ទស្សនវិភាគ៖ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទើបមានសង្គមស៊ីវិល និងគណបក្សប្រឆាំង

ថ្ងៃសៅរ៍ ទី ២២ តុលា ២០១៦​
352

ថ្ងៃទី២៣ ខែតុលាឆ្នាំនេះជាខួបលើកទី២៥ឆ្នាំ នៃថ្ងៃចុះកិច្ចព្រមព្រៀង សន្តិភាពស្តីពីកម្ពុជា នៅទីក្រុងប៉ារីស ប្រទេសបារាំង(២៣តុលា ១៩៩១-២៣តុលា២០១៦)។  កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ នោះ បានបញ្ចប់នូវសង្គ្រាមស៊ីវិលនៅកម្ពុជារវាងខ្មែរនិងខ្មែរ។ ជាលទ្ធផល ដែលអ៊ុនតាក់បានបញ្ចប់វត្តមាននៅកម្ពុជាមិនបានដូចអ្វីដែលប្រជាជនកម្ពុជាចង់បានក៏ដោយ តែគឺការបោះឆ្នោតជាតិលើកទី១នៅឆ្នាំ១៩៩៣ បានដំណើរការនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ជាតួអង្គសំខាន់មិនអាចខ្វះបាន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជាចាប់តាំងពីសម្តេចតេជោនៅជារដ្ឋមន្ត្រីការបរទេសសម័យរដ្ឋកម្ពុជា កាលពីឆ្នាំ១៩៨៤ ។ រហូតដល់ខែធ្នូឆ្នាំ១៩៨៧ ទើបសម្តេចតេជោហ៊ុន សែន បានជួបចរចាលើកទី១ជាមួយសម្តេចព្រះ នរោត្តម សីហនុ ដែលគេតែងហៅថា ការចរចាសីហនុ-ហ៊ុន សែន។ បន្ទាប់មកក៏មានការចរចាលើកទី២នាខែមករា ឆ្នាំ១៩៨៨ ។

ប្រទេសបារាំង និងឥណ្ឌូណេស៊ី ជាសហប្រធាននៃសន្និសីទដែលមាន ប្រទេសចំនួន១៨ចូលរួម ហើយឈានដល់ការចុះកិច្ចព្រមព្រៀងទីក្រុង ប៉ារីសស្តីពីសន្តិភាពនៅកម្ពុជា។ ប្រទេសទាំង១៨ រួមមានមហាអំណាច ទាំងប្រាំ គឺប្រទេសចិន សហភាពសូវៀត ( រុស្ស៊ី ) បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។

ចំណែកភាគីខ្មែរ រួមមានៈ ភាគីរដ្ឋាភិបាលកម្ពុជា  និងភាគីចលនាតស៊ូដែលរួមមានៈ រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ហ្វ៊ុនស៊ិនប៉ិច និង កម្ពុជាប្រជាធិបតេយ្យ ( ខ្មែរក្រហម ) ។ ក្នុងនោះតួអង្គសំខាន់ គឺសម្តេចតេជោ ហ៊ុន សែន តំណាងរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងប្រទេស និង សម្តេចព្រះ នរោត្តម សីហនុ តំណាងរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលចរចាឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ក្រៅពីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏បានកំណត់ពីប្រទេសទាំង១៨ ដែលបានចុះកិច្ចព្រមព្រៀង ធ្វើជាសក្ខីកម្ម ហើយបានប្តេជ្ញាជួយជ្រោមជ្រែងកម្ពុជា ឱ្យមានសន្តិភាពពេញលេញ និងស្តារប្រទេសឡើងវិញ ។

ឯកសារបង្ហាញថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ មានបីចំណុចធំៗ គឺទី១- ការបញ្ចប់នូវជម្លោះរវាងខ្មែរ និងខ្មែរ ទី២-ការរក្សាការពារនូវអធិបតេយ្យ បូរណភាពទឹកដី និងទី៣- ការស្តារប្រទេសឡើងវិញ ។

បន្ទាប់ពីចុះកិច្ចព្រមព្រៀង គឺនៅឆ្នាំ១៩៩៣ អង្គការសហប្រជាជាតិ បានរៀបចំការបោះ ឆ្នោតជ្រើសតាំងសភាតំណាងរាស្ត្ររៀបចំរដ្ឋាភិបាល ចម្រុះនិងរៀបចំរដ្ឋធម្មនុញ្ញ ព្រមទាំងអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ។

ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេល២៥ ឆ្នាំមកនេះ ក៏បានធ្វើឡើងតាមរយៈការទទួលជំនួយពីប្រទេសជាមិត្តលើគ្រប់វិស័យ ។ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ក៏ត្រូវបានអនុវត្តន៍ ។ ក្នុងនោះអង្គការសមាគម សង្គមស៊ីវិល និងគណបក្សនយោបាយ ក៏ត្រូវបានបង្កើតឡើងយ៉ាងច្រើន ក្រោយពីចុះកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣តុលា ឆ្នាំ ១៩៩១ ។

