ថ្ងៃ២៣ តុលា ១៩៩១ គឺជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសលើលិខិតូបករណ៍ដែលមានឈ្មោះផ្លូវការថា ៖ “កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយសម្រាប់កម្ពុជា”។
ដើម្បីគោរពឲ្យតម្លៃលើថ្ងៃ២៣ តុលា ១៩៩១ គឺសម្រាប់ប្រជាជនកម្ពុជា ត្រូវយល់ដឹងចំបងបំផុត ថាតើតថភាពនៃដំណើរឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀមនេះ ចាប់ផ្តើមពីចំណុចណា?
តថភាពប្រវត្តិសាស្ត្រ បានបង្ហាញថា កិច្ចព្រមព្រៀមក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺកើតចេញពីការផ្តួចផ្តើមគំនិតរបស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៨៥ ក្នុងការបោះដៃស្វែងជួបចចារជាមួយសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលដៅបញ្ចប់ជម្លោះប្រដាប់អាវុធរវាងខ្មែរនិងខ្មែរ។ ជាលទ្ធផល គឺការចចាររវាងហ៊ុន សែន – សីហនុ បានកើតឡើងពីរលើក គឺលើកទី១ នៅថ្ងៃទី០២ ធ្នូ ឆ្នាំ១៩៨៧ និងលើកទី២ នៅខែមករា ឆ្នាំ១៩៨៨។ ដូច្នេះយើងអាចធ្វើការសន្និដ្ឋានបានថា បើគ្មានការចចាររវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ ទាំងពិីរលើកនេះទេ គឺពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ កើតឡើងបាននោះដែរ។
សារវ័ន្តនៃការសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីស គឺ ៖
– ចាប់ផ្តើមពីការផ្តួចផ្តើមគំនិតស្វែងរកសន្តិភាពពីសំណាក់ឥស្សជនខ្មែរ មិនមែនបរទេសទេ
– មេដឹកនាំនយោបាយជំនាន់ក្រោយ គឺសម្តេចតេជោ ហ៊ុន សែន ស្វែងរកជួបមេដឹកនាំនយោបាយជំនាន់មុន គឺសម្តេចព្រះ នរោត្តម សីហនុ។
– បើទោះបីជាភាគីសាធារណៈរដ្ឋប្រជាមានិតុកម្ពុជា គ្រប់គ្រងប្រទេសជិត ៩០% ក៏ដោយ ប៉ុន្តែមហិច្ឆិតានៃការចង់បានសន្តិភាពជូនប្រជាជាតិកម្ពុជា ពីសំណាក់គណបក្សប្រជាជនកម្ពុជា គឺធំធេងណាស់។
កិច្ចព្រមព្រៀងក្រុងប៉ារីស ជាលិខិតូបករណ៍មានតម្លៃជាធរមានសម្រាប់ឲ្យភាគីជម្លោះប្រដាប់អាវុធខ្មែរដែលជាហត្ថលេខី រួមមាន ភាគីរដ្ឋកម្ពុជា, ភាគី
រណសិរ្សហ៊្វុនស៊ីនប៉ិច, ភាគីរណសិរ្សលោកតាសឺនសាន និងភាគីខ្មែរក្រហម ព្រមទាំងប្រទេសពាក់ព័ន្ធ សំដៅរួមគ្នាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយគោរពអនុវត្តកិច្ចព្រមព្រៀង ងាកមករៀបចំប្រកួតប្រជែងការបោះឆ្នោតបង្កើតសភាធម្មនុញ្ញ។ ដូច្នេះ កិច្ចព្រមព្រៀងក្រុងប៉ារីស គឺជាមូលដ្ឋាននៃគោលការណ៍រួមសម្រាប់អន្តរកាលកម្ពុជា ក្នុងដំណើរការបោះឆ្នោតបង្កើតសភាធម្មនុញ្ញ ដើម្បីតាក់តែង និងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយសម្រាប់កម្ពុជា។
អនុលោមតាមរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ ត្រូវបានបង្កើតឡើង ក្នុងទម្រង់រាជានិយមបែបប្រជាធិបតេយ្យសភា។ ខណៈដែលសភាធម្មនុញ្ញ បានអនុម័តរដ្ឋធម្មនុញ្ញថ្មី និងប្រែខ្លួនមកជារដ្ឋសភានីតិកាលទី១ ហើយកម្ពុជា មានព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ និងរដ្ឋាភិបាលត្រូវបានបង្កើតឡើង នោះមានន័យថា អន្តរកាលរបស់កម្ពុជា ត្រូវបានបញ្ចប់ ក្រោមអាជ្ញាធរបរទេសបណ្តោះអាសន្ន មានឈ្មោះថា អ៊ុនតាក់ និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅកាត់ អេស អិន ស៊ី ជាមួយនឹងការបញ្ចប់សុពលភាពនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ជំនួសដោយរដ្ឋធម្មនុញ្ញដែលកិច្ចព្រមព្រៀងបានទទួលស្គាល់ថារដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ និងទទួលស្គាល់លក្ខណៈសម្បត្តិកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យអចិន្ត្រៃយ៍។
