រឿងព្រេងខ្មែរ ប្រាសាទអង្គរ

ថ្ងៃសុក្រ ទី ១៤ កក្កដា ២០១៧​
1433

វិចារកថា៖ ដោយកែវឈុន:
អង្គរវត្ដ គឺជាប្រាសាទដ៏ល្អប្រណិតមួយ ល្បីរន្ទឺសុះសាយពេញពិភពលោក ហើយអង្គរវត្ដជារូបភាពតំណាង យ៉ាងសំខាត់បំផុត របស់ប្រទេសកម្ពុជាយើង។ វិរជនខ្មែរគ្រប់សម័យកាល តែងជ្រើសយកនិមិត្ដរូបប្រាសាទអង្គរវត្ដ មកដាក់លើទង់ជាតិខ្មែរ គ្រប់ៗ សម័យមិនដែលខកខានឡើយ។ នគរវត្ដ ឬអង្គរវត្ដ មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត មានកសិណ ឬគូទឹកព័ទ្ធជុំវិញ ប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទមានបណ្ដោយប្រវែង ១៥០០ម x ១៣០០ម លើ ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្ដាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដមានកំពស់ ៦៥ម។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺ ជាស្នាដៃរបស់អាទិទេព។
តាមប្រវត្ដិសាស្ត្រភាគរឿងនិទាន ប្រាសាទអង្គរត្រូវបានសាងសង់ឡើងដោយ វិស្សកម្មទេវបុត្រ ដែលព្រះឥន្រ្ទបានចាត់ ប្រើឲ្យមកកើតជា មនុស្សលោក មានឈ្មោះថា ចៅចិត្ដកុមារ ឬពិស្ណុការ ដើម្បីសង់ប្រាសាទថ្វាយព្រះកេតុ​មាលា តែបើតាមប្រជុំរឿងព្រេងខ្មែរភាគ៥ របស់ពុទ្ធ សាសនបណ្ឌិត្យ ដែលយើងកំពុងចុះផ្សាយនេះ ចៅចិត្ដកុមារ ឬពិស្ណុការ មិនមែនចុះមកពីឋានសួគ៌តាមបញ្ជាព្រះឥន្រ្ទាធិរាជទេ។ ព្រះពិស្ណុការ ជាកូនប្រុសរបស់ទេពធិតា ទិពសុតាចន្ទ និងចឹកលឹមសេងដែលរស់នៅក្រុងសៀងហៃនៃប្រទេសចិនឯណោះទៅវិញ។
តាមរឿងព្រេងនិទានទិពសុតាចន្ទ និងតាកំសត់លឹមសេង គេបានផ្សព្វផ្សាយ ដោយប្រើវិធីតាមបទអក្សរសាស្រ្ដ​ផង ដោយវិធីសម្ដែងជា រឿងមហោស្រពល្ខោនផង ធ្វើឲ្យសាច់រឿងនេះ ពីរោះ ល្បីសុះសាយដល់ហ្វូងមហាជនទូទៅ ទាំងនៅស្រុកចិន ទាំងនៅស្រុកខ្មែរផងដែរ។ អ្នកអានអ្នកមើល នាំគ្នាអានស្ដាប់យ៉ាងជក់ចិត្ដ ព្រោះជាសាច់រឿងស្នេហាបែបកំសត់ លាយលំទៅដោយអច្ឆរិយៈ អភិនហាដ៏អស្ចារ្យដែល មនុស្សសង្គមខ្មែរក្ដី ចិនក្ដី សុទ្ធតែជំនឿយ៉ាងមុតមាំ តៗគ្នាមកជាច្រើនរយពាន់ឆ្នាំមកហើយ។
តាមរយៈការសម្ដែងលិល្បៈ មហោស្រព រឿងល្ខោនជាដើមនេះហើយ ធ្វើឲ្យមហាជនយើងវង្វេងភ្លេចស្មារតីបានដោយងាយ ហើយជឿ ស៊ប់លែងគិតគូរអ្វីៗទាំងអស់ ទាំងស្រុងតែម្តង។ នៅក្នុងរឿងនាងសក់ក្រអូប ពួកសៀមបានប្រើល្បិច សម្ដែងសិល្បៈល្ខោនមហោស្រព ដើម្បីចាប់យកព្រះនាងសក់ក្រអូប គឺនៅពេលវង់ល្ខោនសៀមល្បីល្បាញថាល្អមើល ពួកបរិវារភីលៀង និងព្រះនាងសក់ក្រអូបជឿស៊ប់ក្នុង ចិត្ដ ចូលទៅទស្សនាកំសាន្ដ ហើយពួកសៀមចាប់យកព្រះនាងទៅបានយ៉ាងស្រួលតែម្ដង។ យ៉ាងណាមិញ នៅក្នុងរឿងនាងទិពសុតាចន្ទ និង ចឹកលឹមសេងនេះ យើងឃើញអ្នកសាងនគរវត្ដ ថ្វាយព្រះកេតុមាលា គឺជាកូនចិនទៅវិញ។ ការប្រើវិធីវាយបន្លំ បំភាន់ស្មារតី បន្ទាបបន្ថោក បំបាត់អត្ដសញ្ញាណខ្មែរតាមរយៈ ចលនាអក្សរសាស្រ្ដ សិល្បៈ បែបនេះ គឺជាជាចលនាប្រតិកិរិយាមួយ ដែលធ្វើអោយយើងយល់យ៉ាង ច្បាស់ អំពីបំណងបរទេសមកលើជនជាតិខ្មែរយើងយ៉ាងពិតប្រាកដ។
មានចិនម្នាក់ឈ្មោះ លឹម សេង នៅក្នុងខេត្រសៀងហៃ។លឹម សេង អាយុប្រមាណ ៥០ឆ្នាំជាមនុស្សកំសត់ទុរគ៌តណាស់គាត់ បានខ្ចីប្រាក់អ្នកជំនួញម្នាក់ ចំនួន៦ណែន ហើយទៅនៅស៊ីឈ្នួល បំរើម្ចាស់បំណុលនោះ។ ម្ចាស់បំណុលបានតំរូវឲ្យគាត់កាប់ឆ្ការ ព្រៃមួយកន្លែងនៅក្បែរមាត់ទន្លេ ដើម្បីដាំដំណាំ។ នៅរដូវដែល បុប្ផាជាតិទាំងឡាយរីកផ្កា លឹម សេងតែងបេះផលដំណាំជារាល់ ថ្ងៃយកទៅជូនម្ចាស់គាត់។
ថ្ងៃមួយ មាននាងទេពធិតា ៥នាក់ ឋិតនៅឯប្រាសាទព្រះឥន្រ្ទ បានហោះមករត់ប្រលែងគ្នាលេងឯឋានក្រោម បានឃើញផ្កា នៅក្នុងសួនច្បារតាលឹមសេង រីកស្គុះស្គាយព្រោងព្រាត ក៏ប បួលគ្នាចូលទៅក្នុងសួននោះ ទេពធិតាម្នាក់ ឈ្មោះ ទិពសុតាចន្ទ ក៏បានបេះផ្ការបស់តាលឹមសេង ចំនួន៦ទង ព្រោះផ្កានោះមាន ក្លិនក្រអូបសាយល្អ។ ចំណែកទេពធិតាឯទៀត បានដើរលេង ពាសពេញក្នុងសួនច្បារនោះដែរ តែឥតបានកាច់ផ្កាលេងទេ។
