តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រំលោភលើគោលការណ៍រដ្ឋធម្មនុញ្ញ «ព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ តែមិនកាន់អំណាច»

ថ្ងៃអង្គារ ទី ២៥ កក្កដា ២០១៧​
132

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ គណនីហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រំលោភលើគោលការណ៍រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ តែមិនកាន់អំណាច» ដែលមានខ្លឹមសារដូចខាងក្រោម៖

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៧ វាក្យខ័ណ្ឌ១ ចែងថា ៖ «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ តែទ្រង់មិនកាន់អំណាចឡើយ»។ នេះមានន័យថា ព្រះមហាក្សត្រ ព្រះអង្គគ្រងរាជ្យសម្បត្តិ ជាប្រមុខរដ្ឋក្នុងមុខតំណែងអព្យាក្រិត្យនៃរបបគ្រប់គ្រងរដ្ឋបែបរាជានិយមអាស្រ័យសភា (parliamentary Monarchy) ដោយមិនឡូកឡំជាមួយនឹងអំណាចន​យោបាយដឹកនាំប្រទេស ក៏ដូចជាមិនពាក់ព័ន្ធនឹងទស្សនៈនយោបាយរបស់គណបក្សណាឡើយ។

ហេតុនេះហើយ ការឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ គឺធ្វើឡើងក្នុងនាមព្រះអង្គជាប្រមុខរដ្ឋនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបែបប្រជាធិបតេយ្យសភានិយម (parliamentary Democracy) ដើម្បីឱ្យច្បាប់ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តដោយសម្លេងភាគច្រើន ចូលជាធរមានអនុវត្តន៍។ ការបញ្ជាក់របស់រដ្ឋធម្មនុញ្ញ «ទ្រង់មិនកាន់អំណាច» គឺមានន័យថា ព្រះមហាក្សត្រ ពុំមាន «អំណាចវេតូ» ទេ ពោលគឺអំណាចជំទាស់នឹងការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា ដោយមិនឡាយព្រះហស្ថលេខា។

ដូច្នេះ តំណាងរាស្ត្រ២៩នាក់មកពីគណបក្សសង្គ្រោះជាតិ ដែលបានដាក់លិខិតថ្វាយព្រះមហាក្សត្រ ក្នុងន័យកុំឱ្យព្រះអង្គឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តលើសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សន​យោបាយ គឺមានន័យជាការដាក់សម្ពាធ និងជាចេតនាទាញព្រះមហាក្សត្រឱ្យចូលព្រះកាយក្នុងការសម្រេចចិត្តខាងនយោបាយរបស់គណបក្សសង្គ្រោះជាតិ។ នេះជាទង្វើររំលោភលើគោលការណ៍គ្រប់គ្រងរដ្ឋ អនុលោមតាមរដ្ឋធម្មនុញ្ញ «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ តែទ្រង់មិនកាន់អំណាចឡើយ»

ប្រភព៖ វិទ្យាស្ថាន ពលរដ្ឋវិជ្ជា

ចែករំលែក

បញ្ចេញយោបល់