បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” ។
ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័ន ដែលទ្រង់សោយរាជសម្បត្តិក្នុងរវាង គ.ស. ៨៨៩ ដល់ ៩១០ យើងដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាង គេតែងធ្វើពិធីបូជាបាយបិណ្ឌ ចំពោះវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និង ចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយជារៀងរាល់ខែ ។
សម័យសព្វថ្ងៃបុណ្ឌជាដុំបាយដំណើប ដែលគេចំអិនដោយខ្ទិះដូង ហើយលាយ ឬ បុកជាមួយគ្រឿងផ្សំឯទៀត តាមទម្លាប់ស្រុក ។ គេរៀបបាយបិណ្ឌ នៅជុំវិញបាយបត្តបូរ បាយបត្តបូរ ក៏ធ្វើដូចជាបាយបិណ្ឌដែរ គ្រាន់តែពូត ជាពំនូតធំ ៗ មានកំពូលស្រួចហើយគ្របដោយសាជីស្លឹកចេក និង មានដោតទៀតធូបភ្ញីផ្កាជាលំអផង ។ តាមទម្លាប់នៅថ្ងសកាន់បិណ្ឌទី ១ គេដាក់បាយបិណ្ឌតែ ១ ពំនូតទេ ។ ហើយគេចេះតែថែម ១ ថ្ងៃ ១ ដុំ លុះត្រាតែគ្រប់ ១៥ ដុំ ។ ប៉ុន្តែមានស្រុកខ្លះ មានទំនៀមធ្វើប្លែកពីនេះ ភូមិខ្លះ គេធ្វើបាយធ្វើបាយបិណ្ឌតែ ៥ ទេ ដេលគេទុកជានិមិត្តរូបព្រះពុទ្ធ ទាំង ៥ ព្រះអង្គប្រចាំកប្បយើងនេះ ។ នៅភូមិខ្លះទៀត, ជុំវិញជើងបាយបត្តបូរ មានដាកបាយកន្ទោង ៨ ផង ហើយកន្ទោងនិមួយ ៗ មានតាំងពីបាយ ១ ដុំ ដល់ ១៥ ដុំ ។ កន្ទោងបាយទាំង ៨ នោះ គេទុកបម្រុង យកទៅដាក់ជុំវិញ ព្រះវិហារគ្រប់ទិសទាំងប្រាំបី ។
តាមទម្លាប់ ជាធម្មតា គេត្រូវទុកបាយបត្តបូរនៅទីវត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅ ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែលគេបញ្ចប់បុណ្យនេះ ។ ក្រៅពីបាយបិណ្ឌ និង បាយបត្តបូរ គេមានធ្វើផ្កាបិណ្ឌ ដែលមានបាច់ផ្កា ១ រាងដូចសាជីជ្រុង ថែមទៀត ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី កំពស់ប្រហែលជា ១ម. មានស៊កកង់ឈើមូល ៗ ជាថ្នាក់រាងធំក្រោម រៀវតូចទៅលើ ។ នៅកន្លែងកង់ជាថ្នាក់ ៗ នោះមានដោតផ្កាញ័រ ធ្វើដោយស្ពាន់ក្រាបនឹងក្រដាសគ្រប់ពណ៌ ដោយនៅចុងទង់ ធ្វើដោយខ្សែលួស តែកាលណាមានខ្យល់បក់មក សូម្បីតិចយ៉ាងណា ក៏អាចធ្វើផ្កាទាំងនោះ ឲ្យរញ្ជួយញ័រ ៗ ដែរ នៅកំពូលស៊ុម ផ្កានោះមានរូបហ្សតូចមួយធ្វើដោយឈើ នៅលើខ្នងហង្សមានដោយទៀន ១ ផង ។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់ទៀននេះ រាល់យប់ ។គេធ្វើផ្កាបិណ្ឌ ដើម្បីឧទ្ទិសបូជាដល់ប្រះចូឡាមណីចេតិយ នៅឯឋានត្រៃត្រឹង្ស ដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រង់ចេញសាងព្រះផ្នួស ។
ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលាវត្ត ដែលគេវានចាត់ចែង រៀបចំលំអរ ជាស្រេចសម្រាប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រមន្ត និង សំដែងធម្មទេសនា ។ លុះចប់ធម៌ទេសនា ហើយគេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួនដល់ថ្ងៃបន្ទាប់មក ទើបនាំគ្នាក្រោកពីយប់ទីប្រជុំនៅឯទីវត្តទៀត ។អ្នកណាទៅដល់វត្តមុនគេ អ្នកនោះ ទូងស្គរជាសញ្ញា ដល់អ្នកជើងវត្តឯទៀត ។ ពេលឮសញ្ញាស្គរវត្តហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណីផ្សេង ៗ ទៅកាន់វត្តយ៉ាងរួសរាន់ ។ ដល់ហើយនាំគ្នាដើរទក្ខិណាព័ត៌ព្រះវិហារ ៣ ជុំ រួចទើបនាំគ្នាចូលទៅស្ដាប់ព្រះសង្ឃស្វាធ្យាយធម៌ ។ ធម៌ដែលព្រះសង្ឃសូត្រនៅពេលនោះមាន ២ យ៉ាង, ធម៌មួយយ៉ាង សម្រាប់ឧទ្ទិសគ្រៀងសំណែនដល់ខ្មោច ធម៌មួយទៀត សម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង ។ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ យកទាំងបាយបិណ្ឌទៅផង ។ ដល់ថ្ងៃជិតត្រង់ ទើបនាំគ្នាយកចង្ហាន់ ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដងទៀត ។ គេធ្វើដូច្នេះរហូតដល់គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះហើយដែលជាថ្ងៃសំខាន់ជាងគេ ។
ពិធីក្នុងព្រះបរមរាជវាំងៈ
នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរាជកុសលកាន់បិណ្ឌជាទម្លាប់មក ចាប់តាំងពីថ្ងៃ ១១ រោច ។
នៅពេលនេះ យើងសូមជូនអំពី ព្រះរាជពីធីយ៉ាងសង្ខេប, ព្រោះថាក្រៅអំពីការរុងរឿង អធិកអធមក្នុងការរៀបចំពិធី ពុំមានទំនៀមប្លែកប៉ុន្មានអំពីទំនៀមរាស្ត្រឡើយ ។
ខាងទំនៀមព្រះមហាក្សត្រ ធ្វើផ្កាបិណ្ឌច្រើនជាំងនៅទីដទៃ ព្រោះគេធ្វើជំនួសបាយ បត្តបូរយើងធម្មតា ។ ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពីធី ក៏មានរាងធំក្រោម ស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ មានដោតក្បាច់កញចាំងឆ្លាក់ភ្ជាប់ នឹងសាច់អំពៅព្រោះតែម្ដង ហើយនៅថ្នាក់ក្រោមបង្អស់មានដោតទង់រូបក្រពើ និង ទង់រូបនាគធ្វើដោយស្ពាន់ក្រាប ។ ព្រះរាជពិធីតែងធ្វើនៅក្នុងព្រះទេវាវិនិច្ឆ័យ, នៅលើតុមួយគេតំកល់ប្រះពុទ្ធរូប ១ អង្គដែលគេបានអភិសេកពីឆ្នាំមុនរួចហើយ ដល់ថ្ងៃបង្ហើយបុណ្យ គេត្រូវអភិសេកព្រះពុទ្ធរូបមួយអង្គថ្មីទៀត ។
នៅថ្ងៃ ១១ រោច ដែលជាថ្ងៃផ្ដើមបុណ្យ ព្រះសង្ឃចំរើនព្រះបរិត្តនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។ ស្អែកឡើងគឺថ្ងៃ ១២ រោច ព្រះសង្ឃត្រូវនិមន្តតាំងពីម៉ោង ៤ ភ្លឺដើម្បីស្វាធ្យាយ ធម៌រហូតដល់ម៉ោង ១០ ទើបក្រុមសង្ឃការី រៀបចង្ហាន់ប្រគេនព្រះសង្ឃការីរៀបចង្ហាន់ប្រគេនព្រះសង្ឃឆាន់ ។ វេលារសៀល ថ្ងៃដដែល ត្រូវវេនព្រះសង្ឃដ៏ទៃទៀត ទៅបំពេញកិច្ចដូចថ្ងៃទី ១ ដែលយើងបានពោលរួចមកហើយ ។ថ្ងៃ ១៣ រោច ពិធីដែលធ្វើតាំងពីរសៀលថ្ងៃនេះ ទៅទល់នឹងព្រឹកថ្ងៃស្អេកទៀត ជាពីធីថ្វាយព្រះរាជកុសលចំពោះព្រះអតីតមហាក្សត្រទាំងឡាយ ជាពិសេសគឺប្រះរាជា ៥ ព្រះអង្គដែលទ្រង់សោយទីវង្គតក្រោយគេ គឺព្រះករុណា ព្រះអង្គឌួង ព្រះករុណាព្រះនរោត្ដម ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះករុណាព្រះមុនីវង្ស និង ព្រះករុណាព្រះសុរាម្រិត ។