លុះត្រលប់ទៅដល់ឋានទេវតាវិញ ទេពធិតាស្លូតត្រង់ក៏បានទូលព្រះឥន្រ្ទពីរឿងនាង ទិព សុតាចន្ទ លួចបេះផ្កាគេ ព្រះឥន្រ្ទក៏ទ្រង់សួរទៅ នាងដែលមានទោស ហើយផ្ដន្ទាទោសថា «ត្រូវឲ្យចុះមកឋានកណ្ដាលនៅជាមួយមនុស្យលោក ចំនួន៦ឆ្នាំ និងត្រូវទៅធ្វើជាប្រពន្ធ តាលឹម សេងនោះ»។
នាងទិព សុតាចន្ទខ្មាសគេណាស់អស់សង្ឃឹមក្នុងចិត្ដ ក៏ហោះចុះមកឋានក្រោមជួប នឹងតាលឹមសេង ហើយនាងនិយាយប្រាប់គាត់ថា «នាងបានលួចបេះផ្កាគាត់ចំនួន ៦ទង ឥឡូវព្រះឥន្រ្ទដាក់ទោសឲ្យនាងចុះមកធ្វើជាប្រពន្ធគាត់ចំនួន ៦ឆ្នាំ។ តាលឹម សេង ឆ្លើយថា ខ្ញុំក្រណាស់ ពុំអាចយកនាងធ្វើជាប្រពន្ធបានទេ ព្រោះចៅហ្វាយខ្ញុំចិត្ដអាក្រក់ណាស់ គាត់ឲ្យបាយខ្ញុំទទួលទានគ្រាន់តែឲ្យរស់ខ្លួនមួយ។ នាងទេពធិតាឆ្លើយ ថា «យ៉ាងម៉េចក៏ដោយ ចាំខ្ញុំជួយលោកតា ខ្ញុំនឹងបង្រៀនវិជ្ជាសិល្ប ដែលគ្មាននរណាចេះដល់លោកតា បើលោកតាមិនព្រមទទួលខ្ញុំធ្វើជា ប្រពន្ធ តើធ្វើម៉េចខ្ញុំ នឹងបានទទួលទណ្ឌកម្មតាមវិន័យនៃព្រះឥន្រ្ទ សូមលោកតាអាណិតខ្ញុំផង។
តាលឹម សេង ក៏ព្រមទទួលនាងទិព សុតាចន្ទ មកនៅជាមួយនឹងគាត់។ គាត់ពេញចិត្ដ នឹងនាងទេពធិតានេះណាស់ ព្រោះជាស្រ្ដីមាន រូបសម្បត្ដិល្អលើសស្រីនានា មិនយូរប៉ុន្មានគាត់មានសេចក្ដីស្នេហាលើរូបនាង។ នាងទិព សុតាចន្ទ កាលបើបាននៅជាមួយតាលឹម សេង យូរមក នាងសង្កេតឃើញសេចក្ដីលំបាកវេទនារបស់តាលឹម សេង និងចិត្ដស្មោះត្រង់របស់គាត់ ក៏កើតចិត្ដអាណិតតាជាខ្លាំង ទើបនាងសួរ គាត់ថា « លោកតាបានខ្ចីលុយគេប៉ុន្មាន?» តាឆ្លើយថា «៦ណែន» នាងប្រាប់ថា «បើលោកតាខ្ចីគេតែ ៦ណែនដូច្នេះលោកតា នឹងត្រូវនៅ បំរើគេតែម្នាក់ឯងទេ ឥឡូវនេះសូមលោកតាទៅខ្ចីគេឲ្យបាន ៤ណែនថែមទៀត ទើបចៅ នឹងបានមកនៅបំរើគេជាមួយលោកតាផង លុយ ដែលយើង នឹងខ្ចីថែមទៀតនោះ យើងនឹងយកមកចាយវាយប្រើការ ឲ្យបានផលប្រយោជន៍ច្រើន។
តាលឹម សេង ក៏ទៅខ្ចីលុយពីម្ចាស់បំណុលខ្លួនបាន៤ណែនទៀតយកមកឲ្យនាងទិព សុតាចន្ទ។ នាងក៏សុំឲ្យតាយ កប្រាក់ទាំង ៤ណែននោះ ទៅទិញសូតយកមកឲ្យនាង។ តាក៏បានទិញសូតនៅជាសំបុកចំនួន ២០នាឡិ។ នាងទិព សុតាចន្ទ ក៏រវៃសូតនោះ ហើយត្បាញជាសំពត់ផ្សេងៗ មានសំពត់ប៉ាក់ជាច្រើនរាប់ពុំអស់។ នាងត្បាញសំពត់ល្អៗណាស់ ដែលសម័យនោះគ្មាននរណាធ្វើបានដូចនាងឡើយ។ កាលបើត្បាញសំពត់ បានច្រើនហើយនាងក៏ប្រើប្ដីនាងឲ្យយក សំពត់ទាំងនោះទៅជូនចៅហ្វាយខ្លួន។
អ្នកម្ចាស់បំណុលយកដៃស្ទាបសំពត់មើល មានសេចក្ដីស្ងើចក្នុងចិត្ដក្រៃលែង ព្រោះគ្មាននរណាមួយអាចចេះត្បាញដូច្នេះបានឡើយ។ អ្នក ម្ចាស់បំណុល ពោលសរសើរតា លឹម សេង ជាច្រើន ហើយដោយអំណាចគាត់កើតសេចក្ដីសប្បាយពន់ពេក គាត់ក៏បានឲ្យលុយ ៥០ណែន ទៅតាលឹម សេង ព្រមទាំងឈប់ទារយកវិញនូវប្រាក់ដែលតា សេងបានជំពាក់គាត់ ពីពេលមុនមកទាំងអំបាលមានផង។ មិនតែប៉ុណ្ណោះអ្នក ម្ចាស់បំណុលបានបញ្ជូនមនុស្សទៅរៀនវិជ្ជាត្បាញសូត ពីនាងទិព សុតាចន្ទ។ នាងទិព សុតាចន្ទ ក៏បានទិញសូត(សំបុកដង្កូវនាង) ជាច្រើន ហាបយក​មកបង្រៀនបំរើចៅហ្វាយ តាឲ្យរវៃ ឲ្យត្បាញរាស់ថ្ងៃ។ មិនយូរប៉ុន្មានតាលឹម សេង ក៏បានឡើងជាអ្នកមានម្នាក់មានអំណាច និង មានគេរាប់អានជាច្រើន។
ប្រមាណជាមួយឆ្នាំមក នាងទិព សុតាចន្ទ បានបុត្រប្រុសម្នាក់។ ទារកនេះរពិសពន់ពេក នៅពេលដែលវាចេះវារ វាចេះជីកដីធ្វើជាកំពែង ការពារ ពេលចេះអង្គុយវាគូរលេងនៅលើដីធ្វើជារូបសត្វ រូបមនុស្ស គឺថាវាចូលចិត្ដគូរដីលេង ឥតចេះខ្ជិលឥតឈប់ឈរ វាជាក្មេងពុំចេះនៅ ស្ងៀមមួយស្របក់ណាសោះឡើយ។ អាស្រ័យហេតុដូចេ្នះ ទើបម្ដាយ ដាក់ឈ្មោះថា ព្រះពិស្ណុការ។ លុះកុមារមានវ័យចំនួន ៥ឆ្នាំ នាងទិព សុតាចន្ទ ក៏ផុតកំនត់ ៦ឆ្នាំដែលព្រះឥន្រ្ទបានផ្ដន្ទាទោស តំរូវឲ្យនាងធ្វើជាប្រពន្ធតាលឹម សេង។ ដូច្នេះដើម្បីរំលឹករឿងនោះដល់តាលឹម សេង នាងក៏បេះផ្កាចំនួន៦ ទងយកទៅដាក់លើខ្នើយដេករួចក៏ហោះទៅកាន់ឋានព្រះឥន្រ្ទវិញ។ លុះដល់តាលឹម សេង មានសេចក្ដី​ងឿងឆ្ងល់ និងមិនឃើញប្រពន្ធចេញមកបរិភោគបាយ ក៏ចូលទៅក្នុងបន្ទប់រកមើល បែរជាឃើញផ្កា ៦ទងដាក់ចោលលើខ្នើយក៏យល់ន័យនោះមួយរំពេច។ តាលឹម សេង ក៏ទួញសោកស្ដាយរលឹកប្រពន្ធ ក្មេង ដែលរត់ចោលគាត់បាត់ទៅនោះ ពន់ពេក អ្នកជិតខាងបានដឹង គេជួយអាណិតគាត់គ្រប់គ្នា។ ចំណែកព្រះពិស្ណុការវិ ញ ក៏រត់រកម្ដាយគ្រប់ច្រកល្ហកទាំងអស់ ស្រែកប្រកូកហៅ ម្ដាយលាន់លឺរំពង ហើយយំសោកបោកខ្លួនជាមួយឳពុក។
