ក្រុមហ៊ុន អាកាស​ចរណ៍​វៀតណាម និង Vietjet Air ចាប់​ផ្ដើម​ហោះ​ហើរ​សាក​ល្បង​ជើង​ហោះ​ហើរ​ត្រង់ ហាណូយ-ហូជីមិញ ឆ្លង​ដែន​អាកាស​កម្ពុជា និងឡាវ

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
162

ក្រុមហ៊ុន អាកាសចរណ៍វៀតណាម និង Vietjet Air បានជួលកាប៊ីនហោះហើរសិប្បនិមិត្ត (Simulator – SIM) ពីប្រទេសថៃដើម្បីប្រើសម្រាប់ហោះហើរសាកល្បងជើងហោះហើរត្រង់ ហាណូយ – ហូជីមិញ ដោយឆ្លងដែនអាកាសកម្ពុជា និងឡាវ និងកម្មវិធីកុំព្យូទ័រ JetPlanner ក្នុងការជំនួយបង្កើតផែនការជើងហោះហើរ សម្រាប់យន្តហោះដូចជា Airbus 320 and Boeing 777 ជាដើម។
សារព័ត៌មាន Vietnam Net ចុះផ្សាយថា ការហោះហើរសាកល្បងបានចាប់ផ្ដើម កាលពីថ្ងៃទី២៦ សីហា នឹងត្រូវបញ្ចប់នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ចំណែកអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានឲ្យដឹងថា កម្រិតនៃការប្រើកាប៊ីនហោះហើរសិប្បនិមិត្ត និងកម្មវិធី JetPlanner មានសុក្រឹតភាពរហូតដល់ ៩៩% ហើយស្ថាប័នមួយនេះបានសំណូមពរឲ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលទាំង២ ធ្វើផែនការហោះហើរបន្ថែមទៀត ដោយប្រើប្រព័ន្ធនេះ មុននឹងផ្ញើជូនលទ្ធផលមកឲ្យខ្លួនវិញ។

ការហោះហើរត្រង់នេះត្រូវបានចាត់ទុកថា ជាជើងហោះហើរមាស ដោយសារការកាត់បន្ថយការចំណាយ អាចសន្សំការចំណាយរហូតដល់ ៣០០លានដុល្លារក្នុង១ឆ្នាំប្រេងឥន្ធនៈអាចសន្សំបាន ៥.០០០លីត្រក្នុង១ជើងនៃការហោះហើរ នេះបើតាមការលើកឡើងរបស់អតីតអ្នកបើកយន្តហោះ ។
ក្រសួងដឹកជញ្ជូនវៀតណាម នឹងត្រូវឆ្លងការអនុម័តពីនាយករដ្ឋមន្ត្រីរបស់ខ្លួនរួមហ្នឹងការ សុំការយល់ព្រមពីស្ថាប័នពាក់ព័ន្ធរួមមានក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងហិរញ្ញវត្ថុ និងកិច្ចសហការរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា និងឡាវផងដែរ រួមទាំងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិកទៀតផង។

មូលហេតុនៃការជួលកាប៊ីនហោះហើរ សិប្បនិមិត្តពីប្រទេសថៃ ត្រូវបានសារព័ត៌មានពលកម្ម វៀតណាមចុះផ្សាយថា ថៃជាកន្លែងផ្ដល់សេវាបង្វឹកការហោះហើរយ៉ាងច្រើនដល់ក្រុមហ៊ុន អាកាសចរណ៍ស៊ីវិលក្នុងតំបន់ ចំណែកខ្លួនមានតែកាប៊ីនហោះហើរសិប្បនិមិត្តសម្រាប់តែប្រភេទយន្តហោះ Airbus A320/A321 របស់ Vietnam Airlines តែប៉ុណ្ណោះ៕

ប្រភព៖ Vn Economy

 

 

ចែករំលែក

បញ្ចេញយោបល់