តាមរយៈការរីកចំរើននៃបច្ចេកវិទ្យា ផលិតផល Hardware របស់កុំព្យូទ័រជាច្រើនប្រភេទបានកំពុងចុះថ្លៃដោយសារតែផលិតផលជំនាន់ថ្មីៗ បង្ហាញខ្លួន តែមិនមែនមានន័យ ថារាល់ផលិតផលថ្មីៗសុទ្ធតែខ្លាំង ទាំងអស់នោះទេ! ព្រោះគុណភាពគឺអាស្រ័យទៅតាមតម្លៃរបស់វាផងដែរ។ និយាយដល់ Hardware របស់កុំព្យូទ័រនេះ Hard Disk គឺជាផ្នែកសំខាន់បំផុត មួយក្នុងការផ្ទុកឯកសារ សំខាន់ៗជាច្រើន របស់អ្នកប្រើប្រាស់ទាំងអស់ ដោយវាត្រូវបើ ពិភពលោកប្រើ ជាច្រើនឆ្នាំណាស់មកហើយ បើទោះបីជា យើងមានបន្ទះឈីប SSD ក៏ដោយ តែ Hard Disk នៅតែមានអ្នកប្រើប្រាស់ ព្រោះវានៅមាន សមត្ថភាពខ្លាំង ហើយថែមទាំង មានតម្លៃធូរថ្លៃជាង SSD ទៀតផង។
ដូច Hard Disk របស់ក្រុមហ៊ុន Seagate នេះអញ្ចឹង ដែលទើបនឹងប្រកាស ចេញជាផ្លូវការម្សិលមិញ នេះប៉ុណ្ណោះ ដោយវាមានទំហំ ដល់ទៅ 5TB ឬស្មើនឹង 5000GB ឯណោះ មានឈ្មោះហៅ ជាផ្លូវការថា BarraCuda ST5000 ជាមួយនឹងតម្លៃធូរថ្លៃទាល់ តែមែនទែនត្រឹមតែ 85$ ប៉ុណ្ណោះ ជាតម្លៃមួយដែល យើងទាំងអស់គ្នាតែងតែ ប្រាថ្នាចង់បានគ្រប់ៗគ្នា។ លក្ខណៈពិសេស របស់ Hard Disk ដ៏ធូរថ្លៃពី Seagate មួយនេះគឺថា វាគឺជា Hard Disk ប្រភេទ 2.5 អ៊ីញ ដែលយើងអាចយក ទៅតម្លៃប្រើប្រាស់ជាមួយ នឹងម៉ាស៊ីន Desktop បាន ដោយវាមានកម្រាស់ 15 មីលីម៉ែត្រ (រាងក្រាស់ដែរ) មានន័យថាយើង មិនអាចយកវាទៅ ប្រើប្រាស់ជាមួយម៉ាស៊ីនរបស់ Laptop ឡើយ ដោយ Seagate ប្រាប់ថា វាបង្កើតឡើងតែ សម្រាប់អ្នកប្រើ Desktop សិនប៉ុណ្ណោះ ព្រោះកម្រាស់វារាងក្រាស់ ដោយសារតែស្រទាប់ ឌីសនៅខាងក្នុងមានច្រើនជាន់។
យ៉ាងណាមិញ Seagate ក៏នៅមាន Hard Disk មួយម៉ូឌែលផ្សេងទៀត សម្រាប់ឲ្យយកទៅ ប្រើប្រាស់ជាមួយម៉ាស៊ីន Laptop ផងដែរ ដែលវាមានឈ្មោះ ហៅជាផ្លូវការថា BarraCuda ST2000LM015 មានទំហំ 2TB/2000GB ប៉ុណ្ណោះ កម្រាស់ត្រឹម 7 មីលីម៉ែត្រ អាចយកទៅ ប្រើជាមួយម៉ាស៊ីន Laptop បានយ៉ាងងាយស្រួលបំផុត ថែមទាំងមាន តម្លៃត្រឹមតែ 45$ ប៉ុណ្ណោះ។ Hard Disk ទាំង 2 ដូចខ្ញុំបានរៀបរាប់ ខាងលើនេះ នឹងត្រៀមចេញលក់ ក្នុងទីផ្សារឆាប់ៗនេះឯង តែមិនដឹងថាថ្ងៃណា ទើបវាលេចមុខលក់ក្នុង ទីផ្សារស្រុកខ្មែរយើងនោះទេ ហើយបើមានមែន ក៏តម្លៃរាងថ្លៃជាងតម្លៃដើមផងដែរ!