គ្រា​នោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះបាទប្រទេសរាជទ្រង់សោយព្រះទិវង្គតទៅ ព្រះអង្គឥតមានព្រះរាជបុត្រាបុត្រីមួយព្រះអង្គណា ដើម្បីសោយរាជ្យស្នងព្រះអង្គឡើយ។ ព្រះញាតិវង្សព្រះថោងក៏ផុតរលត់ត្រង់នេះ។ គេសង្កេតឃើញមាននៅសល់តែក្រុងហ៊ូវ និងក្រាយហ៊ូវ ពីររូបប៉ុណ្ណោះទេ ដែលជាអ្នកជាប់ព្រះលោហិតក្សត្រ។ កាលបើដូច្នេះ ព្រះរាជបល្លង្គក៏នៅទំនេរ។
ដំណាលពីបុរសកំសត់ម្នាក់ ដែលប្រកបរបរចិញ្ចឹមជីវិតដោយការកាប់អុសលក់នៅក្នុងព្រៃ។ ថ្ងៃមួយនៅពេលដែលបុរសនោះ កំពុងប្រកប កិច្ចការធម្មតារបស់ខ្លួន ស្រាប់តែមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បុរសបានរត់ទៅជ្រកក្នុងខ្ទមអ្នកតាមួយ។ និយាពីព្រះឥន្រ្ទាធិរាជដែលជាស្ដេចនៃ ទេវតា នៅពេលនោះព្រះអង្គបាននិម្មិតធ្វើ ជាមាន់គកពីរមួយសំបុរ ស មួយសំបុរខ្មៅ។ មាន់ខ្មៅមកទុំនៅលើសសរកន្លោងនៃខ្ទម មាន់ស មក ទុំលើដំបូលខ្ទម។ មួសន្ទុះក្រោយមកមាន់សរងាវ ឯមាន់ខ្មៅចេះនិយាយភាសាមនុស្សក៏និយាយថា នរណាមករងាវលើក្បាលអញដូច្នេះ? តើ អ្នកឯងមានរិទ្ធិអំណាចយ៉ាងណាទៅ?។ មាន់សឆ្លើយ «យើងមានរិទ្ធិអំណាចខ្លាំងណាស់ ប្រសិនបើនរណាមួយបានស៊ី សាច់យើង អ្នកនោះនឹង បានជាស្ដេចផែនដី»។ មាន់ខ្មៅឆ្លើយថា «បើមនុស្សណាបានស៊ីក្បាលយើង អ្នកនោះនិងបានជា ស្ដេចសង្ឃ បើមនុស្សស្រីណាបានស៊ីសាច់ភ្លៅ យើង ស្រីនោះនឹងបានជាអគ្គមហេសីស្ដេច បើមនុស្សប្រុសណាបានស៊ីសាច់ទ្រូងយើង អ្នកនោះនឹងបានសោយរាជ្យ ដូច្នោះសូមអ្នកកុំមើល ងាយយើងឲ្យសោះ»។
តមកមាន់សក៏ហើរបាត់ទៅ។ ឯមាន់ខ្មៅនៅទុំនឹងសសរកន្លោងដដែល បុរសកំសត់ក៏លបៗចូលទៅចាប់មាន់ខ្មៅបាន ហើយសំលាប់ភ្លាម យួរយកទៅផ្ទះខ្លួន។ បុរសក៏និយាយការសំងាត់នេះប្រាប់ប្រពន្ធ។ ប្រពន្ធមានសេចក្ដីរីករាយក្រៃលែង យកមាន់នោះទៅចំអិន ធ្វើម្ហូបដួសដាក់ ចាន ដាក់ថាស លើកយកមកបំរុងនឹងបរិភោគ។ ប៉ុន្ដែនៅពេលនោះ បុរសប្ដីនិយាយទៅកាន់ប្រពន្ធថា «យើងជិតបានម្កុដពាក់ហើយ ដូច្នេះ យើងត្រូវយកម្ហូបវិសេសនេះទៅឯមាត់ស្ទឹង យើងមុជទឹកដុសខ្លួនឲ្យស្អាត យកសំលៀកបំពាក់ថ្មីៗ មកស្លៀកពាក់ឲ្យហ៊ីហា រួចសឹមចាប់បរិ ភោគម្ហូបមាន់នេះ។ បុរសប្ដីប្រពន្ធក៏ជញ្ជូនម្ហូបអាហារទៅដាក់មាត់ទឹក មុជទឹកក្នុងស្ទឹងលេងយ៉ាងសប្បាយ លុះងើបពីទឹកឡើងបុរសប្ដីប្រពន្ធ រកមើលថាសដាក់ម្ហូបពុំឃើញ ដោយរលកទឹកបានគួចយកថាសនោះរសាត់ទៅតាមខ្សែទឹកបាត់ទៅ។ នៅថ្ងៃនោះមានទម័កដំរីម្នាក់ឈ្មោះទា គាត់បាននាំដំរីគាត់ជាច្រើនទៅឲ្យចុះត្រាំទឹកស្ទឹងនោះ បានឃើញថាសនោះ អណ្ដែតមករកគាត់ គាត់លើកយកថាសទៅបង្ហាញព្រះសង្ឃមេវត្ដមួយអង្គ។ លោកសង្ឃបានស្គាល់ច្បាស់ នូវគុណភាពនៃសាច់នោះ ក៏ចាប់យកក្បាលមាន់ឆាន់ ទៅ រួចលោកប្រទានសាច់ទ្រូងទៅឈ្មោះទា ឯសាច់ភ្លៅទៅនាងវង ជាប្រពន្ធឈ្មោះទា ប៉ុន្ដែលោកឥតមានពុទ្ធដិការថាអ្វីឡើយ។ ទានិងវង ក៏ បួលគ្នាត្រលប់ទៅផ្ទះវិញទៅ។ និយាយពីបុរសប្ដីប្រពន្ធ គាត់បានខំដើររកថាសម្ហូបនោះ គ្រប់កន្លែងទាំងអស់ប៉ុន្ដែពុំឃើញ គិតថាប្រាកដជាមាននរណា មកលួចយករបស់ គាត់ហើយ គាត់ក៏ប្រទេចផ្ដាសាជនពុំស្គាល់មុខនោះជានិច្ចច្រើនរាប់ពុំអស់។
បន្ទាប់ពីនោះមកបីថ្ងៃ នៅក្នុងប្រទេសក៏មានការប្រជុំគណរដ្ឋមន្រ្ដី នៅក្នុងសម័យប្រជុំនោះរដ្ឋមន្រ្ដីទាំងឡាយបានប្ដូរយោបល់គ្នាថា «ព្រះ រាជណាចក្រយើង ពុំទាន់មានព្រះមហាក្សត្រគ្រងរាជនៅឡើយទេ ដូច្នេះត្រូវបញ្ចេញដំរី​មកចងកូប ហើយបួងសួងដល់ទេវតា សូមឲ្យនាំដំរី ចេញទៅលុតជង្គង់ខ្លួនឯង ចំពោះមុខជនណាមួយដែលអាចអង្គុយលើរាជបល្ល័ង្គបាន ហើយសូមឲ្យដំរីលើកបុរសនោះដាក់លើក្បាលនាំមក ទីនេះ ដើម្បីយើង នឹងរៀបព្រះរាជពិធីអភិសេកបុរសនោះ ឡើងសោយរាជ្យក្នុងព្រះនគរ» ។ លុះជំនុំហើយ គេយកដំរីមករៀបចំកងកូប និង គ្រឿង​លំអឯទៀតជាច្រើ ន ហើយលែងឲ្យវាដើរទៅតាមចិត្ដវា។ ដំរីដើរទៅរកហ្មទា និងនាងវង ហើយលុតជង្គង់នៅមុខជនទាំងពីរនាក់ រួច លើកជនទាំងពីរនាក់នោះដាក់លើក្បាល បញ្ជិះមកកាន់បរមរាជវាំង។ ខណៈនោះពួកមន្រ្ដីក៏រៀបចំធ្វើព្រះរាជពិធីរាជា ភិសេកភ្លាមតាមប្រពៃ ណី។ ហ្មទា ក៏បានទទួលព្រះបរមនាមថា ទេវងអស្ចារ្យ(១)។
