បញ្ហាប្រឈមចំនួនប្រាំសំរាប់ចិន និងអាស៊ាន ខណៈពេលដែលតំបន់នេះ ប្រឈមនឹងការធ្វើឲ្យមានតុល្យភាពអំណាចឡើងវិញ

ថ្ងៃព្រហស្បតិ៍ ទី ២៩ មិថុនា ២០១៧​
150

ឆ្នាំនេះគឺជាខួបទី ៥០ ឆ្នាំរបស់អាស៊ាន។ អាស៊ាន ដែលមានផ្ទៃដីសរុបចំនួន ៤,៤៦ លាន គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបជិត ៦០០ លាននាក់ បានធ្វើដំណើរដ៏វែងឆ្ងាយនៅក្នុងសហ ប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងតំបន់ ដោយក្លាយជាយន្តការសហប្រតិបត្តិការដ៏សំខាន់ មួយនៅអាស៊ីអាគ្នេយ៍។

ចិនផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន និងចាត់ទុក អាស៊ានជាអាទិភាពនៅក្នុងរបៀបវារៈការទូតរបស់ខ្លួន។

ក្នុងឆ្នាំ ២០០៣ ចិនបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តដើម្បីសន្តិភាព និងវិបុលភាព (Strategic Partnership for Peace and Prosperity) ជាមួយអាស៊ាន និងក្លាយជាប្រទេសទីមួយនៅក្រៅអាស៊ីអាគ្នេយ៍ដែលបានចូលរួមក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ តំបន់ពាណិជ្ជកម្មសេរីរវាងចិន និងអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០។

ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរបានកើនដល់ ៤៧២,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដោយបានកើនឡើង ៦០ ដង បើប្រៀបធៀបជាមួយឆ្នាំ ១៩៩១ ដែលមានចំនួន ៧,៩៦ ពាន់លានដុល្លារ។ វិនិយោគទ្វេទិសសរុបចំនួន ១៥៦,៤ ពាន់លានដុល្លារ ដោយបានកើនឡើង ៣០០ ដងពីឆ្នាំ ១៩៩១។ នាយករដ្ឋមន្រ្តីចិន Li Keqiang ធ្លាប់បានចាត់ទុកសម័យកាលបច្ចុប្បន្នថាជាទសវត្សរ៍ត្បូងពេជ្រមួយនៅក្នុងទំនាក់ទំនងរវាងចិន និងអាស៊ាន។

ក៏ប៉ុន្តែ ដោយមានការផ្លាស់ប្តូរស្ថានភាពតំបន់ និងសកលលោក បញ្ហាប្រឈមខាងក្រោមដែលអាចប៉ះពាល់ទំនាក់ទំនងរវាងចិន និងអាស៊ាននៅក្នុងអនាគតដ៏ខ្លីខាងមុខកំពុងចាប់ផ្តើមលេចរូបរាងឡើង។

បញ្ហាប្រឈមទីមួយគឺភាពមិនច្បាស់លាស់កើតឡើងពីការកែសម្រួលឡើងវិញនូវសណ្តាប់ធ្នាប់តំបន់ និងសកលលោក។ ដោយមានការធ្លាក់ចុះនៃអំណាចជាតិរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃអំណាចថ្មី ស្ថានភាពនៅអាស៊ីអាគ្នេយ៍ និងពិភពលោកកំពុងជួបនូវការកែសម្រួល និងការផ្លាស់ប្តូរយ៉ាងខ្លាំង។

ការបោះឆ្នោតលោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ “ដ៏ខ្មៅងងឹត” ពីរធំៗនៅក្នុងនយោបាយអន្តរជាតិ ដោយធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសណ្តាប់ធ្នាប់បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍។

លោក Trump បានលុបចោលយុទ្ធសាស្រ្តធ្វើឲ្យមានតុល្យភាពឡើងវិញនៅអាស៊ីប៉ាស៊ីភិច​របស់រដ្ឋបាលលោក Obama និងបានប្រកាសដកខ្លួនពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ។ រដ្ឋបាលលោក Trump រហូតមកដល់ពេលនេះមិនបានធ្វើសេចក្តីថ្លែងការណ៍ ឬការប្រកាសណាមួយស្តីពីគោលនយោបាយរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ឡើយ។ ភាពមិនច្បាស់លាស់នេះ ដែលបង្កឡើងដោយការកែសម្រួលឡើងវិញនូវសណ្តាប់ធ្នាប់តំបន់បានធ្វើឲ្យប្រទេសនៅក្នុងអាស៊ានមានការប្រយ័ត្នប្រយែងកាន់តែខ្លាំងនៅក្នុងសកម្មភាពការទូតរបស់ខ្លួន។

