស់ ពិសេសការធ្វើទំនាក់ទំនងរវាងយុវជននិងយុវជន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលនោះគឺជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ហ្វូមីអាគី តាកាហាស៊ី ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឱ្យប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង៧% ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺមិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងនោះក៏មានថ្នាក់ដឹកនាំរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែជួយដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្តថា កាលពីល្ងាចថ្ងៃទី០៧ ខែសីហា លោកនិងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរក្នុងនោះការចុះហត្ថលេខា និង ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយគ្នាទៅវិញទៅមក គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំទាំងពីរក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-ជប៉ុន។ លោក ហ៊ុន សែន ក៏បានជម្រាបជូនដែរថា នៅថ្ងៃអនាគត លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការការងារជាថ្មីម្តងទៀត នៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីបង្ហាញពីការគោរពស្រឡាញ់គ្នាទៅវិញទៅមក និងការស្រឡាញ់រាប់អានក្នុងនាមជាមិត្តចាស់៕

 

ចែករំលែក

បញ្ចេញយោបល់