ឯក្រុងហ៊ូវ និង ក្រាយហ៊ូវមានសេចក្ដីអន់ព្រះទ័យមិនព្រមចុះចូលព្រះមហាក្សត្រអង្គថ្មី ក៏រត់ទៅស្រុកបាកាន ខេត្រ ពោធិសាត់ ហើយទ្រង់ បានសង់ប្រាសាទមួយនៅទីនោះ។
ដំណាលពីព្រះឥន្រ្ទាធិរាជ ទ្រង់សង្កេតឃើញព្រះអគ្គមហេសី នៃព្រះមហាក្សត្រអង្គថ្មី ពុំទាន់មានព្រះរាជបុត្រនៅឡើយ ក៏ទ្រង់ព្រះចិន្ដាថា «យើង នឹងផ្ដល់ព្រះរាជបុត្រមួយអង្គ ដល់ព្រះនាងវង ព្រះរាជបុត្រនេះមានសញ្ជាតិជាព្រះឥន្រ្ទសុទ្ធ ដើម្បីឲ្យជាប់ជាព្រះញាតិវង្សសោយរាជ្យ ក្នុងប្រទេសខ្មែរជានិរន្ដតទៅ។ ថ្ងៃមួយនៅពេលដែលព្រះមហាក្សត្រយានីវង ទ្រង់យាងចេញពីមហាប្រសាទ ព្រះឥន្រ្ទទ្រង់ហោះចេញមក ស្ថិតនៅ លើអាកាសា មនុស្សលោកមើលព្រះអង្គពុំឃើញទេ ឃើញតែពន្លឺមួយយ៉ាងធំខៀវសន្ធឹងកាត់អាកាស។ អ្នកស្រុកស្រែកឆោលោ ឡើងថា «ពន្លឺធ្លាក់! ពន្លឺធ្លាក់! »។ ព្រះឥន្រ្ទក៏ទំលាក់កំរងផ្កាមកលើព្រះកាយព្រះនាងវង ហើយទ្រង់ត្រលប់ទៅឋានព្រះអង្គវិញបាត់ទៅ។ ព្រះ នាងអគ្គមហេសីវង ទ្រង់មានព្រះគ៌ភពីត្រឹមពេលនោះមក ហើយទ្រង់ប្រសូត្រព្រះរាជបុត្រាមួយព្រះអង្គ ថ្វាយព្រះនាមថា «ព្រះកេតុមាលា» មានន័យថា កំរងផ្កា។
សូមដំណាលពីព្រះពិស្ណុការវិញ អ្នកខំរត់រកម្ដាយគ្រប់ច្រកល្ហកអស់ហើយ ប៉ុន្ដែឥតបានដឹងថា ម្ដាយទៅណាសោះ។ កុមារក៏កើតទុក្ខរក ទីបំផុតគ្មាន ទើបថ្ងៃមួយសួរឳពុកថា «ម្ដាយខ្ញុំជាអ្វី?» ឳពុកឆ្លើយថា ម្ដាយកូនឯងជាទេពធិតា នាងត្រូវមកនៅក្នុងឋានមនុស្សយើងនេះត្រឹម ៦ឆ្នាំទេ ឥឡូវនាងត្រលប់ទៅឋានទេវតាវិញហើយ ឋាននោះនៅឆ្ងាយណាស់ឳពុកមិនដឹងថាម្ដាយកូនឯងនៅត្រង់ណាទេ» កុមារនៅស្ងៀម ប៉ុន្ដែចេះតែនឹករកម្ដាយឥតភ្លេច ក៏សំរេចចិត្ដថា ចេញទៅរកម្ដាយឲ្យទាស់តែឃើញ ទោះបីឳពុកខំនិយាយឃាត់យ៉ាងណា ក៏កុមារពុំយល់ ស្របតាមជាដាច់ខាត។ ព្រះពិស្ណុការកុមារ បានធ្វើដំណើរចេញទៅ ដើរកាត់ព្រៃលេចវាល លេចវាលចូលព្រៃ ពេលឃ្លានបេះផ្លែរុក្ខជាតិនានា ធ្វើជាអាហារ សំលៀកបំពាក់រហែករយីរយ៉ៃអស់។ ប៉ុន្ដែដោយហេតុកុមារនេះមានវាសនាល្អ ថ្ងៃមួយពួកទេពធិតាបាន ចុះមកលេងនៅលើភ្នំ មួយ ហើយក្នុងបណ្ដាទេពធិតាទាំងនោះ មាននាងទិព សុតាចន្ទមួយផង។ នាងកំពុងនាំគ្នាដើរកាច់ផ្កាតាមដងព្រៃចងជាបាច់ៗ។
កាលព្រះពិស្ណុការ បានឃើញស្រ្ដីល្អៗ ដូច្នោះក៏នឹកគិតអស់ពេលជាច្រើនឆ្នាំណាស់មកហើយដែលអញដើរចេញពីទីភូមិ ដែលមានមនុស្ស លោកនៅ អញឥតដែលបានជួបមនុស្សម្នាក់សោះ សំលៀកបំពាក់អញក៏រហែកដាច់ដាច ហើយអញពុំអាចរកអ្វីមកផ្លាស់បានទេ ក្រៅពីយក ស្លឹកឈើមកចងបិទបាំងខ្លួនដូច្នេះ មនុស្សស្រីទាំងឡាយដ៏ល្អក្រៃលែង នេះមកពីឋានណា? មិនមែនជាទេពធិតាទេឬ? គិតដូច្នេះហើយព្រះ ពិស្ណុការរត់ពួន។ ស្រ្ដីទាំងនោះដើរមកជិតដល់កុមារ ៗក៏លើកដៃបួងសួងឡើងថា «បើក្នុងស្រ្ដីទេពធិតាទាំងអស់នេះ ឥតមានម្ដាយខ្ញុំនៅក្នុង នេះផងទេ សូមឲ្យហោះ ហើរទៅឋានលំនៅគេវិញកុំបីមានសល់ឡើយ ប៉ុន្ដែបើមានម្ដាយខ្ញុំមកនៅក្នុងនេះផង ខ្ញុំសូមកុំឲ្យម្ដាយខ្ញុំហោះហើរ ទៅជាមួយនឹងគេរួច»។
លុះបួងសួងដូច្នេះហើយ ព្រះពិស្ណុការក៏រត់ចេញសំដៅទៅកន្លែងដែល នាងទេពធិតាទាំងនោះកំពុងលេង។ នាងទេពធិតាទាំងឡាយ កាល បើឃើញកុមារមនុស្សលោក ក៏ភ្ញាក់ផ្អើលស្ទុះហោះទៅឋានលើអស់ នៅសល់តែនាងទិព សុតា ចន្ទហោះទៅ នឹងគេពុំរួច។ ព្រះពិស្ណុការរត់ ទៅចាប់អោបរិតនាងយ៉ាងសិទ្ធជាទីបំផុត។ នាងទិព សុតាចន្ទ ស្រែកខ្លាំងៗ ថា «តើកម្មអ្វីតាមមកគ្របសង្កត់ លើរូបខ្ញុំទៀតហើយ ខ្ញុំបាន សោយទុក្ខសោយទោសបានរួចពីឋានមនុស្សលោកហើយ ម្ដេចឡើយក៏មនុស្សលោកមកចាប់រិតរួតខ្ញុំជាថ្មីទៀតដូច្នេះ?»។