ដោយឡែក ការរំពឹងសង្ឃឹមថា បេសកកម្មរបស់អ៊ុនតាក់ ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ នឹងនាំយកមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជា ត្រូវបានបរាជ័យតាំងពីដើមទីរួចស្រេចទៅហើយ ខណៈដែលអ៊ុនតាក់ និងអន្តរជាតិពុំមានសមត្ថភាពបង្ខំឲ្យភាគីខ្មែរក្រហម ចូលរួមក្នុងការបោះឆ្នោត ដើម្បីបញ្ចប់សង្គ្រាម។ បើទោះបីជាបរាជ័យក្នុងការធ្វើឲ្យភាគីខ្មែរក្រហមចូលរួមការបោះឆ្នោតក៏ពិតមែន ប៉ុន្តែភាគីរដ្ឋកម្ពុជា, ភាគីហ៊្វុនស៊ីនប៉ិច និងភាគីលោកតាសឺនសាន បានចូលរួមក្នុងសហគមន៍ជាតិតែមួយ ក្នុងការប្រកួតប្រជែងបោះឆ្នោត ហើយពុះពារបន្តទៀតក្រោយការបោះឆ្នោតសភាធម្មនុញ្ញឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ ដោយមិនផ្តេកផ្តួលតែលើបេសកកម្មរបស់អ៊ុនតាក់នោះទេ។
ក្រោយពីអ៊ុនតាក់ បានបញ្ចប់បេសកកម្មបានត្រឹមតែរៀបចំបោះឆ្នោតសភាធម្មនុញ្ញ ហើយក៏បានបោះបង់កម្ពុជាចោល ដូចនេះបេសកកម្មសន្តិភាព ត្រូវបន្តដោយខ្មែរខ្លួនឯង ពោលគឺ នៅចុងឆ្នាំ១៩៩៨ ដើមឆ្នាំ ១៩៩៩ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោសែន គឺកម្ពុជា ទទួលបានជោគជ័យក្នុងការបង្រួបបង្រួមជាតិ និងសន្តិភាពទាំងស្រុងដែលគ្រប់ភាគីនយោបាយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ។ យើងអាចនិយាយម៉្យាងទៀតថា បើគ្មានគោលនយោបាយឈ្នះ-ឈ្នះ គឺគ្មានសន្តិភាព។
ផ្អែកលើមូលដ្ឋាននៃការបញ្ចប់សុពលភាពនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ទើបកម្ពុជា រួមជាមួយបរទេស អាចបង្កើតសាលាក្តីវិសមញ្ញសម្រាប់កាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលជាភាគីមួយនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយដែលលោក ខៀវ សំផន ជាហត្ថលេខី ឥឡូវកំពុងជាប់ឃុំក្រោម អំណាចច្បាប់កម្ពុជា។
ដូច្នេះ បើទោះបីជាបច្ចុប្បន្ន ឯកសារកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ត្រូវបានបញ្ចប់សុពលភាពអនុវត្តន៍ ក៏ពិតមែនក្តី តែស្មារតីកិច្ចព្រមព្រៀងនេះ បានក្លាយជាការចងចាំរបស់ប្រជាជនកម្ពុជា។ រីឯ គោលការណ៍ ចំបងៗនៃកិច្ចព្រមព្រៀងនេះ គឺបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញជាធរមានដែលជាច្បាប់កំពូលរបស់ប្រទេស ហើយដែលប្រជាពលរដ្ឋគ្រប់រូប ត្រូវគោរពអនុវត្ត។
ដោយឡែកអ្វីដែលគណបក្សសង្គ្រោះជាតិ និងអ្នកវិភាគប្រតិកិរិយា ខំព្យាយាមអះអាងទាំងបំពានក្នុងចេតនាចង់ឲ្យកិច្ចព្រមព្រៀងក្រុងប៉ារីស មានសុពលភាព ដោយគ្មានរយៈពេលកំណត់ គឺជាបំណងទុច្ចរិត ព្រោះតែក្រុមនិន្នាការនយោបាយនេះ មានចេតនាបំពានគោលការណ៍រដ្ឋធម្មនុញ្ញដែលបញ្ញត្តិថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ និងអធិបតេយ្យ”។ ការប្រកាន់ជំហបែបនេះ គឺដោយសារតែក្រុមនិន្នាការនយោបាយទាំងនោះ ប្រឆាំងនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបពួកគេយកលេសចង់ឲ្យបរទេសចូលមកដឹកនាំកម្ពុជា ដូចជំនាន់អ៊ុនតាក់ បន្តទៀត។ នេះជាការស្រមើស្រមៃរបស់គណបក្សសង្ក្រោះជាតិ និងក្រុមប្រឆាំងដទៃទៀតដែលខ្វះសតិសម្បជញ្ញៈឯករាជ្យ អធិបតេយ្យភាពជាតិ។
រដ្ឋធម្មនុញ្ញថ្មី បានធានាការពារឯករាជ្យ អធិបតេយ្យភាពជាតិកម្ពុជា ដោយពុំបានចែងទទួលស្គាល់ឲ្យប្រជាពលរដ្ឋខ្មែរ ឬក្រុមនយោបាយណាមួយ ធ្វើញត្តិឲ្យរដ្ឋាភិបាលបរទេស មកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ ដូច្នេះ កន្លងមក ក្រុមនិន្នាការប្រឆាំង តែងតែធ្វើញត្តិបែបនេះដាក់ទៅស្ថានទូតបរទេស និងអង្គការអន្តរជាតិ ប្រចាំនៅកម្ពុជា គឺជាអំពើរំលោភរដ្ឋធម្មនុញ្ញ រំលោភឯករាជ្យភាព អធិបតេយ្យភាពជាតិ យ៉ាងធ្ងន់ធ្ងរ និងជាក់ស្តែង។
ប្រភព៖ ទំព័រហ្វេសប៊ុក សម្លេងយើង