បញ្ហាប្រឈមទីពីរគឺការឃ្លាតឆ្ងាយខាងផ្លូវចិត្តរបស់ប្រទេសអាស៊ានពីចិន។ ប្រទេសអា ស៊ានទទួលរងឥទ្ធិពលដ៏ជ្រាលជ្រៅពីប្រវត្តិសាស្រ្ត វប្បធម៌ និងគុណតម្លៃប្រពៃណីរបស់ចិន។ ចិនកំពុងធ្វើដំណើរឆ្ពោះទៅចំណុចកណ្តាលនៃឆាករបស់ពិភពលោក ដោយឥទ្ធិពលនយោ  បាយ និងសេដ្ឋកិច្ចរបស់ខ្លួននៅអាស៊ានកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការមិនស៊ីសង្វាក់គ្នារវាងចិន និងប្រទេសអាស៊ានបាននាំឲ្យមានការខ្វែងគំនិតគ្នាលើផលប្រយោជន៍ និងការយល់ឃើញលើបញ្ហាជាច្រើននៅក្នុងតំបន់ ដែលធ្វើឲ្យមានភាពស្មុគស្មាញ មួយចំនួននៅក្នុងប្រទេសទាំងនេះ។

ប្រទេសអាស៊ាន ត្បិតថាកំពុងទទួលផលប្រយោជន៍ពីចិន ក៏កំពុងព្រួយបារម្ភថាប្រទេស ចិនដ៏ខ្លាំងមួយនឹងធ្វើអ្វីចំពោះខ្លួន។ អាស៊ានបានប្រកាន់យកយុទ្ធសាស្រ្តមួយដើម្បីធ្វើឲ្យមានតុល្យភាពចំពោះឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើង។ ចំណុចនេះបាននាំឲ្យមានស្ថានភាព មួយដែលមានការពឹងផ្អែកសេដ្ឋកិច្ចលើចិន និងការសន្យាផ្តល់សន្តិសុខពីសហរដ្ឋអាមេរិក។

បញ្ហាប្រឈមទីបីគឺយុទ្ធសាស្រ្តបំបែកបំបាក់របស់អំណាចនៅក្រៅអាស៊ីអាគ្នេយ៍។ អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលទទួលការយកចិត្តទុកដាក់នៅក្នុងនយោបាយអន្តរជាតិក្រោយ សង្រ្គាមលោកលើកទីពីរ។ ប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌាមានការ ព្រួយបារម្ភខ្លាំងអំពីការងើបឡើងរបស់ចិន និងឥទ្ធិពលកើនឡើងរបស់ខ្លួននៅក្នុងតំបន់។ ប្រទេសទាំងនេះបានធ្វើសកម្មភាពការទូតដ៏សកម្មនៅក្នុងតំបន់ ដោយព្យាយាមបំបែកបំបាក់ ចិន និងប្រទេសអាស៊ាន។

បញ្ហាប្រឈមទីបួនគឺជម្លោះទឹកដី។ បញ្ហាជម្លោះទឹកដីអាចចាត់ទុកបានថាជាឧបសគ្គមួយដ៏សំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាស៊ាន។ ចិនមានជម្លោះទឹកដីជាមួយហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី។ ជាអកុសល ជម្លោះទឹកដីគឺជាបញ្ហាប្រវត្តិសាស្រ្ត និងពាក់ព័ន្ធជាមួយបញ្ហាជាតិនិយម និងភាពស្របច្បាប់របស់រដ្ឋាភិបាល ដែលមិនអាចនាំឲ្យមានការធ្វើសម្បទានណាមួយលើបញ្ហាទឹកដីនេះបានឡើយ។

បញ្ហាប្រឈមទីប្រាំគឺភាពចម្រុះគ្នារបស់ប្រទេសអាស៊ាន។ យោងតាមស្ថិតិ មានជាតិសាសន៍ និងកុលសម្ព័ន្ធប្រមាណជាង ៤០០ នៅក្នុងប្រទេសអាស៊ាន។ តំបន់អាស៊ានត្រូវបាន ចាត់ទុកថាជាតំបន់ដែលមានភាពចម្រុះច្រើនជាងគេខាងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៅ លើពិភពលោកនៅពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ននេះ ប្រទេសអាស៊ានជាច្រើនកំពុងនៅក្នុងដំណាក់កាលអន្តរកាលខាងសេដ្ឋកិច្ច និង ការរៀបចំរចនាសម្ព័ន្ធនយោបាយឡើងវិញ ហើយប្រឈមមុខនឹងអតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងបញ្ហាប្រឈមខាងសន្តិសុខដែលមិនមែនជាប្រពៃណីដូចជា ភេវរកម្ម ជម្ងឺផ្តាសសាយបក្សី និងឧក្រិដ្ឋកម្មឆ្លងដែន។ ជាមួយគ្នានេះ ជម្លោះទឹកដីក៏កើតមានផងដែររវាងប្រទេសអាស៊ានមួយចំនួន។

ដោយការបោះជំហានលឿនៗក្នុងការធ្វើសមាហរណកម្មអាស៊ាន ការខ្វែងគំនិតគ្នានៅ ក្នុងចំណោមប្រទេសអាស៊ាននឹងលេចចេញឡើងកាន់តែច្បាស់ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមប្រទេសអាស៊ានមានភាពស្មុគស្មាញកាន់តែច្រើន ដែលនាំឲ្យមានការលំបាក កាន់តែច្រើននៅក្នុងការរៀបចំបង្កើតគោលនយោបាយការបរទេសរបស់អាស៊ានមួយដែលមានលក្ខណៈស៊ីសង្វាក់គ្នា៕

ប្រភព : Global Times ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧

ចែករំលែក

បញ្ចេញយោបល់