ព្រះពិស្ណុការ ស្រែកឡើងថា «ម៉ែ! ម៉ែ! ខ្ញុំនេះត្រូវជាកូនម៉ែ។ កាលដែលម៉ែរត់ចេញពីផ្ទះបាត់ទៅ កូនយំទួញសោកខំ ដើររកគ្រប់ទីកន្លែង ពុំឃើញសោះ លោកឳពុកបានចូលទៅរកម៉ែក្នុងបន្ទប់ ឃើញតែផ្កា៦ទង ដាក់លើខ្នើយ គាត់ក៏យល់ភ្លាមថា ម៉ែត្រលប់ទៅនៅឯឋានទេវតា វិញហើយ គាត់កើតទុក្ខពន់ប្រមាណរកអ្វីមកប្រៀបពុំបានទេ នៅក្នុង លោកយើងនេះ មិនតែប៉ុណ្ណោះអ្នកជិតខាង ក៏បានរត់មកជួយយំសោក ស្ដាយស្រណោះអាលោះអាល័យម៉ែជាមួយយើងដែរ តាំងពីពេលនោះមក ខ្ញុំចេះតែនឹកមមៃមកម៉ែពុំមានភ្លេចសោះឡើយ លុះខ្ញុំធំដឹងក្ដីបន្ដិច ឡើង ខ្ញុំក៏សុំឳពុកចេញដើរផ្សងព្រេងតាមរកម៉ែ ហើយកូននឹកស្មានថា កូនមុខជាស្លាប់ដោយអស់កំលាំងបាក់ជ័របាយពុំខាន តែឥឡូវនេះ ខ្ញុំបាន មកជួបម៉ែហើយ ខ្ញុំសូមអង្វរម៉ែឲ្យត្រលប់ទៅវិញជាមួយនឹងកូន!»។ នាងទិព សុតាចន្ទ ស្គាល់កុមារថាជាកូនរបស់ខ្លួនពិត ដោយសារសំដី ដែលកុមារនិយាយ។ ដូច្នេះនាង ក៏យំសោកអាណិតកូនជាខ្លាំង ហើយមានវាចាទៅកាន់កូនថា «ម៉ែឥតស្អប់ខ្ពើមឳពុកកូនឯងទេ ម៉ែតែងនឹកមក កូននិងឳពុកឯងពុំមានភ្លេច ព្រមទាំងអ្នកភូមិផងរបងជាមួយទៀត ដែលធ្លាប់នៅជាមួយគេ ប៉ុន្ដែជាតិជាទេពធិតា ពុំអាចនៅជាមួយមនុស្សបាន យូរទេ រាស់ថ្ងៃម្ដាយតែងទៅបំពេញកិច្ចនៅចំពោះព្រះភក្រ្ដព្រះឥន្រ្ទាធិរាជ គឺសុំអង្វរឲ្យព្រះអង្គប្រទានដល់កូនឯងនិងឳពុកកូនឯងកុំបីខាន មិន តែប៉ុណ្ណោះ ម្ដាយបានទាំងបានទូលសុំព្រះឥន្រ្ទ ឲ្យព្រះអង្គមេត្ដាផ្សាយនូវសុភមង្គល ដល់មនុស្សលោកនៅឋាននេះ ទូទៅផង។ កូនប្រុសពន្លក ម្ដាយ! ម្ដាយមិនអាចនៅជាមួយ នឹងអ្នកបានទៀតទេ តែម្ដាយ នឹងយកកូនឯងទៅលេងប្រាសាទម្ដាយឯឋានលើមួយដង។ ម្ដាយនាំកូនឯងទៅ មុជទឹកអាងក្រអូប នៅក្នុងសួនព្រះឥន្រ្ទ ហើយទឹកនោះ នឹងជំរះកាយកូនឯង ឲ្យបាត់ធំក្លិនមនុស្សលោក បន្ទាប់ពីនោះមកម្ដាយនឹងនាំកូនឯង ចូលទៅក្នុងប្រាសាទ រួចនាំកូនឯងទៅថ្វាយបង្គំព្រះឥន្រ្ទ។
នាងទិព សុតាចន្ទក៏ហុចក្រមាឲ្យព្រះពិស្ណុការផ្លាស់ រួចនាងលើកពរបុត្រឡើង ហោះកាត់អាកាស។ នាងយកបុត្រ ទៅឲ្យមុជទឹកក្រអូប នាំ ចូលក្នុងលំនៅនាង យកសំលៀកបំពាក់ស្អាតៗ មកស្លៀកពាក់ឲ្យ យកម្ហូបសួគ៌មកឲ្យបរិភោគ រួចនាំចូលទៅក្នុងមហាប្រាសាទព្រះឥន្រ្ទ។ ព្រះ ពិស្ណុការក៏កើតសេចក្ដីសប្បាយអស្ចារ្យណាស់ ប៉ុន្ដែ ដល់កុមារចូលទៅក្នុងបន្ទប់សំរាប់ជួបនឹងព្រះឥន្ទ្រ ដោយអ្នកមានសេចក្ដីចាប់អារម្មណ៍ ក្រៃពេក ចំពោះលំអនៃបន្ទប់នោះ ក៏ទៅជាញ័រដៃញ័រជើង (ចាញ់បុណ្យ) នៅទីនោះ។ នៅពេលដែលព្រះឥន្រ្ទាធិរាជ យាងចេញមកតាមនោះ ទ្រង់ទតឃើញកុមារ ទ្រង់សួរទៅនាងទិព សុតាចន្ទថា «តើមនុស្សនេះជាអ្វី បានជានាងយកមកដល់ក្នុងប្រាសាទយើង?»។ នា ងទិព សុតាចន្ទ ទូលថា «ជាបុត្រខ្ញុំម្ចាស់ កាលដែលខ្ញុំម្ចាស់ចុះទៅនៅឋានមនុស្សលោក រៀបការជាមួយលោកតាលឹម សេង»។ ព្រះឥន្រ្ទមានបន្ទូលថា «នែ! កុមារដ៏ប្រសើរ ចូរឯងក្រោកឡើង»។ ព្រះពិស្ណុការក៏បានដឹងស្មារតីឡើងលុតជង្គង់ បន្ទន់ខ្លួននៅចំពោះព្រះភ័ក្រ្តនៃស្ដេចទេវតា។ ព្រះឥន្រ្ទ ក៏នាំ កុមារចូលទៅក្នុងបន្ទប់ប្រាសាទព្រះអង្គ ហើយទ្រង់ត្រាស់សួរកុមារច្រើនបញ្ហា អំពីឋានមនុស្សលោកដែលកុមាររស់នៅ។ ចំលើយនៃព្រះ ពិស្ណុការ បានធ្វើឲ្យព្រះអង្គសព្វព្រះទ័យពន់ពេក។ នៅពេលនោះនាងទិព សុតាចន្ទបានទូលព្រះឥន្រ្ទបន្ថែមថា «បុត្រខ្ញុំម្ចាស់មានការប៉ិនប្រ សប់ណាស់ គឺចេះគូរ ចេះឆ្លាក់នាំឲ្យមនុស្សលោកកោតសរសើរស្ញប់ស្ញែងជាក្រៃលែង ប៉ុន្ដែទាស់តែកូនខ្ញុំម្ចាស់ចេះ ចំណេះទាំងនេះដោយ ឥតបានរៀនពីគ្រូណាសោះ គឺវាចេះដោយសារគំនិតវាតែម្ដង»។ ព្រះឥន្រ្ទឆ្លើយថា «មែនហើយ! មនុស្សណាចេះវិជ្ជាឥតគ្រូ លោកប្រដូចនឹង មនុស្សឆ្គួត បើដូច្នេះឯង នាំកុមារនេះទៅជួបនឹងទេវបុត្រ ជានាយរោងជាងឈើ គេនឹងបង្រៀនកុមារឲ្យចេះមុខវិជ្ជាប្លែកៗសិន រួចសឹមឲ្យ កុមារត្រលប់ទៅឋានមនុស្សលោកវិញ។ កុមារមានសញ្ជាតិជាមនុស្សលោក ពុំអាចនៅក្នុងទីនេះរហូតទៅបានទេ។