នៅថ្ងៃ ១៤ រោច ព្រះករុណា, ព្រះរាជវង្សានុវង្ស ស្ដេចចេញជាព្រះរាជាធិបតីជាមួយ នឹងនាម៉ឺនសព្វមុខមន្ត្រី ។
បន្ទាប់មក គេនិមន្តព្រះសង្ឃបង្សុកូល គឺជាការពិចារណាដល់ភាពឥតខ្លឹមសារនៃមនុស្សជាតិ និង ជាកិច្ចបញ្ជូនកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ឲ្យបានរំដោះផុតពីទុក្ខវេទនា ។ នៅវេលាលោកសង្ឃកំពុងសូត្រគេយកអំបោះឆៅប្រគេនព្រះសង្ឃគ្រប់អង្គកាន់ ហើយយកចុងសរសៃអំពោះម្ខាងដាក់ទៅក្នុងផ្តិលទឹកមន្តមួយ ។ ដែលតម្កល់នៅមុខព្រះសង្ឃនាយក ហើយចុងម្ខាងទៀត យកទៅដាក់ព័ទ្ធជុំវិញហោព្រះអដ្ឋិឯណោះ ។ អំពោះនៅជានិមិត្តរូបនៃការចម្លងកម្លាំងធម៌ ខាងសាសនាពីអ្នករស់នៅទៅកាន់អ្នកស្លាប់ ។
នៅម៉ោង ៩ យប់ ព្រះករុណាទ្រង់យាងមកជួបជុំ និង ព្រះរាជវង្សានុវង្ស ចៅជិតចៅចម ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ម្ដងទៀតដើម្បីធ្វើពិធី “ ប្រជុំបិណ្ឌ” ។ នៅឱកាសនោះ ព្រះខ័នស្ដេចត្រាញ់ទាំង ៤ ក៏ត្រូវអញ្ជើញមកតម្កល់ក្នុងពិធីនោះដែរ ។
ក្រៅពីនោះ មានតុពីរទៀត នៅចំពីមុខកន្លែង តម្កល់ព្រះបរមរូប ។ តុមួយមានគ្រឿងប្រដាប់សុទ្ធសឹងមាស គឺជាដង្វាយថ្វាយ ព្រះបិតរចំពោះព្រះសពនៃព្រះមហាក្សត្រ ទ្រង់រាជ្យ ។ តុ ១ ទៀតមានសុទ្ធតែគ្រឿងប្រាក់ ជាដង្វាយសម្រាប់ថ្វាយព្រះបិតរ ចំពោះវិញ្ញាណក្ខ័ន្ធ នៃព្រះរាជវង្សានុវង្ស ។ នៅជិតតុនោះ មានតុមួយតូចមួយទៀត តម្កល់កែវទឹកដូង ។
កាលព្រះករុណាទ្រង់យាង ដល់ទីប្រជុំហើយ ព្រះអង្គទ្រង់ព្រះរាជទានភ្លើងអុជទៀន គោលទាំងគូ ដែលដាក់នៅចំពោះព្រះភក្ត្រ ព្រះបរមរូប ។ បារគូ ៩ នាក់ សូត្រថ្វាយជ័យរួចចាក់ទឹកស័ង្ខលើបាតព្រះហស្ថព្រះរាជា ហើយថ្វាយស័ង្ខ រួចថ្វាយស្លឹកព្នៅខ្ចី ១ សន្លឹក ដែលព្រះរាជាទ្រង់ទទួលសៀតនៅព្រះកាណ៌ឆ្វេង ដើម្បីសិរីសួស្ដី ។
លុះចប់កិច្ចបួងសួងហើយ ព្រះករុណាទ្រង់យាងថ្វាយបង្គំព្រះបរមរូបរួចទើបទ្រង់យាងចាក់ដូងជាក្រោយ ។ តមកតៀត ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ចូលម្ដង ៤ នាក់ ៗ ដូចមុនដែរ ។
លុះត្រឡប់មកវិញ ពួកភ្នាក់ងាររៀបធ្វើពិធីបង្សុកូល និង ប្រគេនចង្ហាន់សង្ឃជាការស្រេច ។ ក្នុងពេលជាមួយនឹងព្រះរាជពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ក្រុមបារគូក៏ធ្វើពិធីបូជាចំពោះទេវរូបនៅនាយោព្រះបញ្ចក្សេត្រដែរ ។ គេធ្វើពិធីអញ្ជើញទេវរូបទាំងនោះឲ្យចេញវស្សាជាមួយផង ។

ថ្ងៃខែដាច់ខែភទ្របទ ជាថ្ងៃសំខាន់ជាងគេក្នុងរដូវបិណ្ឌ គឺជាថ្ងៃ “ ប្រជុំបិណ្ឌ” ឬ “ ភ្ជុំបិណ្ឌ” ។
ពេលភ្លឺស្រាង ៗ ទាយកទាយិកា នាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួន ទៅសំរាកបន្តិច ដើម្បីនឹងត្រឡប់មកកាន់វត្តវិញ នៅពេលថ្ងៃជិតត្រង់ ។