ក៏ប៉ុន្តែសង្គ្រាមស៊ីវិល និងជម្លោះរវាងខ្មែរ ដែលមានរដ្ឋាភិបាល ចម្រុះកើតចេញពីការ បោះ ឆ្នោត ឆ្នាំ១៩៩៣ និងក្រុមខ្មែរក្រហម មិនត្រូវបានបញ្ចប់នោះទេ ព្រោះខ្មែរក្រហមកាល ណោះមិនបានចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ១៩៩៣ឡើយ ហើយបន្តរក្សាកម្លាំង ប្រដាប់ អាវុធនៅក្នុងព្រៃក្នុងទឹកដីកម្ពុជាជាប់ព្រំដែនថៃ ។ រហូតដល់ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបបញ្ចប់សង្គ្រាមបានទាំងស្រុង តាមរយៈការធ្វើសមាហរណកម្មរបស់កងទ័ព ខ្មែរក្រហមចូលក្នុងជួររាជរដ្ឋាភិបាល។

ចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងមកដល់ពេលនេះ គឺក្រុមអង្គការ សមាគមសង្គមស៊ីវិលរួមទាំងគណបក្សប្រឆាំងបានបន្តជួបជុំ រម្លឹកខួបថ្ងៃ២៣ តុលាជារៀងរាល់ឆ្នាំ។ ក្រុមទាំងនោះបានកើតឡើងនៅក្រោយថ្ងៃ ២៣តុលាឆ្នាំ១៩៩១ពោលគឺកើតចេញពី កិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយពួកគេមិន បានចូលរួមហើយក៏មិនមានគុណសម្បត្តិអ្វីក្នុងការចរចាស្វែង រកសន្តិភាពនៅកម្ពុជាឡើយ ។

ដូច្នេះក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង ដែលជាអ្នក ទទួលផលពីកិច្ចព្រម ព្រៀងទីក្រុងប៉ារីសតែងតែនិយាយ និងជំរុញឱ្យមានការអនុវត្តកិច្ចព្រមពៀងថ្ងៃ២៣តុលាឱ្យបានទូលំទូលាយ ដើម្បីរំលេចខ្លួន នៅក្នុងយុគសម័យថ្មីនេះប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងជាញឹកញាប់ ពិសេសកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅខេត្តប៉ៃលិន ដែលជាអតីតមូលដ្ឋានទ័ពរឹងមាំចុងក្រោយរបស់ខ្មែរក្រហមអំពីដំណើរ ការចរចាស្វែងរកសន្តិភាពរវាងសម្តេច និងសម្តេចព្រះនរោត្តម សីហនុ អំឡុងឆ្នាំ១៩៨៧ និងឆ្នាំ១៩៨៨ ហើយជាបន្តបន្ទាប់ មុននឹងឈានដល់ការ ចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ។

មួយវិញទៀត តាមសម្តេចហ៊ុនសែន បើគ្មាននយោបាយឈ្នះ-ឈ្នះ របស់សម្តេចទេ នោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏មិនអាចអនុវត្តដោយជោគជ័យបានដែរ។ ម្យ៉ាងទៀត អ្វីដែលកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនូវគោលដៅ៣ចំណុចធំៗគឺទី១-ការបញ្ចប់នូវជម្លោះរវាងខ្មែរ និងខ្មែរ ទី២- ការរក្សាការពារនូវអធិបតេយ្យ បូរណភាពទឹកដី និងទី៣- ការស្តារប្រទេសឡើងវិញជាដើមនោះ គឺត្រូវបានប្រែក្លាយខ្លួនទៅក្នុ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា និងកំពុងតែអនុវត្តន៍ យ៉ាងពេញលេញ ចាប់តាំងពីឆ្នាំ១៩៩៣ ។

សរុបមក រហូតដល់ឆ្នាំ២០១៦នេះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី សន្តិភាពនៅកម្ពុជា ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ គឺមានអាយុកាល ២៥ ឆ្នាំហើយ ។ ដូច្នេះអ្នកណាជាអ្នកធ្វើ ហើយអ្នកណាជាអ្នកបានតែថា គឺប្រជាពលរដ្ឋខ្មែរ ច្បាស់ជាបានឃើញនូវសកម្មភាពច្បាស់ហើយ ។

មួយវិញទៀត ដើម្បីរម្លឹកដល់ខួបថ្ងៃចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺមានតែការរួមគ្នា ទាំងរាជរដ្ឋាភិបាល ទាំងគណបក្សនយោបាយ ទាំងអង្គការ សមាគមសង្គមស៊ីវិល និងទាំងប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាអនុវត្តន៍នូវចំណុចមួយចំនួនក្នុងស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីសដែល មិនទាន់បានអនុវត្តន៍ឱ្យបានពេញលេញនៅឡើយ ដូចអ្វីដែលសង្គមស៊ីវិល និងគណបក្សប្រឆាំងបានលើកឡើង ដូចជាការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការពង្រឹងនូវការអនុវត្តនីតិរដ្ឋ ការរំលោភសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ  ។ ល ៕

(ប្រភព៖ រស្មីកម្ពុជា)

852106070_8110 852110655_8018

ចែករំលែក

បញ្ចេញយោបល់