ព្រះពិស្ណុការ ក៏ទៅជាមួយទេវបុត្រ ដែលជាអ្នកបច្ចេកទេសខាងវិជ្ជាសិល្បៈ និង ខាងសណង់។ យុជជននោះខំរៀនគូរ រៀនឆ្លាក់ រៀនភ្លេង អំពីសំណាក់ទេវតបុត្រជាគ្រូទាំងនោះ បានចេះចាំស្ទាត់សព្វគ្រប់ទាំងអស់ គឺចេះសង់នាវាអាចបើក បរលើគោកបាន ចេះឆ្លាក់ប្រាក់ ឆ្លាក់មាស ចេះស្លដែកគ្រប់យ៉ាង និងចេះវិជ្ជាលាយទឹក ហើយទឹកនោះបើកាលណា គេចាក់លើដីឥដ្ឋ ដីនោះនឹងក្លាយទៅជាថ្ម។ សរុបសេចក្ដីទៅគឺកុមារ បានចេះចាំទាំងអស់ នូវមុខវិជ្ជាទាំងឡាយណា ដែលទេវបុត្របានបង្រៀន ហើយទេវបុត្រ បាននិយាយលើកទឹកចិត្ដកុមារ ដូច្នេះទៀតផងថា «កិច្ចការដែលអ្នកបានចេះ ធ្វើទាំងប៉ុន្មាននេះ អាចគង់ឋិតថេរនៅបានអស់ពេលជាច្រើនពាន់ឆ្នាំ ឯចំណែកការងាររបស់ខ្ញុំវិញអាចមានជីវិតតែ ត្រឹមមួយរជ្ជកាលស្ដេចមួយព្រះអង្គៗប៉ុណ្ណោះទេ។ ឧបមាថា បើព្រះមហាក្សត្រអង្គណាមួយ បានសោយរាជ្យសម្បត្ដិ ហើយទ្រង់សព្វព្រះរាជ ហរិទ័យឲ្យខ្ញុំសង់ប្រាសាទថ្វាយ ខ្ញុំអាចសង់បានមួយរំពេច ប៉ុន្ដែនៅថ្ងៃដែលព្រះមហាក្សត្រអង្គនោះ ទ្រង់សោយព្រះទីវង្គតទៅ ប្រាសាទនោះ ក៏ត្រូវរលាយបាត់ក្នុងពេលនោះដែរ។ ដូច្នេះឃើញថារិទ្ធិអំណាចរបស់យើងមិនដូចរិទ្ធរបស់អ្នកទេ»។ ទេវបុត្រក៏ទៅក្រាបទូលព្រះឥន្រ្ទាធិរាជ អំពីលទ្ធផលដ៏ប្រសើរក្រៃលែង ដែលកើតមាន មកអំពីការអប់រំព្រះពិស្ណុការ ព្រះឥន្រ្ទក៏ទ្រង់សព្វព្រះទ័យជាខ្លាំង ហើយទ្រង់ទទួលស្គាល់ថា «ព្រះពិស្ណុការ នឹងទៅ ជាអ្នកអប់រំ អ្នកបង្ហាត់បង្រៀនមនុស្សលោកទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា »។
បន្ទាប់មកព្រះឥន្រ្ទក៏មានព្រះអោង្ការថា «ជាងសណង់ទាំងអស់ ដែលជាតិជាមនុស្សលោកមុននឹងសាងសង់អ្វីៗ ត្រូវតែរៀបដង្វាយថ្វាយ ព្រះពិស្ណុការសិន ឯប្រដាប់ដង្វាយមានដូចតទៅនេះ គឺស្រាមួយដប ប្រាក់ ១រៀល ដើមចេក ៤កង់ មានដោតម្លូស្លាលើនោះផង សំពត់៤ហត្ថ អង្ករ១ផ្តិល និងទៀន១ដើម។ បើជនណាមួយចាប់ធ្វើកិច្ចការអ្វីៗមិនបានរៀបដង្វាយនេះថ្វាយពិស្ណុការទេ អ្នកនោះឯង នឹងបើកភ្នែកពុំរួចឡើយ ទោះបើករួចមើលឃើញពន្លឺថ្ងៃ ក៏នៅមានព ពឹកភ្នែកគ្រប់ភ្នែក(ភ្នែកអៀស៊ី)ដែរ។
កាលព្រះឥន្រ្ទមានព្រះបន្ទូលមកដល់ត្រង់នេះ ព្រះអង្គនឹកឃើញដល់ព្រះកេតុមាលា ហើយព្រះអង្គក៏ទ្រង់ហោះចុះមក កាន់ប្រទេសកម្ពុជា ។ ពេលនោះជារាត្រីកាលមនុស្សទាំងឡាយ មានសេចក្ដីភ្ញាក់ផ្អើលជាខ្លាំងដោយឃើញពន្លឺភ្លឺត្រចះត្រចង់នៅលើមេឃ ហើយដណ្ដឹងសួរគ្នាថា «តើនរណាធ្វើអ្វីបានជាភ្លឺសន្ធោរលើមេឃដូច្នេះ»។ ព្រះឥន្រ្ទក៏បានចុះមកដល់ក្នុងប្រាសាទស្ដេច។ ពួកអ្នកយាមក៏រត់ទៅទូលព្រះបាទទេវង អស្ចារ្យ «មានសត្វពុំដែលស្គាល់ ចុះមកពីឋានទេវតា មានភាពដូចមនុស្ស ប៉ុន្ដែមានព៌ណខៀវ មានពន្លឺចាំងដូចភ្លើង បានចូលមកក្នុងប្រាសាទ»។ ព្រះបាទទេវងអស្ចារ្យយាងយ៉ាង ប្រញាប់ តំរង់ទៅប្រាសាទព្រះអង្គ ហើយទ្រង់បានស្គាល់ថាជាព្រះអង្គឥន្រ្ទ ព្រះរាជាទ្រង់អោនលុតជង្គង់ថ្វាយ បង្គំ ព្រះឥន្រ្ទសួរថា «តើព្រះអង្គមានស្គាល់ព្រះរាជបុត្រខ្ញុំឬទេ?» ព្រះបាទទេវងអស្ចារ្យទូលថា «ទូលបង្គំពុំដែលស្គាល់ទេ»។ព្រះឥន្រ្ទសួរថា «កាលដែលព្រះកេតុមាលាទ្រង់ព្រះសម្ភព តើមានអាភេទដូចម្ដេច?»។ ព្រះបាទទេវងអស្ចារ្យទូលថា «ឃើញពន្លឺខៀវលាតសន្ធឹងនៅលើ មេឃរួចស្រាប់តែមានកំរងផ្កាធ្លាក់មកលើអគ្គមហេសីទូលព្រះបង្គំ ហើយតមកអគ្គម ហេសីទូលព្រះបង្គំមានផ្ទៃពោះ ឥឡូវប្រសូត្រមក សន្មតនាមថាកេតុមាលា ឥឡូវមានវ័យចំរើនហើយ។
ព្រះឥន្រ្ទមានព្រះបន្ទូល «ហ្នឹងហើយ! គឺកូនខ្ញុំវាចុះមកចាប់បដិសន្ធិ»។ លឺដូចនេះព្រះបាទទេវងអស្ចារ្យ ក៏ទ្រង់ត្រាស់ ហៅព្រះកេតុមាលា ឲ្យចូលមក ព្រះឥន្រ្ទក៏ចាប់លើកព្រះរាជកុមារឲ្យអង្គុយលើព្រះអុរូ (ភ្លៅ) រួចទ្រង់មាន ព្រះបន្ទូលថា «ពីដើមខ្ញុំឈ្មោះថា មឃមាណព ខ្ញុំបាន ស្ថាបនាផ្លូវថ្នល់ ស្ថាបនាទំនប់ទឹក សង់សាលា សង់ស្ពាន ខ្ញុំបានធ្វើ បុណ្យដាក់ទានដល់អ្នកក្រីក្រលំបាក ដោយផលនេះខ្ញុំបានទៅកើតជាព្រះ ឥន្រ្ទ។ ដូច្នេះខ្ញុំមានចិត្ដនឹកមកដល់ប្រទេសកម្ពុជាណាស់ ព្រោះជាប្រទេសទើបនឹងកើតឡើងថ្មីៗ ហើយតាំងពីពេលនោះមកដល់ឥឡូវនេះ គ្មានមនុស្សខ្លាំងពូកែណាម្នាក់ មកនៅក្នុងប្រទេសនេះសោះ ដូច្នេះយើងនឹងជួយធ្វើឲ្យឯងបានសប្បាយ ហើយឲ្យមានអាយុវែងផង ត្បិតអី មនុស្សលោកសម័យនេះអាយុខ្លីណាស់ កំរមាននរណាអាយុបាន១០០ឡើង យើងនឹងនាំយកឯងទៅក្នុងប្រាសាទយើង ហើយឲ្យឯងចុះមុជ ទឹកក្នុងអាងមួយ ដើម្បីឲ្យបានអាយុវែង»
ព្រះឥន្រ្ទក៏លើពរព្រះកេតុមាលា ហោះទៅកាន់ឋានទេវតា។ នៅក្នុងសួនច្បារនៃព្រះឥន្រ្ទមានអាងទឹកមួយ ព្រះឥន្រ្ទ ក៏យកព្រះកេតុមាលា ទៅឲ្យមុជទឹកក្នុងអាងនោះមួយថ្ងៃ៧ដង លុះត្រាតែគ្រប់៧ថ្ងៃ។ បន្ទាប់មកព្រះឥន្រ្ទក៏នាំព្រះ កេតុមាចូលទៅក្នុងប្រាសាទព្រះអង្គ រួចព្រះឥន្រ្ទ អញ្ជើញទេវតា៧នាក់ ឲ្យមកសូត្រសែកមន្ដគាថា និងប្រោះព្រំទឹកមន្ដទៅលើព្រះកេតុមាលា ដើម្បីឲ្យបានអាយុជាងមួយរយឆ្នាំ។
