ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្តី​ទី​ប្រកាស​ឲ្យ​ប្រើ​ប្រាស់

ថ្ងៃសៅរ៍ ទី ២៩ កក្កដា ២០១៧​
80

នៅទីបំផុត​ទៅ​វិសោធនកម្ម​ច្បាប់​ស្តីពីគណបក្ស​នយោបាយបាន​ចូល​ជា​ធរមាន​ហើយ បន្ទាប់​ពីប្រមុខ​រដ្ឋ​ស្តីទី​លោក​ សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​ ក្នុង​នាម​ជា​ព្រះ​រាជានុសិទ្ធិ​របស់​ព្រះមហាក្សត្រ​ បាន​ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​កាល​ពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៧ ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយនេះ​។ នេះ​បើ​យោង​តាម​លោក សុខ ឥសាន អ្នកនាំ​ពាក្យ​​គណបក្សប្រជាជនកម្ពុជា។

លោក​ សុខ ឥសាន បាន​ឲ្យ​ដឹង​តាម​រយៈបណ្តាញ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​ថា គោលបំណង និង​​សំណូមពរ​នៃការធ្វើវិសោធនកម្មច្បាប់នេះ គឺសម្រាប់អនុវត្តចំពោះ​គ្រប់​​គណបក្សនយោបាយ​ដែល​មាន​នៅកម្ពុជា ស្របតាមសភាពការណ៏ថ្មីរបស់កម្ពុជា ក្នុង​គោល​បំណង​តម្រង់ទិសឲ្យ​គ្រប់​គណ​បក្សនយោបាយ​គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ​លទ្ធិប្រជាធិប​តេយ្យ និងពង្រឹងនីតិរដ្ឋស្រប​តាម​ស្មារតីនៃកិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និង​​រដ្ឋ​ធម្មនុញ្ញនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

លោកបានបញ្ជាក់ថា ដើម្បីធានាការពាររដ្ឋធម្មនុញ្ញ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រម​ទាំង​របប​​ប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពីបញ្ហាកម្ពុជាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើត​ចេញពីការបោះឆ្នោត ប្តេជ្ញាអនុវត្តយ៉ាងត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋឲ្យ​បាន​ម៉ឹងម៉ាត់ដាច់ខាត មិនអនុញ្ញាតឲ្យជនណា និងមជ្ឈដ្ឋានអគតិណា បំផ្លាញ​បាន​​ឡើយ។ ជនណា និង​មជ្ឈដ្ឋាន​អគតិណា ដែលរំលោភ បំពាន ត្រូវតែទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយបញ្ជូនទៅស្ថាប័នតុលាការ ចាត់​ការ​តាមនីតិវិធី ជាធរមាន ។

ទន្ទឹមគ្នានេះ ដោយព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អាធិបតេយ្យ រាល់​មហិច្ឆតាចង់ជ្រៀត​ជ្រែក​​​ពីខាងក្រៅ ត្រូវបានបដិសេធ និងមិនអាចទទួលយកបានជាដាច់ខាត ទោះបីតាមរូប​ភាព​ណា​ក៏ដោយ។

គួរ​បញ្ជាក់​ថា សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានផ្តួចផ្តើមឡើងជាថ្មី ដោយ​ក្រុម​តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។ ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុង​នោះ​មាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន) ជា​ដើម។ មាត្រា៦ ថ្មី(ពីរ) បាន​កំណត់​ថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើប្រាស់សារ​ជា​សំឡេង រូបភាពឯកសារជា លាយលក្ខណ៍​អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពី​បទ​មជ្ឈឹម ដើម្បីជាផលប្រយោជន៍​នយោបាយ​ខ្លួន​ឡើយ។ ដោយឡែក មាត្រា៤៨ថ្មី (សួន) ក៏បាន​កំណត់​មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលផងដែរ៕

ចែករំលែក

បញ្ចេញយោបល់