កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក សាយ សំអាល់ បានអនុញ្ញាតឱ្យលោកស្រី ក្លេស ចិន្តា ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការអភិរក្សដំរីខ្មែរ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។ លោករដ្ឋមន្ត្រីបានជម្រាបជូន អំពីស្ថានភាព និងវឌ្ឍន៍ភាពការងាររបស់ក្រសួងបរិស្ថាន ទាំងក្នុងកិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។
ជាការឆ្លើយតបទៅនឹងសំណូមពររបស់លោកស្រី ក្លេស ចិន្តា ដែលស្នើសុំក្រសួងបរិស្ថានជួយគាំទ្រដល់សកម្មភាពអភិរក្សដំរី ទាំងការកំណត់ដែនជម្រកសម្រាប់ដំរី ការបន្តពូជរបស់ដំរី ការបណ្តុះបណ្តាលមរដំរី ការអភិវឌ្ឍគោលដៅទេសចរណ៍ ក៏ដូចជាការស្វែងរកការងារជូនប្រជាសហគមន៍ លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ ដោយបានជំរុញឲ្យក្រុមការងារនៃភាគីទាំងពីរបន្តធ្វើការជាមួយគ្នា ក្នុងគោលបំណងជំរុញការលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្សដំរីនៅកម្ពុជាជារួម៕