យោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា នៅថ្ងៃទី២០ តុលា នេះ គឺជាថ្ងៃខួបកំណើត ៣៩ឆ្នាំ របស់លោក ហ៊ុន ម៉ាណែត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា កូនមួយនេះបានកើតក្នុងស្ថានភាព និងពេលវេលាដ៏លំបាកបំផុតដែលប្រជាជនកម្ពុជាត្រូវរស់យ៉ាងវេទនានៃរបប ប៉ុល ពត។ លោក បានចាកចេញចោលភរិយា តាំងពីលោក ហ៊ុន ម៉ាណែត នៅក្នុងផ្ទៃ៥ខែ ដើម្បីដឹកនាំការតស៊ូប្រឆាំង ប៉ុល ពត។ ភរិយារបស់លោក និងកូនត្រូវរស់នៅក្រោមពាក្យប្រពន្ធអាក្បត់ និងកូនអាក្បត់។
លោក ហ៊ុន សែន បានបន្ថែមទៀតថា ចាប់ពីប្រសូតរហូតថ្ងៃ ២៤ កុម្ភៈ ១៩៧៩ ដែលជាថ្ងៃជួបមុខឳពុកលើកដំបូង លោក ហ៊ុន ម៉ាណែត រស់ក្រោមដំណក់ទឹកភ្នែកមា្តយ មិនស្គាល់ពាក្យថាពុកនោះទេ គេស្គាល់ត្រឹមពាក្យពូ រហូតហៅ ឪពុកថា ពូៗ រយៈពេល២ខែ ដែលរឿងរ៉ាវទាំងអស់នេះនៅដិតដាមក្នុងអារម្មណ៍នៅឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ចម្រៀងទុក្ខស្រីប្តីព្រាត់បានឆ្លុះបញ្ចាំងពីជីវិតកំសត់របស់លោក ហ៊ុន ម៉ាណែត កូនប្រុសបង្កើតរបស់លោក៕