នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ដដែលនេះ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យ សាលាបឋមសិក្សាគោកលុន រួចហើយ លោកនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅ សាលាបឋមសិក្សា ហ៊ុន សែន ឈ្នួរមានជ័យ ស្ថិតក្នុងភូមិ ឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ លោកនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូននូវ អគារសិក្សា១ខ្នង កំពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ទីចាត់ការ១ខ្នង ស្មើនឹង៣បន្ទប់ ផ្ទះគ្រូ១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់។
លោក ហ៊ុន សែន និងភរិយា មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ លោកនាយករដ្ឋមន្រ្តី បានសំណូមពរឱ្យក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង៕