កាលបើពិធីនេះបានចប់សព្វគ្រប់ហើយ ព្រះឥន្រ្ទក៏ទ្រង់បង្គាប់ឲ្យគេទឹមព្រះរាជរថបញ្ជិះ ព្រះកេតុមាលាបរហោះ ព័ទ្ធជុំវិញប្រាសាទព្រះអង្គ ដើម្បីឲ្យព្រះកេតុមាលាអាចមើលឃើញលំអប្រាសាទសព្វគ្រប់ទាំងអស់។ កាលបើព្រះកេតុមាលា បានសង្កេតឃើញប្រាសាទព្រះឥន្ទសព្វ គ្រប់អស់ហើយ នាយសារថីក៏នាំព្រះកេតុមាលា ទៅមើលក្រោលគោសួគ៌ទៀត។ ព្រះឥន្រ្ទក៏សួរទៅព្រះកេតុមាលាថា «អ្នកពេញចិត្ដនឹងអ្វី ដែលអ្នកបានឃើញឬទេ?» ព្រះកេតុមាលា ទូលថា «ខ្ញុំមានសេចក្ដីស្ញប់ស្ញែងណាស់» ព្រះឥន្រ្ទមានព្រះបន្ទូថា «ដូច្នេះខ្ញុំប្រគល់អាណចក្រ កម្ពុជានេះឲ្យឯង ហេតុនេះបើឯងពេញចិត្ដនឹងប្រាសាទណាមួយ ដែលឯងបានឃើញហើយ ចង់សង់ប្រាសាទមួយនៅប្រទេសកម្ពុជា ឲ្យល្អ ដូច្នេះចូរឯងគ្រាន់តែនឹកក្នុងចិត្ដទៅ យើងនឹងបញ្ជូនស្ថាបនឹកម្នាក់ឲ្យទៅសង់ឲ្យឯង នៅក្នុងប្រទេសឯងមួយរំពេច»។ នៅពេលនោះព្រះកេតុ មាលាទើបតែនឹងមានព្រះជន្ម ១២ឆ្នាំ។ ដូច្នេះកុមារមានសេចក្ដីតក់ស្លុតខ្លាចព្រះឥន្រ្ទពន់ប្រមាណ ទ្រង់គិតឃើញថា «នៅក្នុងប្រទេសអញ អញពុំត្រូវធ្វើឲ្យល្អជាងបា្រសាទព្រះឥន្រ្ទទេ បើសិនជាអញធ្វើឲ្យល្អជាង ឬប្រហែលព្រះអង្គនោះ ព្រះអង្គមុខជាអាក់អន់ព្រះទ័យពុំខាន។
ទ្រង់គិតដូច្នេះហើយ ព្រះកេតុមាលា ទ្រង់ឆ្លើយថា «ទូលព្រះបង្គំ ចង់ឲ្យគេលង់ប្រាសាទមួយដែលមានលំអប្រហែ លក្រោលគោព្រះអង្គ» ។ ព្រះអង្គក៏ទ្រង់ព្រះសំរួលថា «ក្រោលគោនេះជារបស់ល្អ ចំពោះភ្នែកឯងហើយឬ?» ហើយ ទ្រង់មានបន្ទូទៅកាន់ព្រះពិស្ណុការថា «ចៅឯង ជាមនុស្សលោក ពុំអាចឋិតក្នុងឋានលើនេះបានរហូតទេ យើងបញ្ជូនចៅឯងទៅប្រទេសកម្ពុជា ហើយត្រូវឯងសង់ប្រាសាទឲ្យព្រះរាជបុត្រ យើងមួយខ្នង ឲ្យមានសោភណភាព ល្អជាងក្រោលគោយើង កាលបើចៅឯងសង់រួចស្រេចហើយ យើងនឹងចុះទៅធ្វើជាអធិបតីក្នុងពិធីរៀប ចំអភិសេកព្រះរាជបុត្រយើងឲ្យឡើងសោយរាជ្យ»។
កាលបើព្រះពិស្ណុការ បានពិនិត្យមើលក្រោលគោព្រះឥន្រ្ទសព្វគ្រប់ហើយ ព្រះឥន្រ្ទក៏ទ្រង់ព្រះរាជបញ្ជាឲ្យគេរៀ
បចំទឹមព្រះរាជរថព្រះអង្គ បញ្ជិះព្រះកេតុមាលា និង ព្រះពិស្ណុការចុះមកកាន់ដីត្រង់ប្រទេសកម្ពុជា។ ព្រះពិស្ណុការក៏ ចាប់សង់ប្រាសាទភ្លាម នៅព.ស ៦២០។ លោកបង្គាប់ ឲ្យជីកស្នាមភ្លោះយកអាច់ដី ចាក់គរលើគ្នាយ៉ាងខ្ពស់ រួចទើប ព្រះពិស្ណុការយករូបចំលាក់ផ្សេងៗ ទៅផ្ដិតលើដីនោះគ្រប់ទិសទាំងអស់។ ដំណាលពីកូនមេភូមិម្នាក់ឈ្មោះសុវណ្ណ។ អ្នកកំលោះបានចូលធ្វើជាកម្មករព្រះពិស្ណុការ។ លុះសុវណ្ណបានយល់ការថ្នឹក ល្មមធ្វើការខ្លួនឯង កើត ព្រះពិស្ណុការក៏ជិះទូកទៅកាន់សមុទ្រដើម្បីរកសំបកខ្យងមកដុតធ្វើជាកំបោរដើម្បីបូកប្រាសាទ។ លុះត្រលប់មកវិញ មកដល់សំរោង សែន ស្រុកកំពង់លែងទូកក៏ត្រូវលិចទឹក។ ព្រះពិស្ណុការ ក៏បានស្ដាយានជំនិះនោះឡើង ប៉ុន្ដែឥតបានកើបយកសំបកខ្យងទេ។ អាស្រ័យហេតុ នេះហើយ បានជាសព្វថ្ងៃនេះ គេឃើញមានសំបក ខ្យងជាច្រើនគំនរ កប់នៅភូមិសំរោងសែន ចាប់តាំងពីច្រើនឆ្នាំណាស់មកហើយ អ្នក ស្រុកក្នុងភូមិនោះតែងបបួលគ្នា រើសសំបកខ្យងនោះ មកដុតធ្វើជាកំបោរ ប៉ុន្ដែសំបកខ្យងនៅតែមានចំនួនជាច្រើនក្រៃលែងរហូតមកដល់ សព្វថ្ងៃនេះ
ថ្ងៃក្រោយទៀត ព្រះពិស្ណុការក៏ធ្វើដំណើរទៅកាន់សមុទ្រ ដើម្បីរើសសំបកខ្យងទៀត។ ប៉ុន្ដែម្ដងនេះ មានទូកសំពៅច្រើនណាស់ ហើយបាន សំបកខ្យងជាច្រើនក្រៃលែង។ បន្ទាប់មកទៀត ព្រះពិស្ណុការក៏ចេញសំពៅបី ដើម្បីទៅរកគ្រាប់ល្ង ប៉ុន្ដែលុះត្រលប់មកមានខ្យល់ព្យុះបោក បក់សំពៅមួយលិចនៅត្រង់កោះកំញាន ខាងលិចដូនទ្រី។ ព្រះពិស្ណុការ ក៏ចាក់គ្រាប់ល្ងក្នុងសំពៅនោះចោលទាំងអស់ រួចក៏ធ្វើគ្រាប់ល្ងនោះឲ្យ រឹងក្លាយទៅជាកោះមួយ ហេតុនេះហើ យបានជាសព្វថ្ងៃនេះ គេសង្កេតឃើញក្នុងកោះកំញាន មានពណ៌ខ្មៅដូចជាគ្រប់ល្ង គ្មានដីអ្វីទៀតនៅ លាយជាមួយឡើយ។
