នាព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៦នេះ នៅភូមិដូង សង្កាត់ស្ពានថ្ម ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន១០៦គ្រួសារ មកពីសង្កាត់ព្រៃស សង្កាត់ព្រៃវែង និងនៅសង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នាឱកាសនោះ លោកស្រីអនុប្រធានកិត្តិយសសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល (ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។ លោកស្រី ក៏បានសំណូមពរសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ ពិសារទឹកដាំពុះ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ទឹកក្រូច៤កំប៉ុង ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ម្សៅសាប៊ូ១កញ្ចប់ តែ១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ៕