នាព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារសាខា បានធ្វើដំណើរមកភូមិវាលថ្លាន់ សង្កាត់គងនយ ដើម្បីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន១៣៦គ្រួសារទៀត មកពីសង្កាត់ទៀន សង្កាត់រលួស និងនៅសង្កាត់គងនយ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកនូវការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវអនុប្រធានកិត្តិយសសាខា ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ ពិសារទឹកដាំពុះ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ទឹកក្រូច៤កំប៉ុង ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ម្សៅសាប៊ូ១កញ្ចប់ តែ១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល ៕