ចំណែកគ្រាប់ល្ងនៅក្នុងសំពៅពីរទៀត ព្រះពិស្ណុការក៏យកទៅលាយបូកពីលើប្រាសាទដី ដែលលោកសង់នោះ។ ដីនោះ ក៏បានក្លាយទៅជាថ្ម មួយរំពេច។ ការសង់ប្រាសាទ ព្រះពិស្ណុការឥតចាំបាច់ចងរន្ទា ដាំសសរម្ដងមួយៗ ដូចយើងទេគឺ គឺលោកយកដីមកសង់ជាប្រាសាទ៥ជាន់តែ ម្ដងទើបយកទឹកថ្នាំលាយទៅលាបពីលើតួប្រាសាទដីទាំងមូល។ ប្រាសាទនោះក្លាយទៅជាថ្ម។ អាស្រ័យហេតុនេះហើយ បានជាយើងឃើញ ត្រង់វង់កោងនៃដំបូលប្រាសាទ ឥតមានរនូត ឬសសរ ទ្រពីក្រោមទេ។ លុះស្ថាបនាបានជាស្រេចកាលណា ព្រះពិស្ណុការក៏លាបថ្នាំលើរូប ចំលាក់ទាំងអស់នោះ តំរូវទៅតាមពណ៌ផ្សេងៗ ធ្វើឲ្យប្រាសាទមានលំអយ៉ាងត្រចះត្រចង់ គឺល្អដូចក្រោលគោព្រះឥន្រ្ទ។
ព្រះកេតុមាលាពេញចិត្ដនឹងប្រាសាទនោះណាល់បានពោលសរសើរព្រះពិស្ណុការជាច្រើន។ ហើយបានសុំឲ្យព្រះពិស្ណុការសង់ប្រាសាទឯទៀត ជាច្រើនតាមដោយមានរូបចំលាក់យ៉ាងឆើតឆាយ។ ព្រះឥន្រ្ទាធិរាជដោយមានពួកទេវតាជាច្រើនតាមដង្ហែផង បានយាងចុះមកឋានក្រោម ប្រសិទ្ធិពរអភិសេកព្រះរាជបុត្រព្រះអង្គ ហើយព្រះ អង្គក៏ថ្វាយព្រះនាមថា អរិដ្ឋពលពាហនោ (ព្រះកេតុមាលា) រួចទ្រង់ហៅប្រទេសខ្មែរយើងថាកំពុ ជា ដូចសព្វថ្ងៃ។
ពេលក្រោយមក ពេលក្រោយមក ព្រះកេតុមាលាទ្រង់បានសង្កេតឃើញ កំពូលប្រាសាទមួយពុំសូវត្រង់ ទ្រង់ក៏មានព្រះបន្ទូលប្រាប់ព្រះ ពិស្ណុការ ឲ្យឡើងតំរង់កំពូលនោះ។ ព្រះពិស្ណុការបានឆ្លើយថា «សូមព្រះអង្គទ្រង់ប្រើតែស្រីម្នាក់ឲ្យយក ផ្លែឃ្លោកទៅវាយកំពូលនោះ ៗនឹង ងើបត្រង់ឡើងវិញហើយ»។ ទ្រង់ព្រះសន្ដាប់ដូច្នោះ ព្រះកេតុមាលាទ្រង់ព្រះពិរោធ យ៉ាងខ្លាំង ព្រះអង្គទ្រង់បានបញ្ចេញនូវព្រះយ៉មសូវយ៉ាង ខ្លាំងៗថា «ម៉េចក៏និយាយដូច្នេះ កំពូលប្រាសាទធ្វើសុទ្ធតែអំពីថ្ម ម៉េចក៏ឯងប្រាប់ថាឲ្យស្រ្ដីយកផ្លែឃ្លោកទុំទៅវាយតំរង់»។ ចំណែកព្រះពិស្ណុការ ក៏ខឹងនឹងព្រះរាជាដែរ តែដោយគោរពព្រះចេស្ដារ លោកក៏ប្រើស្រ្ដីម្នាក់ឲ្យយកផ្លែឃ្លោកទុំទៅគោះកំពូលប្រាសាទ កំពូលប្រាសាទនោះបានត្រង់ ឡើងវិញ។ ក្រោយពីនោះបន្ដិចមកទៀត ព្រះកេតុមាលាទ្រង់បានប្រគល់ដែកទំងន់៣ហាប ដើម្បីឲ្យព្រះពិស្ណុការធ្វើ ព្រះខ័នមួយ ជានិមត្ដរូបនៃ តេជានុភាពព្រះអង្គថ្វាយព្រះអង្គ ព្រះពិស្ណុការបានយកដែកទៅស្លរំលាយនៅសល់ល្មមតែ ធ្វើព្រះខ័នតូចមួយ មានមុខស្ដើងជាងមុខស្រូវទៅ ទៀត ហើយមុតក្រៃលែង គឺថា បើគេយកព្រះខ័ននេះទៅកាប់ខ្លួនមនុស្សម្នាក់ជាពីរកំណាត់ គេពុំអាចមើលឃើញដឹងខ្លួនមនុស្សដាច់ឡើយ គេស្មានថាកាប់ឥតត្រូវខ្លួន ហើយមនុស្សនៅ និយាយដូចដើម លុះត្រាតែគេយកដៃទៅច្រាន ទើបឃើញខ្លួនមនុស្សនោះដាច់ធ្លាក់ជាពីរ កំណាត់ភ្លាម ម្យ៉ាងទៀតបើ គេយកពាងមួយធ្វើអំពីដីមានដាក់ទឹកពេញ ហើយគេអាចកាប់ពាងនោះ ឲ្យដាច់ជាពីរកំនាត់មិនឲ្យទឹកក្នុងពាង នោះហូរចេញបាន លុះត្រាតែគេយកដៃទៅច្រានពាងនោះទើបពាងនោះបែកដាច់ជាពីរ ហើយទឹកក៏កំពប់ចេញ។
ព្រះពិស្ណុការបានយកព្រះខ័ន ដែលទើបនឹងធ្វើហើយនោះទៅលត់ទឹកយ៉ាងត្រឹមត្រូវរួចយកទៅថ្វាយព្រះកេតុមាលា។ ព្រះកេតុមាលាទើប ទ្រង់ទតឃើញទំហំព្រះខ័នភ្លាម ទ្រង់ក៏ក្រោធខឹងក្រៃលែង ព្រមទាំងទ្រង់បានបន្ទោសព្រះពិសនុការយ៉ាងគំរោះគំរើយ នៅចំពោះមុខនាម៉ឺន មន្រ្ដីទាំងអស់ថា «អ្នកឯងលួចដែកយើងយកទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួន បានជាដែកបីហាបធ្វើព្រះខ័នឲ្យយើងបានតែមួយតូចប៉ុណ្ណេះ»។ ព្រះពិស្ណុការខឹងច្រលោតតូងតាងដែរ ហើយឆ្លើ យថា «ខ្ញុំលែងនៅប្រទេសកម្ពុជាទៀតហើយ ខ្ញុំនឹងត្រលប់ទៅនៅប្រទេសចិនឯណោះវិញ» ថាហើយព្រះពិស្ណុការ ក៏ក្រោកដើរចេញ ដោយអូសមុខព្រះខ័នលើក្ដារ។ លុះព្រះពិស្ណុការបានចេញផុតទៅ គេសង្កេតឃើញក្ដារដាច់ជាពីរ ដោយអំណាចមុខព្រះខ័ន ដែលព្រះពិស្ណុការបានអូសពីលើ។ ព្រះកេតុមាលាបានទតឃើញដូច្នោះ ក៏ត្រាស់បង្គាប់អោយគេតាមស្រែកហៅ ព្រះពិស្ណុការ ទារយកព្រះខ័នថ្វាយព្រះអង្គវិញ។ ប៉ុន្ដែព្រះពិស្ណុការប្រកែកពុំព្រមឲ្យហើយ គ្រវែងចោលទៅកណ្ដាលទន្លេសាប រួចក៏ចុះសំពៅ បើកក្ដោងសំដៅទៅស្រុកចិនដែលជាស្រុកកំនើតរបស់គាត់ទៅ។
នេះហើយរឿងពិស្ណុការដែលមនុស្សភាគតិចណាស់បានដឹង ហើយដោយសារតែមានរឿងព្រេងនេះ បានជាអ្នកស្រុក គេជឿ គេយល់ថា ប្រាសាទអង្គជាស្នាដៃទេវតាសាង។

បញ្ចេញយោបល់