រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ទុកថា នៅឆ្នាំ២០២០ខាងមុខនេះ ភ្ញៀវទេសចរចិននឹងចូលមកកម្ពុជា ក្នុងកំណើនរហូតដល់២លាននាក់ ខណៈដែលក្រុមហ៊ុនធំៗរបស់ចិន ក៏កំពុងចាប់អារម្មណ៍មកបណ្តាក់ទុនរកស៊ីខាងវិស័យទេសចរណ៍នៅកម្ពុជា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងកាលពីពេលថ្មីៗនេះថា តាមរយៈនៃការចុះ MOU ជាមួយក្រុមហ៊ុន Shanghai Spring International Travel Service ដែលជាក្រុមហ៊ុនដ៏ធំរបស់ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍នោះលោករំពឹងថា ឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ២លាននាក់ ។
លោក ថោង ខុន បានថ្លែងថា ក្រុមហ៊ុន Shanghai Spring International Travel Service បានចុះ MOU រួចហើយជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការហោះហើរពីតំបន់ផ្សេងៗ បន្ថែមទៀតនៃប្រទេសចិនមកកម្ពុជា ។ ក្រុមហ៊ុននេះ នឹងបង្កើនការបណ្តុះបណ្តាលមគ្គុទេសទេសចរណ៍ការផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅតាមតំបន់គោលដៅសំខាន់ៗរបស់កម្ពុជា៕